ចាប់ពីការវិនិយោគទិញម៉ាស៊ីនស្ទូងស្រូវ បង្វែរការផលិតស្រូវតាមបែបប្រពៃណីមកប្រើប្រាស់គ្រឿងយន្ត លោកង្វៀងវ៉ាំងលៀង នៅភូមិអាងហ្វា១ ឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានលើកកម្ពស់ប្រសិទ្ធភាពផលិតលើផ្ទៃដី៣០ហិកតា។ ទម្រង់នេះមិនត្រឹមតែជួយបន្ថយចំណាយ សំចៃពូជ បង្កើនទិន្នផលប៉ុណ្ណោះទេ ថែមទាំងនាំមកប្រាក់ចំណេញជាង១,២ពាន់លានដុងក្នុងមួយរដូវ រួមចំណែកជំរុញការប្រើប្រាស់គ្រឿងយន្តទៅក្នុងការផលិត។

អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជួយបង្កើនទិន្នផល នាំមកប្រាក់ចំណេញរាប់ពាន់លានដុងជូនគ្រួសារលោក ង្វៀងវ៉ាំងលៀង នៅឃុំថាញ់ថើយអាន។
កាលពីមុន លើផ្ទៃដីផលិតស្រូវ ៣០ហិកតារបស់គ្រួសារ លោកង្វៀងវ៉ាំងលៀង ភាគច្រើនអនុវត្តការព្រោះតាមបែបប្រពៃណី។ វិធីនេះប្រើប្រាស់បរិមាណពូជច្រើន ពឹងផ្អែកទៅលើកម្លាំងពលកម្ម ខណៈដែលថ្លៃសម្ភារៈកសិកម្មកើនឡើងជារៀងរាល់ថ្ងៃ។ ឃើញថាត្រូវតែផ្លាស់ប្តូរវិធីសាស្ត្រផលិតដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច លោកលៀងបានម្ចាស់ការវិនិយោគជាង៦២០លានដុង ទិញម៉ាស៊ីនស្ទូងស្រូវចំនួន៧គ្រឿង រួមមានម៉ាស៊ីនស្ទូង៤ជួរចំនួន៦គ្រឿងនិងម៉ាស៊ីនស្ទូង៦ជួរមួយគ្រឿង។ លោកលៀងឱ្យដឹង៖ "គុណសម្បត្តិនៃការស្ទូងដោយម៉ាស៊ីនគឺស្រូវបានស្ទូងជាជួរ មានគម្លាតនិងដង់ស៊ីតេសមស្រប ជួយឱ្យស្រែស្រូវមានខ្យល់ចេញចូល ដើមស្រូវលូតលាស់ស្មើគ្នា។ បរិមាណពូជប្រើប្រាស់តែប្រមាណ៨០-១០០គីឡូក្រាមក្នុងមួយហិកតា បន្ថយជាង ៥០% ប្រៀបនឹងការព្រោះតាមបែបប្រពៃណី។ ជាមួយផ្ទៃដី៣០ហិកតា បរិមាណពូជប្រើប្រាស់សរុបប្រមាណ ២,៤ដល់៣តោន រួមចំណែកបន្ថយចំណាយដើមទុនយ៉ាងច្រើន"។
ក្រៅពីសំចៃពូជ ការស្ទូងដោយម៉ាស៊ីនក៏ជួយបន្ថយកម្លាំងពលកម្ម ងាយស្រួលក្នុងការថែទាំនិងគ្រប់គ្រងស្រែ។ តាមការគណនារបស់លោកលៀង វិធីសាស្ត្រនេះជួយបន្ថយប្រមាណ៤ដងនៃការបាញ់ថ្នាំការពាររុក្ខជាតិ បន្ថយការប្រើប្រាស់ថ្នាំសម្លាប់ខ្យងហោងលឿងពី៣ដងមកនៅ១ដង បរិមាណជីបន្ថយប្រមាណ៧០០គីឡូក្រាមក្នុងមួយហិកតា។ ប្រាក់ចំណាយវិនិយោគលើការផលិតសរុបប្រមាណ២២លានដុងក្នុងមួយហិកតា បន្ថយ៥លានដុងក្នុងមួយហិកតា បើប្រៀបនឹងវិធីសាស្ត្រព្រោះដោយដៃ។ គួរកត់សម្គាល់ អាស្រ័យដង់ស៊ីតេស្ទូងសមស្រប ដើមស្រូវលូតលាស់ល្អ កាត់បន្ថយជំងឺ សត្វល្អិតនិងការរលំ ទិន្នផលកើនឡើងប្រមាណ២០ដល់៣០%ប្រៀបនឹងការព្រោះតាមបែបប្រពៃណី សម្រេចពី៨-១០តោនក្នុងមួយហិកតា អាស្រ័យទៅតាមប្រភេទពូជនីមួយៗ។ បច្ចុប្បន្នលោកលៀងស្ទូងពូជស្រូវ RVT និង ST២៥។ ជាមួយតម្លៃលក់ឡើងចុះពី ៦.