“មានផ្ទះសម្បែងសមរម្យ ស្ងប់អារម្មណ៍រកស៊ី” នេះមិនត្រឹមតែជាក្តីប្រាថ្នារបស់ប្រជាជនគ្រប់រូបប៉ុណ្ណោះទេ ថែមទាំងជាទិសដៅដ៏សំខាន់ក្នុងគោលនយោបាយសុខុមាលភាពសង្គមរបស់បក្ស និងរដ្ឋទៀតផង។ រយៈពេលកន្លង ដោយមានការចូលរួមយ៉ាងប្តូរផ្តាច់របស់គណៈ ផ្នែកគ្រប់ថ្នាក់ ព្រមជាមួយនឹងស្មារតីជួយគ្នាទៅវិញទៅមករបស់សហគមន៍ ទើបគ្រួសារក្រីក្ររាប់ពាន់គ្រួសារទូទាំងប្រទេស បានសម្រេចនូវក្តីស្រមៃអំពីលំនៅឋានមួយខ្នងដ៏រឹងមាំ។ ផ្ទះមហាសាមគ្គីដែលបានប្រគល់ជូន មិនត្រឹមតែជួយបាំងភ្លៀង បាំងខ្យល់ប៉ុណ្ណោះទេ តែសំខាន់ជាងទៀតនោះ គឺបានទីបង្អែកនិងជាកម្លាំងចលករបន្ថែម ដើម្បីប្រជាជនស្ងប់អារម្មណ៍ពលកម្ម និងឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
មកកាន់ភូមិព្រៃជាប់ ឃុំឡាយហ្វា ទីក្រុងកឹងធើ ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ក្តីរីករាយហាក់ដូចជាបានលេចឡើងយ៉ាងច្បាស់តាមរយៈក្រសែភ្នែករបស់អ្នកមីង តាំងធីសុខ។ មានអាយុជាង៧០ ឆ្នាំប្លាយហើយ គាត់តែងបានរស់នៅក្នុងផ្ទះទ្រុឌទ្រោម ដាច់មុខដាច់ក្រោយ និងភ្លៀងលេចជាច្រើនឆ្នាំ។

ផ្ទះថ្មីរបស់អ្នកមីងតាំងធីសុខ នៅភូមិព្រៃជាប់ ឃុំឡាយហ្វា ទីក្រុងកឹងធើ។
ជាគ្រួសារក្រីក្រមួយនៅភូមិភាគ ផ្ទះឧបការគុណដែលរដ្ឋឧបត្ថម្ភសង់ជូនគ្រួសារគាត់កាលពីជាង១០ឆ្នាំមុន បានចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង។ ដោយសារពីរនាក់ប្តីប្រពន្ធគាត់មានវ័យចំណាស់ សុខភាពទន់ខ្សោយ ហើយរស់នៅជាមួយកូនប្រុសពៅធ្វើជាជាងកំបោរ ប្រាក់ចំណូលមិនលំនឹង គ្រាន់តែគ្រប់ចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ ហេតុនោះគ្រួសារគាត់គ្មានលទ្ធភាពសង់ផ្ទះថ្មី។ ប៉ុន្តែឥឡូវនេះ ផ្តើមពីប្រភពចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានឧបត្ថម្ភសង់ផ្ទះសាមគ្គីជូនគ្រួសារអ្នកមីង ជិតបានសម្រេចរួចរាល់ និងប្រគល់ជូនប្រើប្រាស់។ អង្គុយនៅក្នុងផ្ទះថ្មីដ៏រឹងមាំរបស់គាត់ អ្នកមីងសុខ ឱ្យដឹងដោយក្តីរំភើប៖ “មានផ្ទះថ្មីនេះ ខ្ញុំមានក្តីត្រេកអរក្រៃលែង ប្តីប្រពន្ធខ្ញុំចាស់ហើយ មិនធ្វើការអ្វីបាន មានតែពឹងលើកូនប្រុសដែលធ្វើជាជាងកំបោរ រកបានប្រាក់ចំណូលតែជាង ៣០០ ពាន់ដុងក្នុងមួយថ្ងៃ ក្រោយពីទូទាត់ប្រាក់សាំងរួច ក៏គ្រាន់តែគ្រប់ចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ។ មានផ្ទះថ្មីនេះ ខ្ញុំនិងកូនប្រុសមិនបារម្ភពីភ្លៀងខ្យល់ទៀតទេ”។
