ជាច្រើនឆ្នាំមកនេះ ការចលនាប្រឡងប្រណាំងផលិតនិងធ្វើអាជីវកម្មពូកែ បានសមាគមកសិករគ្រប់ថ្នាក់នៅទីក្រុងកឹងធើ សកម្មផ្សព្វផ្សាយដល់កសិករ។ តាមរយៈនោះ បានលេចឡើងនូវគំរូកសិករឧស្សាហ៍ព្យាយាម ខិតខំពលកម្ម និងចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការផលិត។ ជាក់ស្តែង ដូចជា លោក ឡឹមសែ នៅមណ្ឌល១៨ សង្កាត់សុកត្រាំង ទីក្រុងកឹងធើ បានមោះមុតផ្លាស់ប្តូរដំណាំ នាំមកនូវប្រភពចំណូលលំនឹង និងលើកកម្ពស់ជីវភាព។

លោកឡឹមសែ (ខាងឆ្វេង) នៅមណ្ឌល១៨ សង្កាត់សុកត្រាំង
ចុះទៅមើលស្រែដែលទើបតែពង្រោះ។
រៀបការគ្រួសារនៅឆ្នាំ ១៩៨៧ ពេលនោះជីវភាពប្តីប្រពន្ធលោកឡឹមសែ នៅជួបការលំបាកខ្លាំងណាស់ ម្ល៉ោះហើយក្រៅពីធ្វើស្រែ លោកឡឹមសែ រត់ម៉ូតូឌុបបន្ថែមដើម្បីរកប្រាក់ដោះស្រាយជីវភាព។ ដោយកើតក្នុងគ្រួសារកសិករ ពលកម្មនឿយហត់ ម៉្លោះហើយលោកឡឹមសែ តែងតែគិតគូរ ស្វែងរកវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ លោកបានស្វែងយល់ រៀនសូត្រនូវទម្រង់ផលិតនិងធ្វើអាជីវកម្មនៅតាមភូមិភាគនានា រួចយកមកអនុវត្តទៅតាមស្ថានភាពជាក់ស្តែង ដើម្បីកសាងទម្រង់ផលិតនិងធ្វើអាជីវកម្មសម្រាប់គ្រួសារខ្លួន។
នៅក្បែរផ្ទះរបស់លោក មានឃ្លាំងមួយខ្នងទំហំ ២.០០០ ម៉ែត្រការ៉េ សម្រាប់ទុកដាក់ចំបើងនិងគ្រឿង ម៉ាស៊ីនកសិកម្ម។ ការដែលជីវភាពធូរធារ សុខដុម រមនាដូចសព្វថ្ងៃ គឺដោយសារប្តីប្រពន្ធទាំងពីរខិតខំ តស៊ូពលកម្ម ឃ្មាតខ្មីរកស៊ី ហ៊ានគិតហ៊ានធ្វើ ក្នុងការផលិតនិងធ្វើអាជីវកម្មកសិកម្មចម្រុះ។ លោកឡឹមសែ រៀបរាប់៖ “បច្ចុប្បន្ន គ្រួសារខ្ញុំមានដីស្រែចំនួន ៨ ហិកតា ធ្វើស្រែ ២ រដូវក្នុងមួយឆ្នាំ ដោយផលិតពូជស្រូវ ST ពណ៌ស្វាយ។ ខ្ញុំមានម៉ាស៊ីនកាត់ស្រូវ ២ គ្រឿង, ម៉ាស៊ីនភ្ជួរដី ២ គ្រឿង, ម៉ាស៊ីនរមូរចំបើង ៣ គ្រឿង និងដ្រូនបាញ់ថ្នាំសម្លាប់សត្វល្អិត ២ គ្រឿង សម្រាប់ធ្វើស្រែផ្ទាល់ខ្លួនផង និងធ្វើសេវាកម្ម ជូនមាមីងក្នុងតំបន់ផង។ ចំពោះសេវាកម្មរមូរចំបើង ពេលមានចំបើង ខ្ញុំលក់ឱ្យមាមីងនៅតាមខេត្តនានា ដូចជា៖ បេនត្រែ, ត្រាវិញ, វិញឡុង, ឡុងអាង, ដុងថាបជាដើមដល់រដូវប្រមូលផលស្រូវ ពួកគាត់ចុះមកទិញចំបើង ឬកុម្ម៉ង់ទិញ ហើយយើងប្រមូលចំបើងលក់ឱ្យពួកគាត់។ មុខរបរនេះធ្វើមិនទាន់លក់ឡើយ។ ចំបើងដែលពួកគាត់ទិញយកទៅសម្រាប់បណ្ដុះផ្សិត ធ្វើចំណីគោ និងផ្អាប់ធ្វើជាជីសម្រាប់ដាំដំណាំ។ បច្ចុប្បន្ន ចំណូលពីការធ្វើស្រែនិងសេវាកម្ម គ្រឿងម៉ាស៊ីន សរុបទៅខ្ញុំរកបានប្រាក់ចំណេញជិត ១ ពាន់លានដុងក្នុងមួយឆ្នាំ។
បច្ចុប្បន្ន តាមរយៈការផ្គត់ផ្គង់សេវាកសិកម្ម គ្រួសារលោកឡឹមសែ បានបង្កការងារធ្វើជូនពលករនៅភូមិភាគជាង ២៥ នាក់ ដោយទទួលបានកម្រៃពលកម្មចាប់ពី ៤០០.០០០ ដល់ ៥០០.០០០ ដុង ក្នុងមួយថ្ងៃ។ ប្អូនស៊ើងឡើយ ជាកម្មករធ្វើការឱ្យគ្រួសារលោកឡឹមសែ ឱ្យដឹង៖ “ខ្ញុំធ្វើការនៅទីនេះបាន ៤ ឆ្នាំហើយ ដោយបានលោកសែ ឱ្យមើលការខុសត្រូវខាងម៉ាស៊ីនរមូរចំបើង។ លោកឡឹមសែ ជាអ្នកឧស្សាហ៍ព្យាយាម ហ្មត់ចត់រហ័សរហួន ជាពិសេសគាត់មានចិត្តអាណិតស្រឡាញ់បងប្អូនខ្លាំងណាស់”។
លោកង្វៀងវ៉ាំងលីម អនុប្រធានសមាគមកសិករ សង្កាត់សុកត្រាំង ឱ្យដឹង៖ “លោក ឡឹមសែ គឺជាកសិករអំណត់ព្យាយាមក្នុងពលកម្មផលិត ហ៊ានគិតហ៊ានធ្វើ និងមានគំនិតច្នៃប្រតិដ្ឋ។ គាត់ចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទំនើបទៅក្នុងវិស័យកសិកម្ម ដើម្បីបង្កើនទិន្នផលលើដីស្រែរបស់គ្រួសារ និងធ្វើសេវាកម្មជួយដល់មាមីងក្នុងតំបន់។ គាត់ជាកសិករ ផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់ទីក្រុងជាច្រើនឆ្នាំបន្តបន្ទាប់”។
អស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ លោកឡឹមសែ បានទទួលស្គាល់ជាកសិករផលិតនិងធ្វើអាជីវកម្ម ពូកែថ្នាក់ទីក្រុង។ លោកមានកិត្តិយសទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ជាកសិករគំរូឆ្នើម ក្នុងចលនា “កសិករប្រឡងប្រណាំង ផលិតនិងធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាទៅវិញ ទៅមកដើម្បីធ្វើមាន និងបន្ថយភាពក្រីក្រប្រកបដោយចីរភាព”៕
ដាលីន - ថាច់