មិនធ្លាប់ដែលប្រឡូកក្នុងវិស័យសិល្បៈជំនាញម្តងណាសោះ ប៉ុន្តែសិល្បករថាច់ម៉ូវ តែងបានបងប្អូនសិល្បករខ្មែរនៅខេត្តត្រាវិញ ចាត់ទុកអ៊ំជា"រៀមច្បង"នៃសិល្បៈចម្រៀងចាប៉ីដងវែង។ ទោះបីអ៊ំមានអាយុជាង៧០ឆ្នាំក៏ពិតមែន ប៉ុន្តែការច្រៀងចាប៉ី របស់អ៊ំនៅតែមានសំនៀងពីរោះរណ្តំ បំពេរអារម្មណ៍ អ្នកស្តាប់ឲ្យជាប់ចិត្តជានិច្ច។ អ៊ំថាច់ម៉ូវ ឲ្យដឹងៈ "ចម្រៀងចាប៉ី គឺត្រូវផុសចេញពីទឹកចិត្តស្មោះស។ ដូច្នេះ ទើបអ្នកស្តាប់គេយល់ពីអត្ថន័យនៃទម្រង់សិល្បៈចំរៀងទោលប្រកបដោយលក្ខណៈដ៏ពិសេសនេះ។ល។"
សិល្បករថាច់ម៉ូវកំពុងសម្តែងចម្រៀងចាបីុ
ក្នុងផ្ទះតូច២ល្វែងរបស់សិល្បករថាច់ម៉ូវ ស្ថិតនៅដាច់ឆ្ងាយនៃភូមិទ្រព្រះបាទ ឃុំតឹងហ៊ីប ស្រុកថ្កូវ។ ជួបសំណេះសំណាលជាមួយយើងខ្ញុំ ទោះបីអ៊ំនិយាយភាសាវៀតមិនសូវបានស្ទាត់ក៏ពិតមែន ប៉ុន្តែពេលរំលឹក ពីចម្រៀងចាប៉ីដងវែង អ៊ំឲ្យដឹងដោយក្តីរីករាយកាលពីអាយុ១២ឆ្នាំ អ៊ំបានសាងផ្នួសបួសរៀនធម៌អាថ៌វិន័យ។ លុះដល់អាយុ២៥ឆ្នាំ តាមការចលនារបស់កម្មាភិបាលមួយចំនួនដែលសកម្មភាពសម្ងាត់នៅក្នុងភូមិ អ៊ំក៏លាចាកសិក្ខាបទចូលរួមបដិវត្តន៍បំពេញភារកិច្ចអ្នកនាំសារ ជីករូងសម្ងាត់ចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍នៅនឹងផ្ទះហើយអ៊ំបានច្រៀងចាប៉ី ដើម្បីផ្សព្វផ្សាយដាស់នូវទឹកចិត្តស្នេហាប្រទេសជាតិមាតុភូមិ ក្នុងចំណោមមាមីងជនរួមជាតិខ្មែរនៅឃុំតឹងហ៊ីប។ ទោះបីមិនបានឆ្លងកាត់សាលាបណ្តុះបណ្តាលក៏ពិតមែន ប៉ុន្តែអ៊ំមានទេពកោសល្យក្នុងការនិពន្ធបទចំរៀងស្ងើចសរសើរគោលមាគ៌ារបស់បក្ស និងចលនាមាមីងខ្មែររួមចំណែកជាកម្លាំងកាយចំណាយទ្រព្យ ដើម្បីតស៊ូដណ្តើមឯករាជ្យសេរីភាពជូនប្រទេសជាតិ។
អ៊ំបានយកចាប៉ីចំនួន៣ដើម ដែលអ៊ំធ្វើដោយផ្ទាល់ឲ្យយើងខ្ញុំពិនិត្យ មើលចាប៉ីទាំងបីដើមនេះ បានផ្សាភ្ជាប់ជាមួយនឹងអ៊ំអស់រយៈពេលជាង៦០ឆ្នាំមកហើយ អ៊ំឲ្យដឹងៈ ចំរៀងចាប៉ី គឺជាទម្រង់សិល្បៈចម្រៀងប្រជាប្រិយរបស់ជនរួមជាតិខ្មែរ។ អ្នកច្រៀងចាប៉ីច្រើនតែជ្រើសយកបធានបទណាមួយឬ ក៏ដកស្រង់ចេញពីដំណើររឿងរួចតែងជាកំណាព្យសំខាន់គឺបទពាក្យ៧ក្នុងមួយបទ មានបួនឃ្លា មួយឃ្លាប្រាំពីព្យាង្គ ដើម្បីច្រៀង។ ពិសេសកំណាព្យក្នុងមួយឃ្លាៗ ដែលបានច្រៀងនោះ គឺអ្នកច្រៀងត្រូវតែដេញចាប៉ីបណ្តើរច្រៀងបណ្តើរ។ ដើម្បីច្រៀងឲ្យចប់នូវដំណើររឿងមួយៗ មានពេលខ្លះច្រៀងរហូតដល់ទៅមួយយប់ទល់ភ្លឺក្នុងមួយសបា្តហ៍ក៏សឹងមាន។ល។ យោងទៅតាមអ្នកច្រៀងសង្ខេបឬក៏ពិស្តារ។ មានពេលខ្លះ ចម្រៀងចាប៉ី មិនបានដកស្រង់ចេញពីដំណើររឿងអ្វីទេ គ្រាន់តែតែងជាពាក្យកាព្យហើយរៀបរាប់ពីជីវភាពសង្គមឬក៏ដំណើរជីវិតអ្វីមួយប៉ុណ្ណោះ។
ពេលរំលឹកពីចម្រៀងចាប៉ី ដំបូងបង្អស់គួររំលឹកដល់ចាប៉ីដងវែង។ ចាប៉ី ដងវែងរបស់ជនរួមជាតិខ្មែរណាមបូនេះ មានពីយូរណាស់មកហើយ។ ចាប៉ីមានខ្សែ២ មានប្រអប់សំនៀងចំនួន១២។ ស្នូកចាប៉ីធ្វើពីឈើអង្កាញ់ ឬក៏ឈើខ្នុរមានសណ្ឋានបួនជ្រុងទ្រវែងកាច់ជ្រុង។ ដងចាប៉ីមានយ៉ង សម្រាប់ទ្រខ្សែសំនៀង។ ដងចាប៉ីធ្វើពីឈើរឹងប្រវែងប្រមាណ១២០សង់ទីម៉ែត្រ បង្គានចាប៉ី កោងក្ងក់បន្តិច ត្រូវបានគេឆ្លាក់លម្អក្បាច់រចនាយ៉ាងស្អាត។
ដោយទឹកចិត្តស្នេហាសិល្បៈ ប៉ុន្តែអាស្រ័យដោយជីវភាពគ្រួសារក្រលំបាក ម្ល៉ោះហើយអ៊ំមិនបានចាប់យកសិល្បៈជំនាញធ្វើជាអាជីពទេ។ អ៊ំគ្រាន់តែបញ្ចេញសំនៀងដ៏ពីរោះរបស់ខ្លួន ដើម្បីបម្រើជូនមាមីងនៅភូមិស្រុកក្នុងឱកាសបុណ្យផ្សេងៗ។ល។ អ៊ំឲ្យដឹងៈ" ឆ្នាំនេះ ខ្ញុំអាយុ៧៤ឆ្នាំ ទៅហើយរស់មិនបានប៉ុនា្មនទៀតទេ។ គោលបំណងចុងក្រោយរបស់ខ្ញុំ គឺធ្វើយ៉ាងណាដើម្បីបង្ហាត់បង្រៀនទម្រង់សិល្បៈដ៏មានតម្លៃ ពិសេស របស់ជនរួមជាតិខ្មែរដែលមានរាប់រយឆ្នាំមកហើយនេះ ជូនកូនចៅជំនាន់ក្រោយឲ្យចេះច្រៀង។ ពីព្រោះ បច្ចុប្បន្នអ្នកដែលចេះច្រៀងនិងចេះប្រគំចាប៉ីដងវែងបានស្ទាត់នោះមិនមានប៉ុនា្មននាក់ទេ"។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ បានសម្រេចចិត្តទទួលស្គាល់"សិល្បៈចម្រៀងចាប៉ីដងវែង"របស់ជនរួមជាតិខ្មែរ ជាកេរតំណែលវប្បធម៌អរូបីថ្នាក់ជាតិ។ ឆ្លងតាមរយៈនោះ មន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ខេត្តត្រាវិញ ក៏មានផែនការអភិរក្សពង្រឹងនិងពង្រីកទម្រង់សិល្បៈចម្រៀងចាប៉ីនេះផងដែរ។ អ៊ំថាច់ម៉ូវ គឺជាអ្នកបង្រៀនជូនដោយផ្ទាល់។ សូមបំណងប្រាថ្នាចុងក្រោយរបស់អ៊ំ បានក្លាយជាការពិត៕
ភុកស៊ើង-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។