ពានរង្វាន់វាយសី China Open ២០១៨ ដែលទើបនឹងបញ្ចប់ក្នុងពេលថ្មីៗនេះ ចំនួនរង្វាន់ឡើងដល់១លានដុល្លា។ ហាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលរង្វាន់ជើងឯកទោលបុរសបានទៅលើកីឡាករវ័យក្មេងជនជាតិឥណ្ឌូណេស៊ី -Anthony Sinisuka Ginting។
កីឡាករ Ginting ក្នុងពេលកំពុងប្រកួតវាយសី។
កីឡាករ Ginting, មិនបានរៀបលំដាប់ថ្នាក់នៅក្នុងការប្រកួតលើកនេះទេ ពីព្រោះគាត់ឈរលេខ១៣ពិភពលោក។ ព្រោះហេតុនោះ ចាប់ពីការប្រកួតវគ្គដំបូងមក គ្មានអ្នកណាស្មានថា គាត់នឹងឈានដល់វគ្គប្រកួតចុងក្រោយសោះឡើយ ដោយសារដៃគូរបស់គាត់សុទ្ធតែជាជើងខ្លាំង។ នៅជុំទី១ Ginting ប្រកួតជាមួយនឹង Lin Dan ដែលជាកីឡាករលំដាប់កំពូល ធ្លាប់លើកពានជើងឯក China Open ចំនួន៥លើក ចំណែកជុំទី២ ជួបនឹងកីឡាករ Viktor Axel sen ជាម្ចាស់ពានរង្វាន់ជើងឯកលំដាប់ថ្នាក់លេខ១ពិភពលោក។ ដូចជាការកាត់ស្មានមែន Ginting ចាញ់កីឡាករ Lin Dan នៅសិតទី១ ហើយខិតខំប្រមូលអារម្មណ៍នៅសិតទី២ និង៣ ក៏ក្រឡាស់ស្ថានភាពយកឈ្នះលើ Lin Dan ដោយលទ្ធផល២-១។ ក្រោយមក យកឈ្នះលើ Axelsen ម្ចាស់ពានរង្វាន់ជើងឯក China Open ២០១៧ដោយលទ្ធផល២-០។ ឈានចូលដល់វគ្គក្រកួុត៨នាក់ Ginting ជួបនឹងកីឡាករម្ចាស់ផ្ទះម្នាក់ទៀតគឺ ChenLong រៀបលំដាប់ថ្នាក់លេខ៦ពិភពលោក។ ហាក់ដូចជា Chen Long មានការប្រុងប្រយ័ត្នមុនជាស្រេច ខណៈដែល Ginting យកឈ្នះលើម្ចាស់ពានរង្វាន់ជើងឯក China Open ទាំង២រូប ម្ល៉ោះហើយ គាត់វាយសីដោយប្រុងប្រយ័ត្ន រួចឈ្នះនៅសិតទី១។ ប៉ុន្តែក្រោយពីបានគ្រូបង្វឹកណែនាំយុទ្ធសាស្រ្ត ឈានចូលសិតទី២និង៣ កីឡាករ Ginting ដូចជាមនុស្សផ្សេងទៅវិញ បងបានក្រឡាស់ស្ថានភាពយកឈ្នះលើកីឡាករ ChenLong ដោយលទ្ធផល ២-១។ ការប្រកួតនៅពាក់កណ្ដាលផ្តាច់ព្រ័ត្រក៏បានប្រព្រឹត្តឡើងដូចលើកមុនៗដែរ កីឡាករ Ginting ក៏ក្រឡាស់ស្ថានភាពយកឈ្នះកីឡាករ ChouTienChen លំដាប់ថ្នាក់លេខ៥ពិភពលោក ជនជាតិតៃវ៉ាន់ ដោយលទ្ធផល២-១ ក្រោយពីចាញ់នៅសិតទី១ ដោយពិន្ទុ១២-២១។
នៅវគ្គផ្ដាច់ព្រ័ត្រ កីឡាករ Kento Momota ជនជាតិជប៉ុន កំពុងមានប្រៀបជាង។ ចំណែកកីឡាករGinting មិនបានគេវាយតម្លៃខ្ពស់ឡើយ ជាក់ស្ដែងក្នុងវគ្គប្រកួត៨នាក់ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Ginting បានប្រឈមនឹងបញ្ហាចុះកម្លាំង។ ផ្ទុយមកវិញ ដំណើរការឆ្ពោះទៅរកវគ្គផ្ដាច់ព្រ័ត្ររបស់កីឡាករ Momota មានភាពងាយស្រួលជាង។ Momota មិនបានជួបដៃគូខ្លាំងៗច្រើនទេ ក្រៅពីកីឡាករម្ចាស់ផ្ទះ Shi Yupi អ្នកត្រូវបាន គាត់ដណ្ដើមយកលំដាប់ថ្នាក់លេខ២ពិភពលោក។ ព្រោះហេតុនោះ កីឡាករ Momota តែងយកឈ្នះរាល់វគ្គប្រកួតយ៉ាងឆាប់រហ័ស ដោយលទ្ធផល២-០។
កីឡាករ Ginting (ខាងឆ្វេង) និងកីឡាករ Momota។
សិតទី១ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈពេល Momota កំពុងតែនាំមុខដោយពិន្ទុ១៩-១៤ ស្រាប់តែ Ginting ឈ្នះ៦ពិន្ទុជាបន្តបន្ទាប់ ឈានឡើងនាំមុខ Momota ដោយពិន្ទុ២០-១៩។ គួរឲ្យស្ដាយណាស់ Ginting បានទុកឲ្យMomota មានឱកាសឈ្នះ២ពិន្ទុបន្តបន្ទាប់ ឈានឡើងនាំមុខវិញ។ ភាពស្វិតស្វាញក្នុងការប្រកួត បានធ្វើឲ្យGinting ដណ្ដើមបាន១ពិន្ទុមកវិញ មុនពេលឈ្នះ Momota ដោយពិន្ទុ២៤-២២។ លុះដល់សិតទី២ Ginting ស្ថិតក្នុងស្ថានភាពតាមប្រកិតពីក្រោយ Momota។ ខណៈពេល Momota នាំមុខដោយពិន្ទុ១២- ១៦ស្រាប់តែGinting ប្ដូរយុទ្ធសាស្រ្តវាយសីរហ័សវិញ ជាលទ្ធផលឈ្នះ Momota ដោយពិន្ទុ២១-១៩ ដណ្ដើមបានពានរង្វាន់ជើងឯកដោយមិននឹកស្មានដល់។ តែនេះគឺជាលទ្ធផលដ៏ស័ក្តិសមបំផុតសម្រាប់កីឡាករដែលមានសមត្ថភាព ក្រោយពីរងរបួសជារឿយៗ៕
ហាថាញ់-វិមាន