ឆ្នាំនេះ មាមីងខ្មែរនៅភូមិត្រឿង-ថ ឃុំត្រឿងខាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង អំណរបុណ្យសែនដូនតា ពោរពេញដោយក្តីសប្បាយរីករាយ ពីព្រោះភូមិត្រឿង-ថ ទើបបានទទួលស្គាល់ជាភូមិជនបទថ្មីគំរូ។
ផ្លូវជនបទភូមិត្រឿង-ថ ឃុំខាញ់ត្រឿង ត្រូវបានវិនិយោគកសាងរឹងមាំ។
ភូមិត្រឿង-ថមានគ្រួសារខ្មែរជិត ១០០% ។ មុនពេលផ្សព្វផ្សាយកម្មវិធីទិសដៅជាតិស្តីពីកសាងជនបទថ្មី ភូមិមានគ្រួសារក្រីក្រជាង ៦០% ។ តាំងពីអនុវត្តកម្មវិធី ១៣៥ ត្រូវបានវិនិយោគ និងកម្មវិធីកសាងជនបទថ្មី ឃើញថា តំបន់ជនបទ ត្រឿង-ថ បានផ្លាស់ថ្មី។ បងស្រីសើុងធីចៀង លេខាសាខាបក្សភូមិ ឱ្យដឹង៖ “មាមីងខ្មែរក្នុងភូមិរស់នៅសាមគ្គី ខិតខំធ្វើការរកស៊ីនិងគោរពតាមបទបញ្ញត្តិច្បាប់។ អាស្រ័យហេតុនោះ មាមីងស្ម័គ្រចិត្តបរិច្ចាគដី ដំណាំរួមផ្សំ កសាងផ្លូវគមនាគមន៍ជនបទ។ ដោយមានស្មារតីភ្ញាក់រលឹកខ្ពស់ នៅពេលបានរដ្ឋឧបត្ថម្ភបុលដើមទុនសង់លំនៅឋាន ពូជដំណាំ សត្វចិញ្ចឹម។ល។ មាមីងខ្នះខ្នែងធ្វើការងាររកស៊ី រកបានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយ អត្រាគ្រួសារក្រីក្រក្នុងភូមិនៅតែ ៣% ប៉ុណ្ណោះ”។
នៅតាមដងផ្លូវត្រឿង-ថ ផ្ទះសម្បែងរបស់មាមីងជនរួមជាតិខ្មែរសង់យ៉ាងសមរម្យ ផ្ការីកស្គុសស្គាយ មុខផ្ទះ ដើម្បីអំណរបុណ្យសែនដូនតា។ លោកយាយ លៀងធីញ៉ុង ឱ្យដឹង៖ “ខ្ញុំមានអាយុ ៨០ ឆ្នាំហើយ ឃើញមាមីងសាមគ្គី កសាងភូមិស្រុក កាន់តែសម្បូរសប្បាយ កូនចៅមានការងារធ្វើ រកបានប្រាក់ចំណូល ផ្ទះសម្បែងសមរម្យ ខ្ញុំត្រេកអរណាស់។ ជីវភាពធូរធារ អ្នកណាក៏រៀបចំតុបតែងផ្ទះសម្បែងស្អាតបាត ដើម្បីរៀបបាយស្ពក សែនជីដូនជីតាក្នុងឱកាសបុណ្យសែនដូនតា។ ពីផ្ទះខ្ញុំទៅវត្ត ធ្វើដំណើរដោយយានជំនិះប្រហែល ១០ នាទីនឹងទៅដល់មិនបាច់ធ្វើដំណើររាប់ម៉ោងដូចពីដើមទេ”។ បងយ័ញថាយតុង ឱ្យដឹង៖ “រដ្ឋបានជំនួយដើមទុននិងគោ ម្ល៉ោះហើយខ្ញុំមានឱកាសបង្កើតការងាររកស៊ី។ រាល់ថ្ងៃប្រពន្ធខ្ញុំទៅបកបង្គានៅក្រុមហ៊ុន ខ្ញុំនៅផ្ទះដាំដំណាំរួមផ្សំ ចិញ្ចឹមគោនិងធ្វើការឈ្នួលនៅក្នុងភូមិ រកបានប្រាក់ចំណូលជាប្រចាំ ម្ល៉ោះហើយខ្ញុំចុះឈ្មោះចាកផុតពីភាពក្រីក្រ។ ខ្ញុំទើបសង់បានផ្ទះថ្មីដើម្បីអំណរបុណ្យសែនដូនតា”។
លោកថាច់វ៉ូវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងខាញ់ ឱ្យដឹង៖ “ជោគជ័យធំបំផុតក្នុងការកសាងជនបទថ្មីគំរូនៅភូមិត្រឿង-ថ នោះគឺមាមីងខ្មែរសាមគ្គី មានការយល់ដឹងនិងអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ មកទល់ពេលនេះ តាមដងផ្លូវធំៗក្នុងភូមិត្រឿង-ថ ផ្លូវទាំង ១០០% ត្រូវបានក្រាលបេតុងនិងដាំផ្កា មានអំពូលភ្លើងបំភ្លឺផ្លូវតាមលក្ខឋានជនបទថ្មី។ ដើម្បីមាមីងខ្មែរអំណរបុណ្យសែនដូនតា ប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនា”៕
យ្វីអាញ់-លីសៀ