16/09/2026 - 05:17

ដាំខ្ទឹមស្លឹកលើដីស្រែ រកបានប្រាក់ចំណូលបង្គួរ 

លោក ង្វៀងវុាំងទ្រឿង កើតឆ្នាំ ១៩៧៨ នៅភូមិទៀងចាញ់ ឃុំប៊ិញភូ ខេត្តវិញឡុង បានបង្វែរផ្ទៃដីធ្វើស្រែមួយចំណែកមកដាំខ្ទឹមស្លឹកវិញ ជំហានដំបូងបាននាំនូវប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរ។ រយៈពេលដាំខ្លី ងាយស្រួលថែទាំ និងមានឈ្មួញមកទិញដល់ចម្ការ ដំណាំខ្ទឹមស្លឹកកំពុងបើកទិសដៅផលិតសមស្រប ជួយឱ្យគ្រួសារបងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដីធ្លី។

បង ង្វៀងវុាំងទ្រឿង នៅចម្ការខ្ទឹមស្លឹក។

បងង្វៀងវុាំងទ្រឿងជាគ្រួសារដែល​ផ្សារភ្ជាប់នឹងរបរកសិកម្ម  គាត់តែងជ្រើសប្រភេទដំណាំដែលសមស្របដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផលិត។ ពីមុន នៅលើផ្ទៃដីស្រែ គ្រួសារបងដាំដំណាំរួមផ្សំ ដូចជា ត្រឡាច ប៉េងប៉ោះ និងប្រភេទបន្លែបង្ការមួយចំនួនទៀត។ ។ ក្នុងការផលិត គាត់សង្កេតឃើញដំណាំខ្លឹមស្លឹករកបានប្រាក់ចំណូលច្រើនបង្គួរ ហេតុនោះគាត់ក៏ដាំសាក​ល្បង។ បង ទ្រឿង ឱ្យដឹង៖ ដំបូងឡើយ គ្រួសារគាត់ដាំខ្ទឹមស្លឹកសាកល្បងលើផ្ទៃដី២កុង រួមជាមួយត្រឡាច ប៉េងប៉ោះ និងបន្លែមួយចំនួនទៀត។ ឆ្លងតាមរយៈដាំដុះ គាត់ឃើញខ្ទឹមស្លឹកសមស្របជាមួយនឹងលក្ខណៈដីធ្លី លូតលាស់ល្អ ហើយរយៈពេលចាប់ពីដាំរហូតដល់ប្រមូលផលប្រមាណ ៤៥ ថ្ងៃ ជួយកសិករបង្វិលដើមទុនរហ័ស និងម្ចាស់ការដាំដំណាំរដូវបន្ទាប់។ ផ្តើមពីលទ្ធផលដំបូង បងទ្រឿងបន្តពង្រីកផ្ទៃដីដាំខ្ទឹមស្លឹក។ មកដល់ពេលនេះ គ្រួសារគាត់ដាំខ្ទឹមស្លឹកបន្ថែមបាន ៤ កុង ពង្រីកផ្ទៃដីដាំខ្ទឹមស្លឹកឡើងដល់ ៦ កុង។

