គល់គគីរដែលមានឫសច្រងេងច្រងាងកប់ក្នុងដី ដែលទុកដូចជាអុសស្ងួត តាមរយៈស្នាដៃដ៏ប៉ិនប្រសប់របស់សិល្បករ ដាវសឿន ក៏បានក្លាយជាផលិតផលសិប្បកម្មដ៏មានតម្លៃ។ ដោយយោងទៅតាមទម្រង់ធម្មជាតិរបស់ឈើ រួមផ្សំនឹងមនសិការស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ លោកបានបញ្ចូលព្រលឹងទៅក្នុងសរសៃឈើដ៏គ្រើមគ្រាត ឱ្យក្លាយជាស្នាដៃដ៏អស្ចារ្យ ដែលធ្វើឱ្យអ្នកស្រឡាញ់សិល្បៈប្រជែងគ្នាទិញ។

សិល្បករ ដាវសឿន កំពុងខិតខំកែច្នៃនិងដុសខាត់គល់ឈើមួយយ៉ាងធំ
ក្នុងរោងជាងរបស់គាត់។
បទពិសោធន៍ជាង ២៥ ឆ្នាំ “មើលឈើឃើញរូបរាង”
សិល្បករ ដាវសឿន (កើតឆ្នាំ ១៩៧៧) នៅអនុសង្កាត់អង្គុលី សង្កាត់ដុងថាញ់ ខេត្តវិញឡុង ចាប់ចិត្តនិងប្រកបរបរចម្លាក់ឈើតាំងពីអាយុ ២៣ ឆ្នាំ។ គិតមកទល់ពេលនេះ លោកបានចំណាយពេលជាង២០ឆ្នាំ ផ្សារភ្ជាប់ជីវិតនឹងសំឡេងដាប់ សំឡេងដុសខាត់ និងក្លិនក្រអូបរបស់ឈើ។ វត្ថុធាតុដើមបង្កើតកេរ្តិ៍ឈ្មោះរបស់លោក គឺគល់គគីរ គល់ចាមរី គល់មៀនជាដើម ដែលជាប្រភេទឈើមានសាច់រឹងមាំនិងពិបាកច្នៃបំផុតនៃតំបន់ព្រែកទន្លេណាមបូ។ ជាពិសេសគឺគល់គគីរមានភាពធំច្រងេងច្រងាង ការកែច្នៃទាមទារនូវកម្លាំងស៊ូដ៏ស្វិតស្វាញ និងគូដៃប៉ិនប្រសប់។
កាលពីមុន លោកត្រូវចំណាយពេលពិនិត្យរូបរាងយ៉ាងយូរ ប៉ុន្តែបច្ចុប្បន្ន លោកសម្រេចដល់កម្រិតគ្រូជាងដែលមានសមត្ថភាព “មើលឈើឃើញរូបរាង”។ គ្រាន់តែក្រឡេកមើលដុំឈើពក ឬប្រហោងពីធម្មជាតិ លោកអាចព្រាងរូបរាងស្នាដៃយ៉ាងច្បាស់ក្នុងចិត្តភ្លាម។ ចាប់ពីនោះមក លោកអនុវត្តផ្នត់គំនិត "ច្នៃតាមទម្រង់ឈើ" ដើម្បីបង្កើតចេញជាស្នាដៃមានជីវិតរស់រវើក ជៀសវាងការតភ្ជាប់ ឬបំផ្លាញរូបរាងធម្មជាតិនៃគល់ឈើដើម។

គំនរគល់ឈើគគ្រើមនិងមានឫសស្មុគស្មាញ ដែលរាល់គ្នាគិតថាជាអុសដុត ពេលនេះបានសិល្បករ ដាវសឿន ជ្រើសរើសធ្វើជាវត្ថុធាតុដើម ដើម្បីច្នៃទៅជាវណ្ណកម្មសិល្បៈល្អឯក។
ដំណើរការច្នៃបង្កើតវណ្ណកម្មសិល្បៈ
តាមសម្ដីលោកដាវសឿន ដំណើរការបង្ហើយស្នាដៃនីមួយៗ ទាមទារភាពផ្ចិតផ្ចង់ជាទីបំផុត ចាប់តាំងពីការបង្កើតទម្រង់តាមឫសឈើ ការឆ្លាក់លម្អិតក្បាល កន្ទុយ ជើង រហូតដល់វគ្គខាត់ឱ្យរលោង និងព្រួសថ្នាំឬលាបពណ៌មាស។ រូបចម្លាក់នានាដូចជា “ខ្លែងចាប់ពស់” ដែលមើលទៅទាក់ទាញខ្លាំង មានតម្លៃចាប់ពី ៦ ទៅ ១០ លានដុង ទៅតាមទំហំនិងកម្រិតពិបាក។ ដោយភាពប៉ិនប្រសប់ កេរ្តិ៍ឈ្មោះរបស់លោកបានល្បីរន្ទឺសុះសាយទៅដល់បណ្តាខេត្តនានាដូចជា ខេត្តឡុងអាង និងថែមទាំងល្បីឆ្លងដែនទៅដល់ប្រទេសកម្ពុជាទៀតផង។ ការងារដែលមានជាប្រចាំនេះ បាននាំមកនូវប្រភពចំណូលដ៏ស្ថិរភាពប្រហែល ១៥ លានដុងក្នុងមួយខែ។
ជាពិសេស ថ្វីដៃរបស់លោកកាន់តែបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការបញ្ជាទិញគ្រឿងសង្ហារិមខ្នាតធំៗ។ កាលពីជាង ២ ឆ្នាំមុន លោកឡឹមហ្វាងវ៉ូ (ត្រូវជាកូនប្រសាររបស់លោកយាយ ហាយគឹមកួន) បានបញ្ជាទិញតុគល់ឈើមួយសម្រាប់ ដែលមានកៅអីចំនួន ៦ និងសត្វខ្លែងមួយគូ ក្នុងតម្លៃសរុប ៥០ លានដុង ដើម្បីយកទៅដាក់ក្នុងផ្ទះដែលទើបសង់ថ្មី។

