លោក ឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រធានក្រុមការងារលេខ ២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំរុញល្បឿនការងាររំដោះផ្ទៃដី និងផ្ដល់ផ្ទេរទុនវិនិយោគរដ្ឋនៅក្នុងភូមិឋានទីក្រុង (ក្រុមការងារលេខ ២)។

លោក ឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំ។
ក្រុមការងារលេខ ២ មានភារកិច្ចត្រួតពិនិត្យ និងដាស់តឿនការងាររំដោះផ្ទៃដី ព្រមទាំងផ្ដល់ផ្ទេរទុនវិនិយោគរដ្ឋ ដែលត្រូវបានប្រគល់ជូនដល់អង្គភាពធ្វើជាម្ចាស់វិនិយោគនៃបណ្តាគម្រោងវិនិយោគរដ្ឋ រួមមាន៖ ការិយាល័យគណៈកម្មាធិការប្រជាជន ទីក្រុង មន្ទីរឧស្សាហ-ពាណិជ្ជកម្ម មន្ទីរយុត្តិធម៌ គណៈគ្រប់គ្រងបណ្តាតំបន់កែច្នៃនាំចេញនិងឧស្សាហកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្មហូវយ៉ាង គណៈគ្រប់គ្រងគម្រោងវិនិយោគសំណង់ស៊ីវិលនិងឧស្សាហកម្ម និងគណៈកម្មាធិការប្រជាជន ឃុំ សង្កាត់ទាំង ១៧ គឺ៖ មីស្វៀង ដុងភឿក ចូវថាញ់ ភូហ៊ឺវ អាងឡាកថូង វិញទ្រិញ ដាយង៉ាយ ឡុងហ៊ឹង ធ្វឹងហ្វា ភូតឹម មីក្វើយ វិញឡើយ លីវទូ តាយវ៉ាំង កេសាច់ ថើយអាងហោយនិងញ៉ើងមី។
ក្រុមការងារលេខ ២ ទទួលបានការបែងចែកផែនការដើមទុនវិនិយោគរដ្ឋ ឆ្នាំ ២០២៦ គឺ ៣.៧២២,៦៣៧ ពាន់លានដុង ស្មើនឹង ១៩,៣២% នៃផែនការសរុបឆ្នាំ២០២៦ ដែលបានប្រគល់លម្អិតដោយទីក្រុង។ ក្នុងនោះ រួមមាន ៣០ គម្រោងដែលមានកម្រិតទុនវិនិយោគសរុបជាង ៥០ ពាន់លានដុង និង ៧២ គម្រោងដែលមានកម្រិតទុនវិនិយោគសរុបក្រោម ៥០ ពាន់លានដុង។ គិតត្រឹមថ្ងៃ ១៣ ខែកក្កដា ការផ្ដល់ផ្ទេរទុនសម្រេចបាន ៦១៩,០៥១ ពាន់លានដុង ស្មើនឹង ១៦,៦៣% នៃផែនការបានប្រគល់ពោល គឺទាបជាង ៤,៤៦% បើប្រៀបធៀបនឹងអត្រាមធ្យមភាគរបស់ទីក្រុងទាំងមូល។ ក្រៅពីនោះ ផែនការដើមទុនសរុបដែលអនុញ្ញាតឱ្យពន្យាពេលអនុវត្ត និងផ្ដល់ផ្ទេរថវិកាឆ្នាំ ២០២៥ ផ្ទេរមកឆ្នាំ ២០២៦ ស្ថិតក្រោមការតាមដានរបស់ក្រុមការងារ គឺ ៤៧០,៧៩៣ ពាន់លានដុង ដោយបានផ្ដល់ផ្ទេរថវិកាចំនួន ៩៥,៧៥៩ ពាន់លានដុង ស្មើនឹង ២០,៣៤% នៃផែនការបានប្រគល់។

តំណាងទាំងឡាយចូលរួមការពិគ្រោះ ពិភាក្សាយោបល់នៅក្នុងកិច្ចប្រជុំ។
យោងតាមរបាយការណ៍របស់មន្ទីរហិរញ្ញវត្ថុ និងបណ្តាម្ចាស់វិនិយោគ ការផ្ដល់ផ្ទេរថវិកានៅមានភាពយឺតយ៉ាវ ដោយសារសំណង់ជាច្រើននៅទាក់ទិនក្នុងការងាររំដោះផ្ទៃដី។ ជាក់ស្តែង ប្រជាជនមួយចំនួនមិនទាន់ឯកភាពលើការទូទាត់សំណង ការងារផ្ទៀងផ្ទាត់ប្រភពដើមដីធ្លីចំណាយពេលច្រើន និងការកសាងមូលនិធិដីធ្លីសម្រាប់តាំងទីលំនៅថ្មីមិនទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ភូមិភាគខ្លះមិនទាន់បានប្រកាសតម្លៃដីធ្លីជាក់លាក់ ដើម្បីគិតតម្លៃសំណងឧបត្ថម្ភនិងតាំងទីលំនៅថ្មី។ ល្បឿនសាងសង់សំណង់ជាច្រើនក៏រងផលប៉ះពាល់ដោយសារស្ថានភាពកង្វះខ្សាច់និងថ្ម។
មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ លោក ឡេ កុងលី ចាត់ទុកថា អត្រាផ្ដល់ផ្ទេរថវិការបស់ក្រុមការងារលេខ ២ នៅមានកម្រិតទាប ហេតុនេះ បណ្តាម្ចាស់វិនិយោគនៅក្នុងក្រុមការងារ រួមជាមួយបណ្តា មន្ទីរ គណៈ ផ្នែកនិងអង្គភាពពាក់ព័ន្ធ ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្លើយតបបានតាមតម្រូវការនៃល្បឿនអនុវត្តសំណង់និងគម្រោងនានា ព្រមទាំងលើកកម្ពស់អត្រាផ្ដល់ផ្ទេរថវិកាឱ្យបានទាន់ពេលវេលា។ យកចិត្តទុកដាក់សហការល្អដើម្បីដោះស្រាយរាល់បញ្ហាជាប់ទាក់ទិន ជាពិសេសគឺក្នុងការងាររំដោះផ្ទៃដី។ បណ្តាម្ចាស់វិនិយោគនិងភូមិភាគត្រូវកំណត់ច្បាស់ លំដាប់លំដោយនៃការអនុវត្តការងារជាក់ស្ដែងនៅតាមសំណង់នីមួយៗ ដើម្បីធានាល្បឿនផែនការ និងមានដំណោះស្រាយការលំបាកទាន់ពេល។ ម្ចាស់វិនិយោគនីមួយៗត្រូវមានផែនការ ផ្ដល់ផ្ទេរថវិកាជាក់ស្ដែង ផ្អែកលើផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុង ដោយខិតខំសម្រេចឱ្យបានអត្រាផ្ដល់ផ្ទេរថវិកាក្នុងកម្រិតខ្ពស់បំផុត៕
ខាញ់ទ្រុង - ថាច់ធី