ពេលរំលឹកដល់ទីក្រុងកឹងធើ អ្នកជាច្រើនតែងនឹកឃើញភ្លាមដល់វត្តខ្មែរបុរាណ ដែលមានស្ថាបត្យកម្មដ៏ពិសេស។ ប៉ុន្តែ ទន្ទឹមនឹងទីតាំងទេសចរណ៍ដែលធ្លាប់បានស្គាល់ទាំងនោះ ភូមិភាគនៅមានកន្លែងទស្សនាកម្សាន្តថ្មីៗជាច្រើនទៀត។ក្នុងនោះ ទីកន្លែងទេសចរណ៍តឹងហ្វេវៀងនៅឃុំអាងនិញ ទីក្រុងកឹងធើ កំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ ជាមួយនឹងសំណង់ស្ថាបត្យកម្មប្លែកៗជាច្រើន។

ចេតិយផ្កាឈូក។
ចំណុចលេចធ្លោបំផុតនៃមណ្ឌលទេសចរណ៍ គឺសំណង់ចេតិយផ្កាឈូក ដែលមានរូបសណ្ឋានផ្កាឈូកធំអស្ចារ្យមួយស្ថិតនៅកណ្តាលបរិវេណ។ សំណង់នេះបានសាងសង់លើផ្ទៃដីប្រមាណជាង ៤២.០០០ ម៉ែត្រការ៉ែ កម្ពស់ ៦៨ ម៉ែត្រ មាន៣ជាន់។ ខាងក្នុងចេតិយមានតម្កល់ព្រះពុទ្ធបដិមាសាងពីទង់ដែងបិទមាស កម្ពស់ ៦,៨ ម៉ែត្រ បានរចនាល្អវិចិត្រ រួមជាមួយប្រព័ន្ធបង្វិលដោយស្វ័យប្រវត្តិ។
មិនត្រឹមតែមានចេតិយប៉ុណ្ណោះទេ តឹងហ្វេវៀងកំពុងពង្រីកបន្ថែមប្រព័ន្ធអេកូឡូស៊ីទេសភាពសម្បូរបែប។ នៅជុំវិញចេតិយមានផ្លូវដើរ សួនផ្កា ទេសភាពសិប្បនិម្មិត ល្បាក់ទឹក។ល។ ភ្ញៀវទេសចរ អាចដើរកម្សាន្តនៅលើស្ពានទ្រឿងថ ជាស្ពានអាកាសក្រាលដោយឈើទាំងស្រុង។ ដើរឆ្លងទេសភាពសិប្បនិម្មិត ក្រពុំឈូកឈរលើស្ពានគយគន់ជុំវិញទិដ្ឋភាពបរិវេណ។
នៅទល់មុខនឹងចេតិយ គឺភ្នំសិប្បនិម្មិតវ៉ាងភុកស៊ើងខ្ពស់ត្រដែត មានកម្ពស់ស្មើនឹងអាគារ១០ជាន់។ ចំណុចដែលចាប់អារម្មណ៍បំផុត នោះគឺបាទដៃធំមួយគូកំពុងត្រងទឹកពីល្បាក់ទឹកធ្លាក់ចុះ គួបផ្សំនឹងផ្លូវដើរធ្វើពីកញ្ចក់លើអាកាស នាំមកជូនភ្ញៀវទេសចរ នៅជ្រុងទិដ្ឋភាពមួយដ៏ប្លែកភ្នែកដែលសម្លឹងពីលើចុះ។

ភ្នំសិប្បនិម្មិតវ៉ាងភុកស៊ើង រួមជាមួយប្រព័ន្ធស្ពានកញ្ចក់។
លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសរបស់តឹងហ្វេវៀង គឺការរួមបញ្ចូលរវាងទេសចរណ៍និងការផ្សព្វផ្សាយតម្លៃភូមិរបរប្រពៃណី។ នៅទីនេះ ភ្ញៀវទេសចរមានឱកាសស្វែងយល់ពីប្រវត្តិនៃការបង្កើតរបរធ្វើនំតាវសានិងសាច់ក្រកនៃតំបន់ កំពង់ធំ តាមរយៈមណ្ឌលតាំងពិព័រណ៍និងការអត្ថាធិប្បាយ។ តាមផ្ទាំងកញ្ចក់ភ្ញៀវទេសចក៏អាចមើលឃើញផ្ទាល់នូវខ្សែសង្វាក់ផលិតនំតាវសានិងផលិត ពិសេសប្រចាំតំបន់។
បន្ទាប់ពីដំណើរទស្សនាកម្សាន្ត ភ្ញៀវទេសចរអាចឆៀងចូលមណ្ឌលលក់ទំនិញដើម្បីភ្លក់រសជាតិ ឬទិញផលិតផល នំតាវសានិងសាច់ក្រកធ្វើជាជំនូន។ គួបផ្សំនឹងការទស្សនា ឆ្លងបទពិសោធន៍និងការភ្លក់រសជាតិម្ហូបអាហារ បានបង្កការទាក់ទាញដោយឡែកសម្រាប់ទីកន្លែងទេសចរណ៍តឹងហ្វេវៀង។
ជាមួយនឹងឧត្តមភាពស្ថិតនៅក្បែរផ្លូវជាតិ មួយអន្លើដោយការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងផលិតផលទេសចរណ៍តឹងហ្វេវៀង កំពុងក្លាយជាកន្លែងទាក់ទាញក្នុងដំណើរស្វែងយល់ពីទីក្រុងកឹងធើ រួមចំណែកធ្វើឱ្យសម្បូរបែបផលិតផលទេសចរណ៍របស់ភូមិភាគ ក្រៅពីវត្តខ្មែរដ៏ល្បីៗនៃតំបន់តីដូ៕
វឌ្ឍា-មុនី