ក្តីរីករាយរបស់អ្នកម្តាយវ័យចំណាស់ រួមជាមួយនឹងសុភមង្គលរបស់កូនដែលជាជាងកំបោរក្រីក្រ។ អ្នកមីងរៀបរាប់៖ “ទាំងម្តាយនិងកូនមានក្តីត្រេកអរក្រៃលែង ពេលកូនត្រឡប់មកពីធ្វើការ វាក៏និយាយថាកូនត្រេកអរណាស់ម្តាយអើយ សំណាងណាស់បានបក្ស និងរដ្ឋអំណាចភូមិភាគឧបត្ថម្ភ បើមិនដូច្នោះទេ មិនដឹងតើពេលណាទើបយើងមានផ្ទះនោះទេ"។
នៅមិនឆ្ងាយពីនោះប៉ុន្មាន មានគ្រួសារបងស្រី ស៊ើងធីដារ៉ាណេ ក៏រស់នៅក្នុងភូមិព្រៃជាប់ ឃុំឡាយហ្វា ទីក្រុងកឹងធើ ក៏កំពុងរស់នៅដោយសុភមង្គលបំផុតដែរ។ គ្រួសារគាត់ជាគ្រួសារក្រីក្រ គ្មានដីផលិត ប្តីប្រពន្ធគាត់តែងដើរធ្វើការឈ្មួលគ្រប់ទីកន្លែង ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ក្តីបារម្ភធំបំផុតរបស់ប្តីប្រពន្ធគាត់គឺផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង ពេលដល់រដូវភ្លៀងម្តងៗ ប្តីប្រពន្ធនិងកូនតូចៗ៤នាក់ហាក់ដូចជាមិនដេកពេញមួយយប់ ពីព្រោះគ្មានកន្លែងស្ងួតសម្រាប់ដេក។
ប៉ុន្តែរដូវភ្លៀងឆ្នាំនេះចំពោះគ្រួសារបងស្រីណេគឺខុសពីមុខ។ ផ្តើមពីប្រភពទុនឧបត្ថម្ភ ៦០ លានដុងរបស់រដ្ឋអំណាចភូមិភាគ ព្រមជាមួយនឹងការព្រួតដៃរួមកម្លាំងរបស់បងប្អូនជាសាច់ញាតិ ផ្ទះសាមគ្គីដ៏សមរម្យមួយខ្នង មានទំហំជាង ៤៥ ម៉ែត្រការ៉េ ជិតនឹងបានសម្រេចរួចរាល់ជាបណ្តើរៗហើយ។ ឥឡូវនេះ ក្តីស្រមៃដ៏ធំបំផុតក្នុងឆាកជីវិតប្តីប្រពន្ធបងស្រីបានក្លាយជាការពិត បើកចេញនូវទំព័រជីវិតថ្មីដ៏ភ្លឺស្វាងដល់សង្គមគ្រួសារទាំងមូល។ បងស្រីណេ ឱ្យដឹងដោយទឹកភ្នែករលីមរលើម៖ "ពីមុនផ្ទះខ្ញុំទ្រុឌទ្រោម ដាច់ធ្លុះធ្លាយអស់ ប៉ុន្តែឥឡូវនេះមានផ្ទះត្រឹមត្រូវពិតជាត្រេកអរណាស់។ ដោយសារបានរដ្ឋឧបត្ថម្ភ ៦០ លានដុង រួចគ្រួសារបន្ថែមបន្តិចបន្តួចទៀត។ ពីដើមគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ មិនដឹងតើពេលណាទើបបានក្លាយជាការពិត ឥឡូវនេះ បានរដ្ឋឧបត្ថម្ភដូច្នេះខ្ញុំមានសេចក្តីត្រេកអរក្រៃលែង។

ផ្ទះថ្មីរបស់បងស្រី ស៊ើងធីតារ៉ាណេ ជិតសម្រេចរួចរាល់។ រូបថត៖ ថាញហ៊ុង
