លោក ង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក មួយចំនួនរបស់ទីក្រុង ចុះពិនិត្យគម្រោងបង្កើនកម្រិត បើកទូលាយផ្លូវជាតិលេខ ៩១ កំណាត់ផ្លូវពី km០ - km៧។

លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចុះពិនិត្យគម្រោងបង្កើនកម្រិតបើកទូលាយផ្លូវជាតិលេខ ៩១ កំណាត់ផ្លូវពី km០ - km៧។
គម្រោងបង្កើនកម្រិត បើកទូលាយផ្លូវជាតិលេខ ៩១ មានកម្រិតទុនវិនិយោគសរុបជាង ៧.២៣៧ ពាន់លានដុង មានប្រវែងខ្សែផ្លូវប្រមាណ ៧,០៤ គីឡូម៉ែត្រ។ សំណង់នេះមានកញ្ចប់ដេញថ្លៃកសាង ឈូសឆាយពង្រាបផ្ទៃដី ១ កញ្ចប់គិតជាតម្លៃអនុវត្តកិច្ចសន្យា ១.៥៤៧,២៤ ពាន់លានដុង (រួមទាំងក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មអ្នក ម៉ៅការធំចំនួន ៧ អ្នកម៉ៅការបន្តសាងសង់ចំនួន៦)។ មកទល់ពេលនេះ ក្រុមហ៊ុនម៉ៅការអនុវត្តសម្រេចបានជាង ១២២,៧៥ ពាន់លានដុង សម្រេចប្រមាណ៨%។ ផែនការទុនដែលបានបែកចែកសម្រាប់គម្រោងក្នុងឆ្នាំ ២០២៦ គឺ ៩០០ ពាន់លានដុង បានរំសាយថវិកាជាង ៤៩៤,៧ ពាន់លានដុង សម្រេច ៥៤,៩៧%។
តាមមជ្ឈមណ្ឌលអភិវឌ្ឍមូលនិធិដីទីក្រុងកឹងធើ គម្រោងនេះ មានប្រមាណ ១.០៩៥ ករណីបានរងផលប៉ះពាល់ (ក្នុងនោះ មានគ្រួសារប្រជាជន ១.០១៧ គ្រួសារ បុគ្គលនិងអង្គការចំនួន ៧៨)។ សង្កាត់នានាបានអនុម័ត ១.០៩៥/១.០៩៥ ករណី បានទូទាត់សំណង ៩៣៩ ករណី (សម្រេច៨៥,៧%) លើតម្លៃកិច្ចសន្យាសរុបជាង ១.៩០៩,៩៦ ពាន់លានដុង រុះរើប្រគល់ផ្ទៃដីបាន៩២១ករណី។ មជ្ឈមណ្ឌលកំពុងសហការជាមួយភូមិភាគ ដើម្បីអនុវត្តករណីដែលនៅសេសសល់ឱ្យបានសម្រេចរួចរាល់ សំខាន់គឺនៅសង្កាត់ប៊ិញធ្វី។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមរបស់គម្រោង។
បន្ទាប់ពីចុះទៅពិនិត្យភាពជាក់ស្តែង លោកង្វៀងវ៉ាំងហ្វា បានធ្វើការជាមួយមន្ទីរ គណៈ ផ្នែកដែលជាប់ពាក់ព័ន្ធ និងសង្កាត់ប៊ិញធ្វី ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការងាររំដោះផ្ទៃដីគម្រោង។
មានប្រសាសន៍នៅកិច្ចប្រជុំ លោកង្វៀងវ៉ាំងហ្វា បញ្ជាក់៖ នេះជាសំណង់សំខាន់របស់ទីក្រុង ដែលប្រជាជនកំពុងទន្ទឹងរង់ចាំ។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរមជ្ឈមណ្ឌលអភិវឌ្ឍមូលនិធិដី សង្កាត់ប៊ិញធ្វី សង្កាត់កៃខេ សហការជាមួយអង្គភាពដែលជាប់ពាក់ព័ន្ធ បន្តការផ្សព្វផ្សាយ ចលនាគ្រួសារប្រជាជនដែលមិនទាន់ប្រគល់ផ្ទៃដី។ ចំពោះករណីដែលបានអនុវត្តគោលការណ៍ គោលនយោបាយសព្វគ្រប់ ប៉ុន្តែគ្រួសារប្រជាជននៅតែមិនព្រមប្រគល់ផ្ទៃដី ត្រូវចេញសេចក្តីសម្រេចអនុវត្តវិធានការចាប់បង្ខំ។ ខិតខំប្រឹងប្រែង ចាប់តាំងពីពេលនេះ រហូតដល់ចុងខែកក្កដា ឆ្នាំ២០២៦ ជាមូលដ្ឋានត្រូវសម្រេចបានការប្រគល់ផ្ទៃដី។ ចំពោះទីតាំងដែលមានផ្ទៃដី អង្គភាពកសាងត្រូវត្រៀមឧបករណ៍សម្ភារៈសម្រាប់ដំណើរការកសាងសំណង់។ គណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់ចរាចរណ៍ និងកសិកម្មទីក្រុងកឹងធើ ត្រូវគិតគូរល្បឿនដំណើរការកសាង ធានាសុវត្ថិភាពចរាចរណ៍ក្នុងអំឡុងពេលកសាង៕
អាញ់ខ្វា-មុនី