មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/06/2026 - 19:39

ទឹក​ចិត្ត​របស់​លោក​គ្រូ​ចាង​ហ្វាង​ដែល​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ជាង ៣០ លើក 

ក្នុង​រយៈ​ពេល ១៨ ឆ្នាំ​កន្លង លោក​គ្រូ​ត្រា​តឹង​ខាញ់ ចាង​ហ្វាង​សា​លា​បឋម​សិក្សា​ដាយ​អឹង A នៅ​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ តែង​តែ​ផ្ដល់​ក្ដី​សង្ឃឹម​និង​ទំ​នុក​ចិត្ត​ជូន​អ្នក​ជំ​ងឺ តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ជាង ៣០ លើក។ សកម្ម​ភាព​មនុស្ស​ធម៌​នេះ សុទ្ធ​សឹង​តែ​ចេញ​ពី​ទស្សនៈ​យល់​ឃើញ​ថា “មួយ​តំ​ណក់​ឈាម​ដែល​បរិ​ច្ចាគ គឺ​បាន​នាំ​មក​នូវ​ឱកាស ទំ​នុក​ចិត្ត​និង​ក្ដី​សង្ឃឹមក្នុង​ការ​រស់​រាន​មាន​ជីវិត​សម្រាប់​អ្នក​ជំងឺ”។

ឆ្លង​កាត់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បំ​ពេញ​ការ​ងារ​ក្នុង​ផ្នែក​អប់រំ លោក​គ្រូ​ខាញ់ តែង​កំ​ណត់​ក្នុង​ចិត្ត​ថា ក្នុង​នាម​ជា​គ្រូ​បង្រៀន​ម្នាក់ មិន​ត្រឹម​តែ​ផ្ទេរ​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​ល្អ​ប្រ​សើរ​ទៅ​កាន់​សិស្សា​នុសិស្ស និង​សហ​គមន៍​ទៀត​ផង។ ហេតុ​ដូច្នេះ ក្រៅ​ពី​ការ​បំ​ពេញ​ល្អ​ភារ​កិច្ច ក្នុង​ឆ្នាំ ២០០៨ លោក​គ្រូ​ខាញ់ នៅ​ទាំង​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចល​នា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត។ លោក​គ្រូ​ខាញ់ បាន​ឱ្យ​ដឹង៖ “ពេល​ឮ​ការ​បរិ​ច្ចាគ​ឈា​ស្ម័គ្រ​ចិត្ត ភាគ​ច្រើន​គ្រូ​បង្រៀន​ក្នុង​សា​លា​តែង​បដិ​សេធ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​ការ​ងារ។ ពេល​នោះ ខ្ញុំ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ចូល​រួម ដោយ​បំ​ណង​ចង់​ធ្វើ​ជា​គំរូ និង​ជំ​រុញ​ចល​នា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​របស់​សា​លា​កាន់​តែ​រីក​សាយ​ភាយ”។ អា​ស្រ័យ​ដោយ​មាន​ជំ​នឿ​ចិត្ត​បែប​នោះ រួម​ផ្សំ​នឹង​ការ​គាំ​ទ្រ លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួ​សារ ធ្វើ​ឱ្យ​លោក​គ្រូ​ខាញ់ មាន​ស្មារតី​ពុះ​ពារ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​បណ្ដា​ចល​នា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត ដែល​ភូមិ​ភាគ​និង​ផ្នែក​អប់រំ​បំ​ផុស​ចល​នា។ តាម​ការ​រៀប​រាប់​របស់​លោក​គ្រូ​ខាញ់ គ្រា​ចូល​រួម​បរិច្ចាគ​ឈាម​លើក​ដំ​បូង គាត់​ក៏​មាន​អា​រម្មណ៍​ភិត​ភ័យ​បន្តិច​បន្តួច ប៉ុន្តែ​នៅ​ពេល​ដឹង​ថា បរិ​មាណ​ឈាម​របស់​ខ្លួន​អាច​ជួយ​សង្គ្រោះ​ដល់​អ្នក​ជំ​ងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ព្យា​បាល​ជំងឺ​នោះ អា​រម្មណ៍​ភិត​ភ័យ​ទាំង​ប៉ុន្មាន​ក៏​រលាយ​បាត់​អស់ ជំ​នួស​មក​វិញ​គឺ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ជា​ទង្វើ​មួយ​ប្រ​កប​ដោយ​អត្ថ​ន័យ​ក្នុង​សង្គម។ ចាប់​តាំង​ពី​ពេល​នោះ​មក រាល់​ពេល​ដែល​ផ្នែក​អប់រំ​បំ​ផុស​ចល​នា លោក​គ្រូ​តែង​តែ​ម្ចាស់​ការ​ចុះ​ឈ្មោះ​ចូល​រួម។ លោក​គ្រូ​ខាញ់ បាន​ចែក​រំ​លែក៖ “ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​មាន​ផល​ប្រ​យោជន៍​ច្រើន​ណាស់ ដ្បិត​អី​បាន​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ បាន​ទទួល​ការ​ប្រឹក្សា​យោ​បល់​បង្ការ​ជំងឺ​មួយ​ចំ​នួន ហើយ​រាង​កាយ​តែង​បង្កើត​បរិ​មាណ​ឈាម​ថ្មី​ដែល​ល្អ​ជាង​មុន។ ហេតុ​នេះ ប្រ​សិន​បើ​ការ​បរិច្ចាគ​ឈាម​មិន​ចំ​ពេល​ដែល​មាន​ការ​ងារ​សំ​ខាន់​ទេ​នោះ ខ្ញុំ​តែង​ស្ម័គ្រ​ចិត្ត​ចូល​រួម​បរិច្ចាគ​ឈាម ២ ដង​ក្នុង​មួយ​ឆ្នាំ”។

