ស្របក្នុងឱកាសខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ - ពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦) នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា សម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ បានចាត់តាំងគណៈប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុងកឹងធើ សង្កាត់កៃរុាំង។

គណៈប្រតិភូតំណាងសម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ អុជធូបរំលឹកគុណវីរយុទ្ធជនពលី។

កម្មាភិបាលសហជីពទីក្រុងអុជធូបរំលឹកគុណនៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុងកឹងធើ។
ក្នុងបរិយាកាសជាទីគោរព អ្នកតំណាងទាំងឡាយស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធមួយនាទី ព្រមទាំងដាក់កម្រងផ្កា និងអុជធូបរំលឹកគុណដល់វីរយុទ្ធជនពលីដែលបានតស៊ូ ពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុរំដោះជាតិ និងឯកភាពទឹកដី។
ពង្រីកសីលធម៌ "ផឹកទឹកនឹកប្រភព" សហជីពកម្មករទីក្រុងគ្រប់ថ្នាក់បន្តជំរុញសកម្មភាពតបស្នងសងគុណ គិតគូរដល់សមាជិកសហជីពកម្មករនិយោជិត និងបំផុសចលនាប្រឡងប្រណាំង រួមចំណែកកសាងទីក្រុងកឹងធើកាន់តែស៊ីវិល័យ និងទំនើបជាងមុន។

កម្មាភិបាលសហជីពទីក្រុងកឹងធើ អុជធូបនៅតាមផ្នូរយុទ្ធជនពលី។
មុននោះ សម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ បានសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់វីថាញ់ ចាត់តាំងគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរមាតាវៀតណាម ត្រឹងធីតូយ (អាយុ ១០៧ ឆ្នាំ) និងអ្នកម្តាយវៀតណាមវីរភាព ត្រឹងធីទើ (អាយុ ៨៨ ឆ្នាំ) ដែលមានប្តី កូន និងប្អូនបានពលីជីវិតក្នុងសង្គ្រាមតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ។

ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពនៅសង្កាត់វីថាញ់។
នៅតាមគ្រួសារទាំងនេះ លោកស្រី ឡេធីសឿងម៉ាយ ប្រធានសម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ បានសួរសុខទុក្ខ និងការរស់នៅយ៉ាងកក់ក្តៅ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការពលីជីវិត លះបង់របស់អ្នកម្តាយ និងគ្រួសារចំពោះបុព្វហេតុតស៊ូរំដោះជាតិ៕
ហុងវឹង-វិមាន