កំសាន្ត និពន្ធ

17/07/2026 - 07:31

គន្លឹះ​ល្អ​ៗដើម្បី​បញ្ជៀស​ការ​រមួល​ក្រ​ពើ​នៅ​ពេល​យប់​ 

ប្រ​សិន​បើ​អ្នក​ឧស្សា​ហ៍រមួល​ក្រ​ពើ​នៅ​ពេល​យប់​ សូម​រៀន​តាម​គន្លឹះ​ងាយ​ៗ ខាង​ក្រោម​នេះ​ភ្លាម​ ដើម្បី​បំ​បាត់​អា​រម្មណ៍​ពិ​បាក​ទ្រាំ​ពេល​រមួល​ក្រ​ពើ​។

ការ​រមួល​ក្រ​ពើ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​សាច់​ដុំ​ភ្លាម​ៗ ធ្វើ​ឱ្យ​ថយ​ចុះ​សមត្ថ​ភាព​គ្រប់​គ្រង​ឬ​ចលនា​​របស់​សាច់​ដុំ​នោះ​ក្នុង​រយៈ​ពេល​ខ្លី​។     រូប​ថត​៖ Runner’s World។

ទោះបី​ការ​រមួល​ក្រ​ពើ​មិន​បង្ក​គ្រោះ​ថ្នាក់​ ឬ​ធ្វើ​ឱ្យ​ខូច​សាច់​ដុំ​ក៏​ដោយ​ ប៉ុន្តែ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឈឺ​ចាប់​ និង​ពិ​បាក​ទ្រាំ​ជា​ខ្លាំង​។ នៅ​ពេល​រមួល​ក្រ​ពើ​ សាច់​ដុំ​របស់​អ្នក​នឹង​កន្ត្រាក់​ចូល​គ្នា​ និង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​។ ស្ថាន​ភាព​នេះ​ច្រើន​តែ​កើត​ឡើង​នៅ​ជើង​ ជា​ពិ​សេស​គឺ​កំ​ភួន​ជើង​។ ខាង​ ក្រោម​នេះ ​ជា​មូល​ហេ​តុ​ដែល​នាំ​ឱ្យ​រមួល​ក្រ​ពើ​ រួម​ជា​មួយ​គន្លឹះ​ងាយ​ៗ មួយ​ចំ​នួន​ដើម្បី​ជួយ​អ្នក​ទប់​ទល់​នឹង​វា​។

មូល​ហេ​តុ​បង្ក​ឱ្យ​រមួល​ក្រ​ពើ​

ដោយ​សារ​ការ​បាត់​បង់​ជាតិ​ទឹក​

នៅ​ពេល​ដែល​រាង​កាយ​ខ្វះ​ជាតិ​ទឹក​ វា​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ចលនា​នៃ​ចរន្ត​ឈាម​ ដែល​នាំ​ឱ្យ​កើត​មាន​ស្ថាន​ភា​ពរ​មួល​ក្រ​ពើ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពេល​ដែល​សាច់​ដុំ​មិន​បាន​ផ្គត់​ផ្គង់​ជាតិ​ទឹក​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ទេ​ សរសៃ​ប្រសាទ​ងាយ​នឹង​រំ​ញោច​ជាង​ ពេល​មាន​ផល​ប៉ះ​ពាល់​ណា​មួ​យមក​លើ​រាង​កាយ​ ដែល​ងាយ​បង្ក​ឱ្យ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​។

រាង​កាយ​រង​ភាព​ត្រ​ជាក់​

អ្នក​ជា​ច្រើន​នឹង​គេង​លក់​ស្រួល​ជាង​នៅ​ពេល​គេង​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រ​ជាក់​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រ​សិន​បើ​រាង​កាយ​រង​សី​តុ​ណ្ហ​ភាព​ត្រ​ជាក់​ខ្លាំង​ពេក​ វា​នឹង​ធ្វើ​ឱ្យ​សាច់​ដុំ​កន្ត្រាក់​ចូល​គ្នា​ និង​រឹង​ ដែល​នាំ​ឱ្យ​កើត​មាន​ស្ថាន​ភា​ពរ​មួល​ក្រ​ពើ​។ ហេ​តុ​ដូច្នេះ​ហើយ​ ពេល​ចូល​គេង​ អ្នក​គួរ​តែ​ដណ្តប់​ភួយ​កក់​ក្តៅ​នៅ​ត្រង់​ជើង​របស់​អ្នក​ ហើយ​កុំ​ទុក​ឱ្យ​បន្ទប់​ត្រ​ជាក់​ខ្លាំង​ពេក​។

ការ​ឈរ​ក្នុង​រយៈ​ពេល​យូរ​

ប្រ​សិន​បើ​ការ​ងារ​តម្រូវ​ឱ្យ​ឈរ​ពេញ​មួយ​ថ្ងៃ​ ដូច​ការ​ងារ​សន្តិ​សុខ​ បុគ្គលិក​គិត​លុយ​ ឬ​ធ្វើ​ដំ​ណើរ​ពេញមួយ​ថ្ងៃ​ និង​កាន់​យួរ​របស់​ធ្ងន់​ៗជា​ច្រើន​ អ្នក​នឹង​មាន​អា​រម្មណ៍​ហត់​នឿយ​នៅ​ត្រង់​សាច់​ដុំ​។ នៅ​ពេល​សម្រាក​ពេល​យប់​ អ្នក​នឹង​ងាយ​រមួល​ក្រ​ពើ​ខ្លាំង​ណាស់​។ ហេ​តុ​នេះ​ អ្នក​គួរ​តែ​ទុក​ឱ្យ​ដៃ​ជើង​របស់​អ្នក​បាន​សម្រាក​ ឬ​ផ្លាស់​ប្តូរ​ឥរិយាបថ​ឱ្យ​បាន​ញឹក​ញាប់​ ប្រ​សិន​បើ​កំ​ពុង​ធ្វើ​ការ​ងារ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​។

