មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/06/2026 - 15:05

ពេល​បញ្ញា​សិប្ប​និម្មិត​រួម​ដំ​ណើរ​ជា​មួយ​កសិ​ករ 

បច្ចុប្បន្ន មាន​កសិ​ករ​ជា​ច្រើន​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​វៃ​ឆ្លាត ដើម្បី​តាម​ដាន​ស្រែ​ចម្ការ កំ​ណត់​ដឹង​ជំ​ងឺ​ដង្កូវ​ក្រា​ឬ​ទទួល​បាន​ការ​ណែ​នាំ​បច្ចេក​ទេស​តាម​រយៈ​បញ្ញា​សិប្ប​និម្មិត (AI)។ កិច្ច​ការ​នេះ​កំ​ពុង​បាន​ផ្លាស់​ប្តូរ​ជា​បណ្តើរៗ​នូវ​វិធី​សាស្ត្រ​បង្ក​បង្កើន​ផល​បែប​ប្រ​ពៃ​ណី បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត បង្ក​ទិដ្ឋ​ភាព​ថ្មី​សម្រាប់​ជន​បទ​ទំ​នើប។

កសិ​ករ​នៅ​ភូមិ​កឃៀ ឃុំ​ឡុង​ថាញ់ ខេត្ត​អាង​យ៉ាង អនុ​វត្ត​ឧប​ករណ៍ AIRRVIE ដើម្បី​ពិ​និត្យ​ស្ថាន​ភាព​លូត​លាស់​របស់​ដើម​ស្រូវ។

ឧប​ករណ៍​មួយ​ក្នុង​ចំ​ណោម​ឧប​ករណ៍​ដែល​កំ​ពុង​ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​ពី​កសិ​ករ គឺ​កម្ម​វិធី​ជំ​រុញ​កសិ​កម្ម​មាន​រួម​បញ្ចូល​បច្ចេក​វិទ្យា AI ដែល​មាន​ឈ្មោះ​ថា AIRRVIE។ កម្ម​វិធី​នេះ បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​កសិ​ករ សហ​ករណ៍ កម្មា​ភិ​បាល​ជំ​រុញ​កសិ​កម្ម​និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​អង្ករ​អន្តរ​ជាតិ (IRRI) ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​ផលិត​ស្រូវ​បង្ខិត​ជិត​ព័ត៌​មាន​បច្ចេក​ទេស ការ​ព្យា​ករណ៍​និង​ដំ​ណោះ​ស្រាយ​នៃ​ការ​ផលិត​បាន​រហ័ស សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង។ កម្ម​វិធី AIRRVIE បាន​ផ្សព្វ​ផ្សាយ​នៅ​ឃុំ​លីវ​ទូ (ទី​ក្រុង​កឹង​ធើ) ឃុំ​ឡុង​ថាញ់(ខេត្ត​អាង​យ៉ាង) កំ​ពុង​ពង្រីក​វិសាល​ភាព​ជា​បណ្តើរៗ​ដល់​ទូ​ទាំង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

យោង​តាម IRRI ពី​មុន ពេល​ដំ​ណាំ​ស្រូវ​កើត​មាន​ជំងឺ​និង​សត្វ​ល្អិត​បំ​ផ្លិច​បំ​ផ្លាញ​ឬ​មាន​សញ្ញា​ខុស​ប្រ​ក្រ​តី​ផ្សេងៗ កសិ​ករ​ត្រូវ​ចំ​ណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​រក​កម្មា​ភិបាល​បច្ចេក​ទេស​ឬ​សាក​សួរ​យោ​បល់​ពី​ដេ​ប៉ូ​លក់​សម្ភារៈ​កសិ​កម្ម។ ប៉ុន្តែ ឥឡូវ​នេះ ឱ្យ​តែ​មាន​ទូរ​ស័ព្ទ​វៃ​ឆ្លាត​មួយ​គ្រឿង មា​មីង​កសិ​ករ​អាច​ផ្ញើ​រូប​ភាព អត្ថ​បទ​ឯក​សារ​ឬ​ថត​សំ​ឡេង​ដោយ​ផ្ទាល់​នៅ​លើ​កម្ម​វិធី តាម​រយៈ​នោះ​ប្រ​ព័ន្ធ AI​នឹង​វិភាគ​ទិន្ន​ន័យ កំ​ណត់​ដឹង​បញ្ហា​និង​ផ្តល់​ការ​ណែ​នាំ​អំ​ពី​មូល​ហេតុ​បង្ក​ជំងឺ វិធាន​ការ​ដោះ​ស្រាយ ក៏​ដូច​ជា​បែប​បទ​នៃ​ការ​ថែ​ទាំ​សម​ស្រប​សម្រាប់​កសិ​ករ។