រឿងរ៉ាវរបស់គ្រួសារអ្នកមីងសុខ និងបងស្រីណេ គ្រាន់តែជាពីរគ្រួសារក្នុងចំណោមគ្រួសារដែលមានស្ថានភាពលំបាកជាច្រើនកំពុងបានរដ្ឋអំណាចឃុំឡាយហ្វាឧបត្ថម្ភ។ ឃុំឡាយហ្វា មានជនរួមជាតិខ្មែររស់នៅជាង ៧០% ដោយមានគ្រួសារក្រីក្រ៥៣គ្រួសារ និងគ្រួសារក្បែរក្រ ៦៤២ គ្រួសារ។ ការលំបាកធំបំផុតចំពោះគ្រួសារប្រជាជនជាច្រើននៅទីនេះ គឺស្ថានភាពផ្ទះទ្រុឌទ្រោមនិងខ្វះកន្លែងនៅលំនឹង។ ដឹងច្បាស់ពីប្រការនោះ ការឧបត្ថម្ភសង់ និងប្រគល់ផ្ទះមហាសាមគ្គី បានចាត់ទុកជាសកម្មភាពប្រកបដោយមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់ភូមិភាគ បង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក និងរួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវចលនា "ដើម្បីអ្នកក្រ - មិនចោលនរណាម្នាក់នៅខាងក្រោយ"។
ចែករំលែកអំពីដំណើរការត្រួតពិនិត្យ និងអនុវត្ត លោក ថាច់ភឿកតាយ - សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡាយហ្វា ឱ្យដឹង៖ “ពីប្រភពគណៈចលនាមូលនិធិដើម្បីអ្នកក្ររបស់ទីក្រុង គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សហការជាមួយសមាគមសហព័ន្ធនារី ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា និងភូមិនានា យើងខ្ញុំបានចុះទៅធ្វើការត្រួតពិនិត្យដោយផ្ទាល់ដល់គ្រួសារក្រីក្រ ក្បែរក្រនៅលើភូមិឋានឃុំ ហើយឆ្លងតាមរយៈនោះពិនិត្យជ្រើសរើសបានគ្រួសារចំនួន ២០គ្រួ គ្រប់លក្ខណៈដើម្បីសង់ផ្ទះ។ ដោយការខិតខំប្រឹងប្រែង និងពន្លឿនល្បឿន បន្ទាប់ពីដំណើរការសាងសង់បានជាងមួយខែ មកដល់ពេលនេះសំណង់ក៏បានសម្រេចរួចរាល់។ យើងខ្ញុំសង្ឃឹមថាគ្រួសារដែលទទួលបានផ្ទះ នឹងខិតខំអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព”។
មិនត្រឹមគ្រាន់តែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ផ្ទះមួយខ្នងៗដែលបានប្រគល់ជូន គឺជាទីបង្អែកដ៏រឹងមាំ ផ្តល់ក្តីជំនឿបន្ថែមដល់អ្នកទន់ខ្សោយ។ ផ្ទះដែលបានសង់ឡើងនោះ គឺផ្តើមពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ដែលកំពុងបំពេញនូវសេចក្តីប្រាថ្នាឈានឡើងដល់គ្រួសារជាច្រើននៅតំបន់សមុទ្រឡាយហ្វា៕
ថាញហ៊ុង - វិមាន