ខ្ទឹមស្លឹកដាំឆ្លាស់គ្នាតាមល្បាស់ ខ្លះទើបដាំ ខ្លះបម្រុងប្រមូលផល។

តាមប្រសាសន៍របស់បងទ្រឿង ខ្ទឹមស្លឹកងាយដាំ មិនសូវបង់កម្លាំងថែទាំ ជាសំខាន់គឺឱ្យតែធានាប្រព័ន្ធទឹកគ្រប់គ្រាន់ និងបង្ការសត្វល្អិតស៊ីស្លឹក ជំងឺឆេះស្លឹក។ ក្រោយពី ៤៥ ថ្ងៃ ខ្ទឹមស្លឹកអាចប្រមូលផលបាន ហើយមានឈ្មួញចុះមកទិញដល់ចម្ការតែម្តង។ របៀបធ្វើនេះជួយឱ្យគ្រួសារគាត់ងាយស្រួលលក់ផលិតផល មិនបង់កម្លាំងដឹកជញ្ជូនច្រើន។ ថ្វីដ្បិតដូច្នេះក្តី តម្លៃខ្ទឹមស្លឹកអាស្រ័យទៅលើទីផ្សារ តែងស្ថិតក្នុងរង្វង់ពី ១៥.០០០​-២៨.០០០ ដុងក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមដំណាក់កាលនីមួយៗ។ បងទ្រឿង ឱ្យដឹង៖ ប្រសិនបើលក់បានតម្លៃ ២០.០០០ ដុងឡើងទៅក្នុងមួយគីឡូក្រាម ទើបអ្នកដាំមានចំណេញ។ មានពេលខ្លះតម្លៃខ្ទឹមស្លឹកកើនឡើងដល់២៨.០០០ដុង/គីឡូក្រាម ប៉ុន្តែការផ្គត់ផ្គង់មិនគ្រប់តម្រូវការប្រ​មូល​ទិញ។ ផ្ទុយមកវិញ ពេលតម្លៃចុះថោក ប្រសិទ្ធភាពផលិតក៏ថយចុះដែរ ខណៈពេលការចំណាយលើគ្រាប់ពូជ ជី និងការថែទាំត្រូវចំណាយ។  ផ្តើមពីការផលិតជាក់ស្តែង គាត់យល់ថា ដើម្បីឱ្យកសិករមោះមុតវិនិយោគពង្រីកដាំខ្ទឹមស្លឹក ប្រការសំខាន់គឺត្រូវមានច្រកចេញលំនឹង។ ប្រសិនបើមានអាជីវកម្មចងសម្ព័ន្ធ ធានាម៉ៅទិញផលិតផលដោយតម្លៃលំនឹង កសិករនឹងស្ងប់អារម្មណ៍វិនិយោគពង្រីកផ្ទៃដីដាំដុះ ថែទាំបានល្អជាង និងម្ចាស់ការផលិត។ នេះក៏ជា​លក្ខណៈដើម្បីបង្កើតជាតំបន់ផលិតប្រមូលផ្តុំ បង្កស្ថិរភាពដល់អ្នកដាំផង និងអង្គភាពទិញផង។

បង ង្វៀងវុាំងទ្រឿង ពិនិត្យសត្វល្អិតលើដំណាំខ្ទឹមស្លឹក។

ទម្រង់ដាំខ្ទឹមស្លឹកលើដីស្រែរបស់បង ង្វៀងវុាំងទ្រឿង ជំហានដំបូងបង្ហាញឱ្យឃើញមានប្រសិទ្ធភាពបង្គួរ បំផុតគឺរយៈពេលដាំខ្លី ងាយថែទាំ និងមានឈ្មួញមកប្រមូលទិញដល់ចម្ការ។ ផ្តើមពីដាំសាកល្បងលើផ្ទៃដី ២កុង មកដល់ពេលនេះ គ្រួសារគាត់បានពង្រីកឡើងដល់ ៦កុង រួមចំណែករកប្រាក់ចំណូលបន្ថែម។ ទម្រង់នេះក៏បង្ហាញឱ្យឃើញពីការជ្រើសដំណាំដែលសមស្របទៅនឹងលក្ខណៈដីធ្លី និងតម្រូវការទីផ្សារមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រ​សិទ្ធ​ភាពផលិត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីដំណាំខ្ទឹមស្លឹកអភិវឌ្ឍលំនឹង និងបានកសិកមោះមុតពង្រីកផ្ទៃដីដាំដុះ បញ្ហាចងសម្ព័ន្ធផលិតកម្ម ប្រើប្រាស់ និងតម្លៃលំនឹង គប្បីបានយកចិត្តទុកដាក់ផងដែរ។ ពេលអាជីវកម្ម ឬអង្គភាពប្រមូលទិញចងសម្ព័ន្ធម៉ៅទិញផលិត​ផល ប្រជាជននឹងស្ងប់អារម្មណ៍វិនិយោគផលិត ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ប្រាក់ចំណូល និងពង្រីកប្រសិទ្ធភាពដីផលិតកសិកម្មនៅភូមិភាគ៕

ទីទុយ - វិមាន

ចែករំលែកអត្ថបទ