ការ​ហាត់​ប្រា​ណ​ខ្លាំង​ពេក​

ការ​ហាត់​ប្រា​ណ​គឺ​ល្អ​ណាស់​សម្រាប់​សុខ​ភាព​ និង​ជួយ​បន្ថយ​ស្ថាន​ភា​ពរ​មួល​ក្រ​ពើ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រ​សិន​បើ​ហាត់​ប្រា​ណ​ច្រើន​ជា​មួយ​នឹង​លំ​ហាត់​ប្រា​ណ​ធ្ងន់​ៗនោះ​ ឱ​កាស​ដែល​អ្នក​រមួល​ក្រ​ពើ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ដោយ​សារ​តែ​សាច់​ដុំ​កន្ត្រាក់​។

គន្លឹះ​ងាយ​ៗជួយ​បញ្ជៀស​កុំ​ឱ្យ​រមួល​ក្រ​ពើ​ពេល​គេង​

ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ

ការ​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗមុន​ពេល​ចូល​គេង​ គឺ​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​បន្ថយ​ការ​ឈឺ​សាច់​ដុំ​ និង​ជៀស​វាង​ការ​រមួល​ក្រ​ពើ​។ ក្រៅ​ពី​នេះ​ ទឹក​ក្តៅ​ឧណ្ហ​ៗ អាច​ជួយ​សម្រាល​ និង​ធ្វើ​ឱ្យ​សាច់​ដុំ​បាន​ធូរ​ស្រាល​។

ពិ​សារ​ទឹក​ជ្រក់​

ប្រ​សិន​បើ​គ្មាន​ភេ​សជ្ជៈកី​ឡា​ ឬ​ទឹក​នៅ​ក្បែរ​ខ្លួន​ដើម្បី​បំ​ពេញ​ជាតិ​ទឹក​ភ្លាម​ៗពេល​ស្រេក​ទឹក​ទេ​នោះ​ អ្នក​អាច​ពិ​សារ​ទឹក​ជ្រក់​បន្តិច​បន្តួច​បាន​។ វា​ផ្ទុក​ទៅ​ដោយ​សារ​ធា​តុ​ស្ទើរ​តែ​ទាំង​អស់​ដែល​សាច់​ដុំ​របស់​អ្នក​ត្រូវ​ការ​ ដើម្បី​ជៀស​វាង​ការ​រមួល​ក្រ​ពើ​នៅ​ពេល​យប់​។

ទទួល​ទាន​ចេក​

ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែជា​ច្រើន​ដែល​អាច​ប្រ​ឆាំង​នឹង​បញ្ហា​រមួល​ក្រ​ពើ​។ វា​ក៏​ផ្ទុក​សារ​ធា​តុ​កាបូ​អ៊ីដ្រា​ត ដែល​ជួយ​បំ​ពេញ​បន្ថែម​ជាតិ​ស្ករ​ និង​ជួយ​ពន្លឿន​ ពេល​វេលា​ស្តា​រឡើង​វិញ​នៃ​សាច់​ដុំ​។ ទោះ​បី​ជា​ការ​ទទួល​ទាន​ចេក​ប្រហែល​ជា​មិន​អាច​ជួយ​អ្នក​ជៀស​វាង​ការ​រមួល​ក្រ​ពើ​បាន​ទាំង​ស្រុង​ក៏​ដោយ​ ប៉ុន្តែ​វា​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរ​តែ​សាក​ល្បង​។

បំ​ពេញ​បន្ថែម​ជាតិ​ម៉ាញេស្យូម

អា​ហារ​ដែល​ផ្ទុក​ជាតិ​ម៉ាញេស្យូមជួយ​បាន​ច្រើន​ណាស់​ សម្រាប់​អ្នក​ដែល​ឧស្សា​ហ៍រមួល​ក្រ​ពើ​ពេល​យប់​។ ដួច​ជា​ ផ្លែ​ប៊ឺ សណ្តែ​ក ស្ពៃ​ពួយ​ឡេង សូ​កូ ឡា​ខ្មៅ​ តៅ​ហ៊ូ​... គឺ​ជា​អា​ហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ម៉ាញេស្យូម និង​សារ​ធា​តុ​ចិញ្ចឹម​ផ្សេង​ៗទៀត​ ដែល​អ្នក​គួរ​តែ​បន្ថែម​ទៅ​ក្នុង​របប​អា​ហារ​របស់​អ្នក​។

ទទួល​ទាន​ផ្លែ​អា​ព្រី​កូត​ក្រៀម​

ផ្លែ​អា​ព្រី​កូត​ក្រៀម​ផ្ទុក​នូវ​ជាតិ​ប៉ូតា​ស្យូមយ៉ាង​ច្រើន​ ដែល​អាច​បន្ថយ​ការ​កន្ត្រាក់​សាច់​ដុំ​ និង​ជួយ​បាន​ច្រើន​ដល់​អ្នក​ដែល​មាន​បញ្ហា​រមួល​ក្រ​ពើ​។ សាកល្បង​ទទួល​ទាន​ផ្លែ​អា​ព្រី​កូត​ក្រៀម​ពីរ​ផ្លែ​ជា​រៀង​រាល់​ ថ្ងៃ​ក្នុង​រយៈ​ពេល​ ១ ខែ​ អ្នក​នឹង​ឃើញ​ពី​ប្រ​សិទ្ធ​ភាព​របស់​វា​៕

             ប្រ​ភព​÷ vietnamnet.vn - សុផន

ចែករំលែកអត្ថបទ