លោកយាយ ហាយគឹមកួន ផ្ទះនៅអនុសង្កាត់អង្គុលី សង្កាត់ដុងថាញ់ ខេត្តវិញឡុង បង្ហាញទឹកមុខរីករាយនៅក្បែរតុកៅអីធ្វើពីគល់ឈើ ដែលជាស្នាដៃចម្លាក់របស់សិល្បករ ដាវសឿន។
លោកយាយ ហាយគឹមកួន បានចែករំលែកទាំងក្តីរំភើប៖ "មានតុនិងកៅអីនេះយកមកដាក់ក្នុងផ្ទះដែលទើបតែសង់រួចរាល់ នរណាមកលេងក៏សរសើរពីថ្វីដៃចម្លាក់របស់ ដាវសឿនដែរ។ ចាប់តាំងពីទិញតុនិងកៅអីនេះមកដាក់ក្នុងផ្ទះ ខ្ញុំសង្កេតឃើញថាកូនៗរបស់ខ្ញុំតែងតែរកស៊ីមានបាន ហើយធ្វើអ្វីក៏ហេងដែរ ហេតុនេះហើយបានជាខ្ញុំស្រឡាញ់និងថែរក្សាតុនិងកៅអីនេះណាស់!"។
កង្វល់ខ្លាចបាត់បង់របរប្រពៃណី
ក្នុងនាមជាកូនចៅជនរួមជាតិខ្មែរ លោកដាវសឿន តែងតែមានក្តីកង្វល់ជាប់ក្នុងចិត្តជានិច្ចអំពីការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី។ ក្នុងចំណោមគំរូសិល្បៈសិប្បកម្មទាំងឡាយ ការចម្លាក់រូបសត្វហង្សនិងរូបនាគរាជ តែងតែជាការសាកល្បងដ៏លំបាកបំផុត ព្រោះមានក្បូរក្បាច់រចនាព័ទ្ធពេនខ្វាត់ខ្វែងនិងស្មុគស្មាញជាទីបំផុត។ ដោយបារម្ភខ្លាចក្រែងវិជ្ជាចម្លាក់ដ៏វិសេសវិសាលនេះត្រូវបាត់បង់ទៅ លោកតែងបើកទ្វាររោងជាង ដើម្បីទទួលបង្រៀនរបរនេះដោយឥតគិតថ្លៃដល់យុវជននៅក្នុងតំបន់។
ទោះបីជាមានជំនាញច្បាស់លាស់ និងមានរោងជាងដ៏រឹងមាំហើយក៏ដោយ លោកដាវសឿន នៅតែបន្ទាបខ្លួនជានិច្ច។ លោកបាននិយាយចេញពីចិត្ត៖ “សម្រាប់ខ្ញុំ រឿងរៀនសូត្រគឺមិនចេះចប់ឡើយ។ មុខរបរចម្លាក់នេះវាធំធេងណាស់ គល់ឈើនីមួយៗដែលអូសចូលមកដល់រោងជាង សុទ្ធតែជាមេរៀនថ្មីសម្រាប់ជាងឆ្លាក់ទាំងអស់។ បញ្ហាប្រឈមធំបំផុតគឺយុវជនបច្ចុប្បន្នខ្វះការអត់ធ្មត់ ងាយបាក់ទឹកចិត្តពេលជួបសរសៃឈើគគ្រើមក្រាស់ៗ។ ទន្ទឹមនឹងនោះ ខ្ញុំត្រៀមខ្លួនជានិច្ចដើម្បីណែនាំ ផ្ទេរចំណេះដឹងដោយឥតគិតថ្លៃ និងមិនលាក់លៀមល្បិចរបរឡើយ ក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់របរចម្លាក់ដល់យុវជន ដើម្បីរួមគ្នារក្សាក្បូរក្បាច់រចនាប្រពៃណីរបស់ជនរួមជាតិ ជៀសវាងការបាត់បង់ទៅថ្ងៃអនាគត”។
របរចម្លាក់គល់ឈើរបស់សិល្បករ ដាវសឿន មិនត្រឹមតែនាំមកនូវប្រភពចំណូលស្ថិរភាពសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏ធំធេងនោះគឺការលត់ដំចិត្តឱ្យមានសេចក្តីអត់ធ្មត់ខ្ពស់បំផុតរបស់អ្នកកាន់ពន្លាក។ វាជាដំណើរនៃការដាស់ព្រលឹងបណ្តុំគល់ឈើឥតវិញ្ញាណ ដែលធ្លាប់តែដេកកប់ជ្រៅក្នុងភក់ល្បាប់ឱ្យរស់ឡើងវិញ ព្រមទាំងបង្កើតរូបរាងថ្មីដ៏មានមោទនភាព ឧត្តុង្គឧត្តម និងនាំមកនូវសិរីសួស្តីជ័យមង្គលដល់អ្នកជាវយកទៅផង៕
ថាច់ធី