លោក​គ្រូ ត្រា​តឹង​ខាញ់ - អ្នក​ដែល​មាន​ស្នា​ដៃ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ជាង ៣០ លើក។

ឆ្លង​កាត់​រយៈ​ពេល ១៨ ឆ្នាំ មាន​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ជាង ៣០ លើក គឺ​ជា​ភស្តុ​តាង​យ៉ាង​ច្បាស់ បញ្ជាក់​ពី​ភាព​មុត​មាំ​នៃ​ទឹក​ចិត្ត​មនុស្ស​ធម៌​ដ៏​ប្រ​ពៃ​របស់​លោក​គ្រូ។ ចំ​ពោះ​លោក​គ្រូ​ខាញ់ ការ​បរិច្ចាគ​ឈាម​មិន​មែន​ជា​ការ​ធ្វើ​ឡើង​មួយ​ភ្លេត មួយ​ខណៈ​នោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយ​ទៅ​ជា​កា​តព្វ​កិច្ច​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គមន៍។ លោក​គ្រូ​ខាញ់ បាន​ឱ្យ​ដឹង៖ “ការ​បរិច្ចាគ​ឈាម​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ ហើយ​ខ្ញុំ​តែង​ចាត់​ទុក​ការ​បរិច្ចាគ​ឈាម​នេះ​ជា​ក្ដី​សប្បាយ​រីក​រាយ។ ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា ខ្លួន​ឯង​កំ​ពុង​តែ​ផ្ដល់​នូវ​កម្លាំង​ចិត្ត​រស់​រាន​ដល់​អ្នក​ជំ​ងឺ និង​បង្ក​ទំ​នុក​ចិត្ត កម្លាំង​ចិត្ត​ដល់​អ្នក​ដែល​ចង់​ចូល​រួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស”។ សេច​ក្ដី​ថ្លៃ​ថ្នូរ​របស់​លោក​គ្រូ​ខាញ់ គឺ​ក្រៅ​ពី​ឈាន​មុខ​គេ​ក្នុង​ការ​ចូល​រួម​បរិ​ច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត លោក​គ្រូ​នៅ​ទាំង​ចល​នា​ដល់​មិត្ត​រួម​ការ​ងារ សមា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​ជន និង​អា​ណា​ព្យា​បាល​សិស្ស​ឱ្យ​ចូល​រួម ដើម្បី​ឱ្យ​ចល​នា​បរិច្ចាគ​ឈាម​កាន់​តែ​រីក​សាយ​ភាយ។ ក្នុង​នោះ លោក​គ្រូ​យក​សុខ​ភាព​ផ្ទាល់​ខ្លួន​ធ្វើ​ជា​ភស្តុ​តាង​បញ្ជាក់​ថា​ការ​បរិច្ចាគ​ឈាម គឺ​ជា​ទង្វើ​ដ៏​ឧត្តុង្គ​ឧត្តម បង្ក​បាន​នូវ​ជំ​នឿ​ចិត្ត និង​ជី​វិត​រស់​រាន​សម្រាប់​អ្នក​ជំ​ងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម។ អ្នក​គ្រូ​ទ្រិញ​ធី​ត្រាង​ដាយ គ្រូ​បង្រៀន​នៅ​ក្នុង​សា​លា​បាន​ឱ្យ​ដឹង៖ “ច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​យល់​ឃើញ​ថា​សុខ​ភាព​ខ្លួន​ឯង​មិន​សូវ​ល្អ ទើប​មិន​ហ៊ាន​បរិ​ច្ចាគ​ឈាម ពេល​បាន​លោក​គ្រូ​ខាញ់​លើក​ទឹក​ចិត្ត វិភាគ​ពី​ផល​ប្រ​យោជន៍​នៃ​ការ​បរិច្ចាគ​ឈាម ទើប​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ចូល​រួម។ លើក​ដំ​បូង​ទៅ​បរិ​ច្ចាគ​ឈាម បាន​ពិ​និត្យ​សុខ​ភាព ពេល​ដឹង​ថា​រាង​កាយ​មាន​សុខ​ភាព​គ្រប់​គ្រាន់ ខ្ញុំ​ក៏​បាន​បរិច្ចាគ​ឈាម​ភ្លាម។ ក្រោយ​ពី​បាន​បរិ​ច្ចាគ​ឈាម​ចំ​នួន ២ លើក​រួច​មក ខ្ញុំ​មាន​អា​រម្មណ៍​ថា រាង​កាយ​ស្រាល​ស្រ​ឡះ សុខ​ភាព​ស្រួល ស្បែក​មុខ​ស្រស់​ថ្លា និង​មាន​ទំ​នុក​ចិត្ត​ពេល​ឈរ​នៅ​លើ​វេទិ​កា​បង្រៀន មិន​អស់​កម្លាំង​ដូច​មុន​ឡើយ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​នឹង​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត រហូត​ដល់​ពេល​ណា​រាង​កាយ​មិន​អនុញ្ញាត​ទើប​ឈប់”។

តាម​ប្រ​សាសន៍​លោក​គ្រូ​ខាញ់ អំ​ពើ​ល្អ​និង​មនុស្ស​ធម៌ មិន​ប្រ​កាន់​អា​យុ មុខ​របរ ឬ​ជន​ជាតិ​ឡើយ ឱ្យ​តែ​ផុស​ចេញ​ពី​ចិត្ត​ស្មោះ​សរ​ពិត​ប្រា​កដ គឺ​សុទ្ធ​តែ​អាច​បង្កើត​ឡើង​នូវ​តម្លៃ​ដ៏​ល្អ​ប្រ​ពៃ​ក្នុង​ឆាក​ជី​វិត។ នៅ​ក្នុង​សា​លា​បឋម​សិក្សា​ដាយ​អឹង ២A លោក​គ្រូ​ខាញ់ គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​ម្នាក់ តែង​មាន​ភាព​ជិត​ស្និទ្ធ និង​ពោរ​ពេញ​ដោយ​ស្មារតី​ចែក​រំ​លែក ជា​និច្ច​កាល​តែង​ទទួល​បាន​នូវ​ការ​គោ​រព មោ​ទន​ភាព​ពី​លោក​គ្រូ​អ្នក​គ្រូ ចំ​ពោះ​ស្មារតី​ស្ម័គ្រ​ចិត្ត និង​ការ​ងារ​ដ៏​មាន​ប្រ​យោជន៍​ចំ​ពោះ​មិត្ត​រួម​ការ​ងារ​និង​សហ​គមន៍៕

យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