ជាច្រើនឆ្នាំមកនេះ ថ្វីដ្បិតតែរបួសចាស់តែងរើឡើង ប៉ុន្តែយុទ្ធជនឌិញឡី នៅភូមិបឹងធំ ឃុំឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង នៅតែខំប្រឹងជម្នះលំបាក ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ជាមួយនឹងគោលជំហររបស់”កងទ័ពអ៊ំហូ” បងឡី បានជំរុញឲ្យគ្រួសារចាកផុតពីភាពក្រីក្រ និងក្លាយជាយុទ្ធជនពិការគំរូធ្វើសេដ្ឋកិច្ចពូកែ។
បច្ចុប្បន្ន ទម្រង់ចិញ្ចឹមគោ កំពុងបានបងឌិញឡីពង្រីកដោយក្តីសង្ឃឹមនឹងនាំមកប្រាក់ចំណូលគ្រាន់បើសម្រាប់គ្រួសារ។
ឆ្នាំ១៩៨០ បងឌិញឡី ស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីរួមនឹងមិត្តរួមកងជួយរំដោះប្រទេសកម្ពុជា។ ក្នុងដំណាក់កាលប្រតិបត្តិការ បងត្រូវរងរបួសជើងស្តាំ។ ឆ្នាំ១៩៨៣ បងរំសាយពីជួរទ័ពវិលមកផ្ទះ រួចបានរៀបការហើយក៏បានប្រពន្ធលើកទឹកចិត្តនិងដោយគោលជំហរជាកងទ័ពអ៊ំហូ បងជម្នះភាពអៀនខ្មាស់ដើម្បីឈានឡើងក្នុងជីវភាព។ ថ្វីបើដូច្នោះ បងនៅតែប្រឈមនឹងការលំបាកច្រើន ដូច៖ កូនច្រើន គ្មានដីបង្កបង្កើនផល ប្តីប្រពន្ធទៅធ្វើការឈ្នួលខួបឆ្នាំ ដើម្បីគិតគូរជីវភាព។ ម្យ៉ាងទៀត កាន់តែលំបាកខ្លាំងនៅពេលរបួសចាស់រើឡើងម្តងៗ មិនអាចធ្វើការងារអ្វីបានត្រូវចូលមន្ទីរពេទ្យសម្រាកព្យាបាល។ ប៉ុន្តែ ដោយឆន្ទៈកងទ័ពមានភាពអត់ធ្មត់ ម៉្លោះហើយ ពេលរបួសបានធូរស្បើយ ពីរនាក់ប្តីប្រពន្ធបងក៏ទៅធ្វើការឈ្នួលជាបន្តទៀត។
ដោយសង្កេតឃើញបងមានចរិតឧស្សាហ៍ ស៊ូទ្រាំលំបាកធ្វើការរកទទួលទាន ចាយវាយ ចេះប្រិតសំចៃ ទើបសមាគមអតីតយុទ្ធជនឃុំឡុងភូ ឧបត្ថម្ភឲ្យបុលទុន១៥លានដុង ដើម្បីចិញ្ចឹមជ្រូក។ បងឡី ឲ្យដឹង៖ “កាលទើបរៀបការប៉ុន្មានឆ្នាំដំបូង ជីវភាពខ្ញុំជួបការលំបាកច្រើន ប៉ុន្តែពេលនឹកដល់មិត្តរួមកងទៅកងទ័ពជាមួយគ្នាបានបាត់បង់ជីវិត យើងមានសំណាងបានរស់រាន។ របួសបង្កឡើងដោយគ្រាប់កាំភ្លើងនៅស៊ូទ្រាំនិងជម្នះបាន ដូច្នេះគ្មានអ្វីដែលថាជម្នះមិនបាននោះទេ។ ផ្តើមពីនោះ ខ្ញុំបេ្តជ្ញាត្រូវតែឈានឡើងចាកផុតពីភាពក្រីក្រ!”។ ជាមួយនឹងការបេ្តជ្ញាចិត្តនេះ ឆ្នាំ២០១៥ ពេលសងបំណុលធនាគាររួចរាល់ បងបានធនាគារសង្គមកិច្ចឲ្យបុលជាបន្តចំនួន៣៥លានដុង ដើម្បីចិញ្ចឹមគោនិងជ្រូក។ ផ្តើមពីគោ២ក្បាលដំបូងរហូតមកទល់នឹង បច្ចុប្បន្ន បងមានគោឡើងដល់៥ក្បាល ក្នុងនោះ២ក្បាលរៀបកើតកូន។ រីឯកូនៗទាំង៥នាក់របស់បង ធំដឹងក្តីនាំគ្នាទៅធ្វើការឲ្យក្រុមហ៊ុននៅក្រុងហូជីមិញ មានប្រាក់ចំណូលលំនឹង។ បងឡី ឲ្យដឹង៖ “អាស្រ័យដើមទុនរបស់រដ្ឋ ទើបប្តីប្រពន្ធខ្ញុំមានលក្ខណៈចិញ្ចឹមសត្វ។ ឥឡូវ ខ្ញុំនៅផ្ទះចិញ្ចឹមជ្រូក គោ ចំណែកប្រពន្ធខ្ញុំរត់ម៉ូតូឌុបរកប្រាក់ចំណូលបន្ថែមសម្រាប់គិតគូរជីវភាពប្រចាំថ្ងៃ។ ប្រាក់បានមកពីការចិញ្ចឹមសត្វ និងកូនៗផ្ញើមក ខ្ញុំសន្សែសន្សំសង់បានផ្ទះមួយខ្នងតម្លៃជាង៣០០លានដុងកាលពីដើមឆ្នាំ២០១៩“។ ក្រៅពីចិញ្ចឹមសត្វ បងនៅទាំងដាំដំណាំនៅជុំវិញផ្ទះ ដើម្បីរកប្រាក់ចំណូលបន្ថែម។ គិតគូរជីវភាពដោយចេះចាយវាយប្រិតសំចៃ ឧស្សាហ៍ ពលកម្ម ផលិត ទើបជីវភាពគ្រួសារបងមានប្រាក់ចំណូលលំនឹង។ ឆ្នាំ២០១៨ គ្រួសារបងឡី បានចាកផុតពីភាពក្រីក្រ។
លោកហ្វិញក្វឹកណាម ប្រធានសមាគមអតីតយុទ្ធជនឃុំឡុងភូ បញ្ជាក់៖ “ជាយុទ្ធជនពិការ៣/៤ បងឌិញឡីមានឆន្ទៈឈានឡើងក្នុងជីវភាព ខំប្រឹងធ្វើការរកទទួលទាន ចាកផុតពីភាពក្រីក្រ ផ្តើមពីបាតដៃទទេ។ បងពិតជាយុទ្ធជនមានគោលជំហររឹងមាំលើសមរភូមិប្រយុទ្ធ និងយកឈ្នះលើភាពក្រីក្រ។ បងជាគំរូយុទ្ធជនពិការធ្វើសេដ្ឋកិច្ចពូកែ បានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ”៕
លីធាន-មុនី