លោក​យ័ញ​ស៊ាង កសិ​ករ​នៅ​ភូមិ​កឃៀ ឃុំ​ឡុង​ថាញ់ ខេត្ត​អាង​យ៉ាង ឱ្យ​ដឹង៖ អនុ​វត្ត​កម្ម​វិធី AI ទៅ​ក្នុង​ស្រែ​ចម្ការ ជួយ​កសិ​ករ​ទទួល​បាន​ព័ត៌​មាន​ឆាប់​រហ័ស​និង​ត្រឹម​ត្រូវ​ជាង បំ​ផុត​គឺ​ក្នុង​ដំ​ណាក់​កាល​ស្រូវ​កើត​ជំងឺ​និង​សត្វ​ល្អិត​បំ​ផ្លិច​បំ​ផ្លាញ​។ល។ ហេតុ​នេះ កសិ​ករ​អាច​ជ្រើស​រើស​វិធី​សាស្ត្រ​ដោះ​ស្រាយ​បាន​ទាន់​ពេល ជួយ​កាត់​បន្ថយ​ការ​ខូច​ខាត​និង​បង្កើន​ប្រ​សិទ្ធ​ភាព​ការ​ផលិត​ស្រូវ។

តាម​ប្រ​សាសន៍​លោក​ស្រី ហ្វិញ​គីម​ឌិញ នា​យិ​កា​រង​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម​ជាតិ កម្ម​វិធី AI គឺ​ជា​ឧប​ករណ៍​ជំ​នួយ​ការ​ដ៏​សំ​ខាន់ ជួយ​កសិ​ករ​ទទួល​បាន​ប្រ​ភព​ទិន្ន​ន័យ​ធំ​និង​ការ​ណែ​នាំ​បច្ចេក​ទេស​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ បច្ចេក​វិទ្យា​មិន​អាច​ជំ​នួស​តួនា​ទី​របស់​មនុស្ស​ទាំង​ស្រុង​បាន​ឡើយ។ កម្មា​ភិ​បាល​ជំ​រុញ​កសិ​កម្ម​នៅ​តែ​ជា​កម្លាំង​ផ្ទាល់​ក្នុង​ការ​ពិ​និត្យ​បញ្ចាក់ ធ្វើ​បច្ចុប្បន្ន​ភាព​និង​កែ​សម្រួល​ទិន្ន​ន័យ ដើម្បី​ធា​នា​ព័ត៌​មាន AI ផ្តល់​ជូន​គឺ​ស្រប​ទៅ​នឹង​លក្ខណៈ​នៃ​ការ​ផលិត​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​នី​មួយៗ។ ហេតុ​នោះ ការ​រួម​បញ្ចូល​រវាង​បទ​ពិ​សោធន៍​ជាក់​ស្តែង​របស់​កសិ​ករ​និង​ការ​រួម​ដំ​ណើរ​ពី​ប្រ​ព័ន្ធ​ជំ​រុញ​កសិ​កម្ម​និង​បញ្ញា​សិប្ប​និម្មិត AI មិន​ត្រឹម​តែ​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​នៅ​លើ​ស្រែ​ចម្ការ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​មា​មីង​កសិ​ករ​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផលិត​ស្រូវ បន្ថយ​ចំ​ណាយ បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ទិដ្ឋ​ភាព​ជន​បទ​ទំ​នើប បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕

មីហ្វា-មុនី

ចែករំលែកអត្ថបទ