មានដីបង្កបង្កើនផល រួមជាមួយនឹងចរិតឧស្សាហ៍ព្យាយាមពលកម្មផលិត ចាយវាយប្រិតសំចៃ ទើបប្ដីប្រពន្ធបងស្រីលីធីង៉ុកហឿង និងបងសើុងង៉ុកឡើយ នៅភូមិត្រាអឹង២ ឃុំធ្វឹងហឹង ស្រុកមីទូ ខេត្តសុកត្រាំង ក្លាយជាគ្រួសារអ្នកមាននៅភូមិភាគ។ បច្ចុប្បន្នប្រាក់ចំណូលមធ្យមភាគរបស់គ្រួសារបងស្រី រកបានរាប់រយលានដុងក្នុងមួយឆ្នាំ។
ស្នាមញញឹមរបស់បងស្រីហឿង ពោរពេញដោយសុភមង្គល ពេលទទួលបដិសណ្ឋារភ្ញៀវ។
លោកឡឹមសឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហឹង ឧទ្ទេសនាម៖ “ប្ដីប្រពន្ធបងស្រីង៉ុកហឿង អាយុ៣១ឆ្នាំ សង់បានផ្ទះសម្បែងសមរម្យ មាមីងខ្មែរនៅក្នុងភូមិអ្នកណាក៏ស្ងើចសរសើរប្ដីប្រពន្ធគាត់ដែរ។ វ័យនៅក្មេង ស៊ូទ្រាំនឹងការលំបាក ចេះរបៀបរកស៊ី ទើបឈានឡើងធ្វើមានរហ័ស”។ អង្គុយសំណេះសំណាលជាមួយយើងខ្ញុំក្នុងផ្ទះថ្មីស្រឡាង មានរបស់របរប្រើប្រាស់សព្វគ្រប់ ទើបដឹងថាផ្ទះនេះបានមកពីការខិតខំប្រឹងប្រែងរកស៊ីរបស់ប្ដីប្រពន្ធបងស្រីហឿង។ បងស្រីហឿង រៀបរាប់៖ សង់ផ្ទះចេញនៅដោយឡែក បានឳពុកម្ដាយសងខាងចែកដីស្រែឱ្យ៥កុង ប្ដីប្រពន្ធខ្ញុំខិតខំប្រឹងប្រែងធ្វើការរកស៊ី សន្សែសន្សំទិញបានដីស្រែបន្ថែមសម្រាប់បង្កបង្កើនផល។ នៅទីនេះធ្វើស្រែបាន៣រដូវក្នុងមួយឆ្នាំ ម្ល៉ោះហើយពេលលក់ស្រូវ ខ្ញុំសន្សំប្រាក់ទុក អ្នកណាឱ្យជួលដីស្រែគឺយើងជួល បើអ្នកណាលក់គឺយើងទិញ។ ក្នុងការដាំដុះនិង ចិញ្ចឹមសត្វ ខ្ញុំតិចជួលអ្នកធ្វើណាស់ ផលចំណេញដែលបានមកគឺពឹងលើកម្លាំងខ្លួនឯងផ្ទាល់។ ប៉ុន្មានឆ្នាំមកនេះ ប្រាក់សន្សំពីការចិញ្ចឹមគោ ធ្វើស្រែគ្រួសារខ្ញុំទិញបានដីស្រែមួយចំនួនដែរ។ ទន្ទឹមនឹងនោះ បងស្រីហឿង នៅទាំងចិញ្ចឹមគោទឹកដោះដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ សព្វថ្ងៃ បងស្រីហឿងចិញ្ចឹមគោទឹកដោះ១១ក្បាល ក្នុងចំណោមនោះ ៣ក្បាលកំពុងផ្ដល់ទឹកដោះ។ ជាមធ្យមប្រាក់ចំណូលបានមកពីការលក់ទឹកដោះគោក្នុងមួយខែបានជាង៧លានដុង។ ក្រៅពីនោះ បងស្រីហឿងនៅវិនិយោគធ្វើឡឧស្ម័នសម្រាប់ប្រើប្រាស់ដណ្ដាំស្លក្នុងគ្រួសារ ប្រិតសំចៃបានការចំណាយផង នឹងកាត់បន្ថយកខ្វក់បរិស្ថានផង។ បងស្រីហឿង ឲ្យដឹង៖ “រៀងរាល់ថ្ងៃ ប្ដីប្រពន្ធខ្ញុំមានការបែងចែកការងារច្បាស់លាស់។ ខ្ញុំនៅផ្ទះកាត់ស្មៅ ថែទាំគោនិងមើលថែកូន ចំណែកប្ដីខ្ញុំគាត់រ៉ាប់រងការងារស្រែ។ ត្រង់ហ្នឹងហើយ ទើបប្ដីប្រព័ន្ធខ្ញុំសន្សំទិញបានដីស្រែ៥ហិកតា។ ជាពិសេសប្ដីខ្ញុំ គាត់តែងចូលរួមវគ្គហ្វឹកហាត់ពីបច្ចេកទេសដាំដុះ និងចិញ្ចឹមគោទឹកដោះ ទើបមានបទពិសោធន៍ក្នុងការងារនេះ។ អាស្រ័យហេតុនោះ ធ្វើស្រូវទទួលបានទិន្នផលខ្ពស់ ចំណេញច្រើន ចំណែកគោដាក់ឈ្មោលថែទាំ និងយកទឹកដោះ គឺប្ដីប្រពន្ធខ្ញុំធ្វើដោយផ្ទាល់ដៃ ទើបមិនបង់ប្រាក់ចំណាយ។ ប្ដីប្រពន្ធខ្ញុំតែងលើកទឹកចិត្តគ្នា យើងនៅក្មេង នៅមានកម្លាំង គឺខំប្រឹងធ្វើការរកស៊ី ចាយវាយប្រិតសំចៃដើម្បីធ្វើមាននឹងគេ”។
សព្វថ្ងៃ ប្រាក់ចំណូលមធ្យមក្នុងមួយឆ្នាំសម្រាប់គ្រួសារបងស្រីហឿងគឺជាង៦០០លានដុង។ មានផ្ទះសម្បែងសមរម្យនិងប្រាក់ចំណូលលំនឹង គ្រួសារបងស្រីហឿង គឺជាគ្រួសារយុវជនគំរូ ឆ្លងកាត់លំបាកឈានឡើងធ្វើមាននៅភូមិភាគ៕
យ្វីអាញ់-ពេជ្រសឿន