ដោយទឹកចិត្តស្រឡាញ់សិល្បៈខ្មែរ ថាច់ធីរី (ធារី) នៅភូមិបៀងដុងB ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ បានស្វះស្វែងរៀនសូត្រ ផ្នែកសិល្បៈនៅខេត្តនានា ដែលមានក្រុមសិល្បៈខ្មែរ។ ពេលក្រេបជញ្ជក់បានចំណេះដឹង ធារីក៏វិលមកស្រុកជួយបង្ហាត់បង្រៀនដល់កូនចៅជនរួមជាតិខ្មែរ។
ធារី ឧទ្ទេសនាមពីឧបករណ៍រាំរបាំ។
ឆ្នាំ ២០១៣ ធារីបង្កើតក្រុមរបាំដោយមានសមាជិក ២០ នាក់ នាងបង្ហាត់របាំដើម្បីសម្តែងបម្រើភ្ញៀវទេសចរមកទស្សនាវត្តគម្ភីរសាគរព្រែកជ្រៅ។ ធារី បានឱ្យដឹង៖ “ពេលបានព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅអញ្ជើញឱ្យមកជួយបង្ហាត់របាំក្នុងវត្ត នាងខ្ញុំសប្បាយចិត្តណាស់ ពីព្រោះមានឱកាសបង្រៀនរបាំដល់ប្អូនៗ។ សមាជិកក្រុមរបាំ សុទ្ធតែជាកូនអ្នកកសិករ ម៉្លោះហើយនាងខ្ញុំបង្ហាត់ចាប់ពីម៉ោង ៥ ដល់ម៉ោង ៧ យប់។ អាស្រ័យប្អូនៗមាន”ទេពកោសល្យស្រាប់” ម្ល៉ោះហើយរៀនឆាប់ចេះ ដូចជា៖ របាំអប្សរា របាំជូនពរ របាំទេពមនោរម្យជាដើម”។
ក្រុមរបាំរបស់ធាវី នៅវត្តគម្ភីរសាគរព្រែកជ្រៅ។
ដើម្បីក្លាយជា“គ្រូ”ហាត់របាំស្រុកស្រែ ធារី បានស្វះស្វែងរៀនសូត្រនៅគ្រប់ខេត្តដែលមានក្រុមសិល្បៈខ្មែរ។ ឃើញធារី មានទេពកោសល្យច្រៀង រាំ ទើបឃុំវិញត្រាច់ដុង បញ្ជូនទៅបណ្តុះបណ្តាលនៅក្រុមសិល្បៈចម្រុះខេត្តបាកលីវ។ ចប់វគ្គសិក្សា ធារីក៏បានក្រុមសិល្បៈចម្រុះជម្រើសចូលបំពេញការងារ ពេលទៅចូលរួមប្រឡងនៅមហោស្រព សិល្បៈថ្នាក់តំបន់និងទូទាំងប្រទេស ក៏ទទួលបានរង្វាន់ខ្ពស់ៗជាច្រើន។ ផ្តើមពីនោះ ទឹកដមសំនៀងរបស់ធារីត្រូវបានអ្នកជំនាញក្នុងមជ្ឈដ្ឋានសិល្បៈដឹងស្គាល់ ក៏អញ្ជើញចូលរួមសម្តែង ក្នុងនោះ មានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង គៀងយ៉ាងនិងខេត្តកាម៉ាវ។ ឆ្នាំ ២០០៧ ក្រុមសិល្បៈខ្មែរត្រេវអាង អញ្ជើញធារីចូលក្រុមសម្តែងជាតួឯក។ ធារី ឱ្យដឹង៖ “ទោះបីនាងខ្ញុំបានចូលរួមសម្តែងនៅក្រុមសិល្បៈជាច្រើន ប៉ុន្តែសំខាន់គឺច្រៀងនិងរាំ។ នាងខ្ញុំមានសំណាងពេលចូលក្រុមសិល្បៈត្រេវអាង បានសិល្បករឆ្នើមៗរបស់ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ បង្ហាត់របាំប្រពៃណី ច្រៀងនិងកាយវិការសម្តែងល្ខោនបាសាក់។ ដោយការស្រឡាញ់ពេញចិត្ត ទើបនាងខ្ញុំទទួលយកបានចំណេះឆាប់រហ័ស”។ ចាប់ពីឆ្នាំ ២០១៣ ធារីបង្ហាត់របាំដល់ក្រុមរបាំវត្តគម្ភីរសាគរព្រែកជ្រៅ បង្ហាត់សិស្សបឋមសិក្សាច្រៀងរាំ ដើម្បីថតកម្មវិធីនាទីកុមារ ភាសាខ្មែរនៅនាយកដ្ឋានទូរទស្សន៍ VTV5 តីណាមបូ។ល។
ព្រះតេជព្រះគុណយឿងវឹង ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ មានថេរដីកា៖ “ធារីបង្ហាត់របាំដល់កូនចៅមាមីងខ្មែរដោយឥតគិតថ្លៃ។ ហេតុនេះ វត្តមានក្រុមរបាំសម្រាប់សម្តែងជូនភ្ញៀវទេសចរទស្សនាកម្សាន្ត និងសម្ដែងក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗ សំដៅរួមចំណែកព្រួតដៃអភិរក្សសិល្បៈ ប្រពៃណីខ្មែរ”៕
លីធាន-មុនី