ដោយមានទិដ្ឋភាពព្រែកទន្លេប្រកបដោយលក្ខណៈពិសេសដោយឡែក ទីតាំងទេសចរណ៍ជីវស្ថានបៃតងត្រជាក់ ផ្សារអណ្តែតកៃរុាំង មានភាពអ៊ូអរជាមួយនឹងបរិយាកាសពិធីបុណ្យ និងបរិយាកាសវប្បធម៌ខ្មែរដែលសម្បូរដោយអត្តសញ្ញាណ ទីក្រុងកឹងធើ កំពុងផ្ដល់ជូនភ្ញៀវទេសចរនូវដំណើរឆ្លងបទពិសោធន៍ គួរឱ្យចាប់អារម្មណ៍។ ចាប់ពីស្វែងយល់តំបន់ស្រែចម្ការ ភ្លក់រសជាតិផលិតផលពិសេស រហូតដល់ថតរូបនឹងឈុតសម្លៀកបំពាក់ប្រពៃណី រាល់ដំណើរកម្សាន្តទាំងអស់តែងបន្សល់នូវស្លាកស្នាមដែលមិនអាចបំភ្លេចក្នុងចិត្តភ្ញៀវទេសចរ។
.jpg)
ភ្ញៀវទេសចរមកទស្សនាចម្ការទំពាំងបាយជូរមិញធៀង នៅសង្កាត់សុកត្រាំង ទីក្រុងកឹងធើ។
ពេលមកដល់កឹងធើ កំពង់ផែនិញកេវ គឺជាកន្លែងឈប់សម្រាកដែលភ្ញៀវទេសចរជាច្រើនបានជ្រើសរើស។ បរិយាកាសក្បែរមាត់ទន្លេ ដ៏ត្រជាក់ ទេសភាពមនោរម្យ បង្កភាពទាក់ទាញពិសេសដោយឡែក។ ភ្ញៀវទេសចរអាចដើរលំហែ គយគន់ទេសភាព ភ្លក់រសជាតិម្ហូបអាហារ ឬឆ្លងបទពិសោធន៍ ជិះនាវាទេសចរណ៍តាមដងទន្លេ។ ចំពោះដំណើរស្វែងយល់ពីផ្សារអណ្តែតកៃរុាំង នឹងនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ពិសេសដោយឡែកនៃតំបន់ព្រែកទន្លេ។ នៅទីនេះ ភ្ញៀវទេសចរនឹងឃើញ ទូកជាច្រើនដែលផ្ទុកពេញដោយផ្លែឈើ និងកសិផលដែលឈប់សំចតនៅជាប់ៗគ្នាលើផ្ទៃទឹក បង្កជាទស្សនីយភាពដ៏រស់រវើក។ ភ្ញៀវទេសចរអាចស្រស់ស្រូបអាហារពេលព្រឹក ពិសាកាហ្វេ និងគយគន់ព្រះអាទិត្យរះនៅលើទូកតែម្តង។ បងង្វៀងថាញដុង ភ្ញៀវទេសចរមកពីហាណូយ ឱ្យដឹង៖ “លើកដំបូងមកទីក្រុងកឹងធើ នៅពេលល្ងាចខ្ញុំដើរកម្សាន្តនៅលើស្ពានស្នេហា រួចជិះនាវាទេសចរណ៍គយគន់ទេសភាពកំពង់ផែនិញកេវ។ ពេលព្រឹក ខ្ញុំជិះទូកទៅទស្សនាផ្សារអណ្តែតកៃរុាំង ភ្លក់រសជាតិម្ហូបអាហារសាមញ្ញ និងផឹកកាហ្វេ ទស្សនាទេសភាពព្រែកទន្លេ។ ចាកចេញពីទីក្រុង ខ្ញុំទៅទស្សនាចម្ការឈើហូបផ្លែ ទស្សនាវត្តខ្មែរ… ពិតជាដំណើរកម្សាន្តដែលពោរពេញដោយចំណាប់អារម្មណ៍”។