៥០០ដល់ ៨.៥០០ដុងក្នុងមួយគីឡូក្រាម ប្រាក់ចំណេញសម្រេចប្រមាណ ៣០-៥០លានដុងក្នុងមួយហិកតា។ គិតលើផ្ទៃដីសរុប ៣០ហិកតា ប្រាក់ចំណេញក្នុងមួយរដូវប៉ាន់ស្មានសម្រេចជាង ១,២ពាន់លានដុង។ មិនត្រឹមតែប្រើប្រាស់គ្រឿងម៉ាស៊ីនស្ទូងលើផ្ទៃដីផលិតរបស់គ្រួសារប៉ុណ្ណោះទេ លោកលៀងថែមទាំងវិនិយោគម៉ាស៊ីនបម្រើតម្រូវការរបស់មាមីងកសិករនៅភូមិភាគទៀតផង។ ក្នុងរដូវស្រូវដើមឆ្នាំ២០២៦ ផ្ទៃដីស្ទូងជូនមាមីងគឺ ២៧០ហិកតា តម្លៃ៧៥០.០០០ដុងក្នុងមួយ១.០០០ម៉ែត្រការ៉េ ទទួលផ្គត់ផ្គង់តាំងពីពូជរហូតដល់ស្ទូងចុះស្រែ។ ជាពិសេស លើផ្ទៃដីស្ទូងជូនកសិករទាំងអស់ លោកលៀងក៏ធានាទិញស្រូវបន្ទាប់ពីច្រូតកាត់ តម្លៃទិញតាមតម្លៃទីផ្សារ រួមចំណែកជួយឱ្យមាមីងស្ងប់ចិត្តក្នុងការផលិត។ ដើម្បីឆ្លើយតបតម្រូវការស្ទូងស្រូវរបស់មាមីង លោកលៀងបន្តវិនិយោគបន្ថែមម៉ាស៊ីនស្ទូងចំនួន៤គ្រឿង បង្កើនចំនួនម៉ាស៊ីនសរុបឡើង១១គ្រឿង។ ការពង្រីកសេវាកម្មស្ទូងដោយម៉ាស៊ីនមិនត្រឹមតែបង្កលក្ខណៈឱ្យកសិករកៀកជិតវិធីសាស្ត្រដាំដុះជឿនលឿនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោះស្រាយស្ថានភាពខ្វះកម្លាំងពលកម្មក្នុងការផលិតកសិកម្មនាបច្ចុប្បន្ន។

ការប្រើប្រាស់គ្រឿងយន្ត ជួយបន្ថយបរិមាណពូជ សន្សំប្រាក់ចំណាយនិងលើកកម្ពស់ប្រសិទ្ធភាពក្នុងការផលិត។
តាមលោកឡេមិញកាញ់ នាយកមជ្ឈមណ្ឌលសេវាកម្មចម្រុះឃុំថាញ់ថើយអាង ទម្រង់ស្ទូងស្រូវដោយម៉ាស៊ីនរបស់លោកង្វៀងវ៉ាំងលៀង គឺបានប្រើប្រាស់គ្រឿងយន្តព្រមៗគ្នា ចាប់ពីដំណាក់កាលព្រោះពូជ រហូតដល់ស្ទូង រួមចំណែកបន្ថយបរិមាណពូជ សន្សំប្រាក់ចំណាយនិងលើកកម្ពស់ប្រសិទ្ធភាពក្នុងការផលិត។ ទម្រង់នេះក៏បង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តដំណើរការ "១ត្រូវ ៥បន្ថយ" ផលិតស្រូវគុណភាពខ្ពស់ បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ។
ភាពជាក់ស្តែងពីទម្រង់របស់លោកង្វៀងវ៉ាំងលៀង បានបង្ហាញថា ការម្ចាស់ការប្រើប្រាស់គ្រឿងយន្ត ផ្លាស់ថ្មីវិធីសាស្ត្រផលិត គឺជាទិសដៅជាក់ស្តែងជួយឱ្យកសិករបន្ថយលើការចំណាយ លើកកម្ពស់ទិន្នផលនិងបង្កើនតម្លៃលើផ្ទៃដីដាំដុះតែមួយ។ នេះក៏ជាបុព្វបទសំខាន់សម្រាប់ឃុំថាញ់ថើយអាង ជាជំហានៗអភិវឌ្ឍខឿនកសិកម្មទំនើប ប្រសិទ្ធភាពនិងចីរភាព៕
ថាញវ៉ាង - សុផន