ជាមួយនឹងគោលដៅផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចជនបទ បង្កើនប្រាក់ចំណូលរបស់ប្រជាជនឱ្យបានឆាប់រហ័ស វិនិយោគកសាងនិងបង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺប្រព័ន្ធគមនាគមន៍ ធារាសាស្ត្រ អគារសិក្សានិងសំណង់សុខុមាលភាពសង្គម ដើម្បីលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជននៅតំបន់ជនបទ តែងបានឃុំដូងចូវ ខេត្តវិញឡុងយកចិត្តទុកដាក់។

រដ្ឋអំណាចភូមិភាគនិងប្រជាជនកសាងដងផ្លូវខេត្ត ៩១៤ ភ្លឺ - បៃតង - ជ្រះ - ស្អាត។
អ្នកស្រី ហ្វិញធីត្រេវ លេខាគណៈកម្មាធិការបក្សឃុំដូងចូវ ឱ្យដឹង៖ “ចាប់តាំងពីពេលអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីមក ឃុំក៏ជួបការលំបាកជាច្រើនដែរ។ ប៉ុន្តែដោយសារការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តរបស់បក្ខភាគ រដ្ឋអំណាច និងការយល់ព្រមគាំទ្រពីសំណាក់ប្រជាជន មកទល់ពេលនេះ ឃុំដូងចូវសម្រេចបាន ១៨/១៩ លក្ខឋានកសាងជនបទថ្មី។ ចំពោះការកសាងឃុំជនបទថ្មីកម្រិតខ្ពស់ ឃុំសម្រេចបាន ១៥/១៩ លក្ខឋាន”។
ដោយកំណត់ច្បាស់គោលដៅនៃកម្មវិធីកសាងជនបទថ្មី ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន ឃុំដូងចូវបានឆ្លៀតឱកាសជាអតិបរមាប្រើប្រាស់ប្រភពទុនជាច្រើន វិនិយោគធ្វើឱ្យសុក្រឹតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ ព្រមទាំងកៀរគរកម្លាំងផ្ទៃក្នុងដើម្បីអនុវត្តផ្នែកសំណង់នៃកម្មវិធី ពិសេសគឺការឈូសឆាយពង្រាបផ្ទៃដីបម្រើឱ្យការកសាងប្រព័ន្ធគមនាគមន៍ជនបទ។ អាស្រ័យដោយអនុវត្តល្អការ ឃោសនាប្រជាជនបានយល់ច្បាស់ថា ការកសាងជនបទថ្មីដើម្បីជីវភាពរបស់ពួកគាត់ ទើបប្រជាជនយល់ព្រមនិងគាំទ្រពេញទំហឹង។
លោក ថាច់ង៉ុកភឿង នៅភូមិបាយ៉ាម ឱ្យដឹងដោយក្តីរីករាយ៖ “កន្លងហើយ ឃុំបានចលនាកសាងផ្លូវបេតុងរបស់ភូមិជាមួយគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” គ្រួសារខ្ញុំបានគាំទ្រ និងបរិច្ចាគដីប្រមាណ ៣០០ ម៉ែត្រការ៉េធ្វើផ្លូវ ព្រោះយល់ឃើញថា ប្រសិទ្ធភាពនៃការធ្វើផ្លូវមិនត្រឹមតែបម្រើដល់គ្រួសារ ខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបម្រើដល់កសិករនៅទីនេះឱ្យមានភាពងាយស្រួលធ្វើដំណើរទៅមក ជួញដូរទំនិញ រួមចំណែកកសាងជនបទថ្មី។ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជននៅទីនេះ ពិតជាបានផ្លាស់ថ្មីយ៉ាងច្បាស់ក្រឡែត”។
ទន្ទឹមនឹងការជួយឧបត្ថម្ភពីរដ្ឋ ក៏មានការចូលរួមកម្លាំងពីសំណាក់ប្រជាជនផងដែរ។ មកដល់ពេលនេះ ប្រព័ន្ធផ្លូវគមនាគមន៍ជនបទ ធារាសាស្ត្រជាសារវ័ន្តសម្រេចជាស្ថាពរធានាដល់ការបង្កបង្កើនផលនិងបម្រើជីវភាពប្រជាជន។ ប្រព័ន្ធនយោបាយសង្គមមានភាពរឹងមាំ ហើយស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមធានាលំនឹង។
ទន្ទឹមនឹងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ឃុំដូងចូវ ថែមទាំងយកចិត្តទុកដាក់ ជាពិសេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជននៅជនបទ។ ឆ្នាំកន្លង ចំពោះវិស័យកសិកម្មបានអភិវឌ្ឍតាមទិសដៅ បង្វែររចនាសម្ព័ន្ធផលិតទំនិញផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ បំផុសចលនាប្រជាជនជំរុញការចិញ្ចឹមសត្វ ធ្វើវារីវប្បកម្ម យកដំណាំផ្សេងៗមកដាំលើវាលស្រែជំនួសឱ្យរដូវស្រូវដែលផ្តល់ទិន្នផលទាប។ ដោយឡែកចំពោះការធ្វើស្រែ ឃុំបានចលនាឱ្យកសិករផ្លាស់ប្តូរទម្លាប់ផលិតចាស់ ដោយជ្រើសរើសពូជ ស្រូវមានគុណភាពខ្ពស់ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនទៅក្នុងផលិត។
អ្នកស្រី ហ្វិញធីត្រេវ លេខាគណៈកម្មាធិការបក្ស ឃុំដូងចូវ ឱ្យដឹងបន្ថែម៖ “ដើម្បីសម្រេចបទដ្ឋានឃុំជនបទថ្មី និងឃុំជនបទថ្មីកម្រិតខ្ពស់ រយៈពេលខាង មុខឃុំនឹងបន្តពង្រីកសក្តានុភាពអំពីលក្ខណៈធម្មជាតិ ដើម្បីលើកទឹកចិត្តប្រជាជនផលិតទំនិញប្រមូលផ្តុំ ជាមួយប្រភេទដំណាំ សត្វចិញ្ចឹមនិងវារីវប្បកម្មដែលផ្ដល់ទិន្នផល បរិមាណផលនិងតម្លៃសេដ្ឋកិច្ចខ្ពស់ សមស្របនឹងលក្ខណៈនៃភូមិភាគ។ ហេតុនោះ បក្ខភាគនិងរដ្ឋអំណាចភូមិភាគកំណត់ច្បាស់នូវការងារជាក់ស្តែង ដោយដាក់ចេញនូវបែបបទអនុវត្តលក្ខឋានដែលនៅសល់ ដោយការពង្រីកកម្លាំងរួម ផ្សព្វផ្សាយកម្មវិធីផ្សេងៗ និងបង្កការឯកភាពខ្ពស់ពីផ្ទៃក្នុងរហូតដល់ប្រជាជន; អនុវត្តតាមគោលលំនាំរដ្ឋនិងប្រជាជនរួមគ្នាធ្វើ រួមគ្នាខិតខំកសាងឱ្យបានជោគជ័យឃុំជនបទថ្មី និងជនបទថ្មីកម្រិតខ្ពស់”៕
ស៊ើងម៉ាល័យ - លីសៀ