បន្ទាប់ពីចាកចេញពីទីក្រុង ភ្ញៀវទេសចរអាចសម្របខ្លួនក្នុងបរិយាកាសបៃតងត្រជាក់នៃទីតាំងទេសចរណ៍ជីវស្ថានតំបន់ស្រែចម្ការ។ នៅតាមចម្ការឈើហូបផ្លែ ភ្ញៀវទេសចរអាចបេះផ្លែឈើដោយផ្ទាល់ដៃ និងភ្លក់រសជាតិនៅនឹងចម្ការតែម្តង ថតរូបនៅតាមជួរដើមឈើបៃតងស្រស់។ ដំណើរកម្សាន្ត កាន់តែមានភាពទាក់ទាញអារម្មណ៍ជាងទៀតពេល ភ្ញៀវទេសចរមកដល់វត្តអារាមខ្មែរ ដូចជា៖ វត្តសំ រោង វត្តមហាទប់ វត្តឃ្លាំង… ដែលលេចធ្លោដោយស្ថាបត្យកម្មពិសេសដោយឡែកក្បូរក្បាច់រចនាល្អប្រណីត និងមានបរិយាកាសស្ងប់ស្ងាត់ ស្ថិតនៅសង្កាត់ភូឡើយ និងសង្កាត់សុកត្រាំង។ នេះមិនត្រឹមតែជាកន្លែងទស្សនាកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជួយភ្ញៀវទេសចរយល់ដឹងបន្ថែមអំពីជីវភាពវប្បធម៌ និងស្មារតីរបស់ជនរួមជាតិខ្មែរទៀតផង។ បងស្រីធីថាញ ភ្ញៀវទេសចរមកពីអាងយ៉ាង ឱ្យដឹង៖ “ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេសភាព និងស្ថាបត្យកម្មវត្តសំរោង បដិមាព្រះពុទ្ធទ្រង់បរិនិព្វាន ព្រមទាំងស្ថាបត្យកម្ម និងក្បូរក្បាច់រចនាដែលដិតដាមដោយ វប្បធម៌ខ្មែរ។ ពិសេស បានស្លៀកពាក់សម្លៀកបំពាក់ខ្មែរដើម្បីថតរូបអនុស្សាវរីយ៍ គឺជាការឆ្លងបទពិសោធន៍ដ៏ជាទីគាប់ចិត្ត។ ដំណើរកម្សាន្តនេះមិនត្រឹមតែជួយ ឱ្យខ្ញុំបានទស្សនាសម្រាកលំហែកាយប៉ុណ្ណោះទេ ថែមទាំងយល់ដឹងបន្ថែមអំពីវប្បធម៌ខ្មែរទៀតផង”។
ម្ហូបអាហារក៏រួមចំណែកបង្កភាពទាក់ទាញនៃដំណើរទស្សនាផងដែរ ទន្ទឹមនឹងផ្លែឈើស្រស់នៅតាមចម្ការ ភ្ញៀវទេសចរនៅទាំងមានឱកាសភ្លក់រសជាតិម្ហូបអាហារពិសេសជាច្រើនមុខទៀតនៅតំបន់ខាងលិច ចាប់ពីនំបញ្ចុករហូតដល់នំតាវសា និងម្ហូបអាហារសាមញ្ញដែលមានរសជាតិភូមិភាគ។ ជាមួយនឹងការរួមបញ្ចូលរវាងព្រែកទន្លេ ស្រែចម្ការ ម្ហូបអាហារ និងវប្បធម៌ពិសេស ទីក្រុងកឹងធើកំពុងបង្កស្លាកស្នាមកាន់តែខ្លាំងក្នុងចិត្តភ្ញៀវទេសចរ និងក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញនៅភាគខាងលិច៕
យ្វីអាញ - វិមាន