ក្នុងដំណើរការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅភូមិភាគ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ទីក្រុងកឹងធើ បានបញ្ជាក់ពីតួនាទីតភ្ជាប់ដ៏រឹងមាំរវាងបក្ស រដ្ឋអំណាចភូមិភាគនិងប្រជាជន តាមរយៈសកម្មភាពជាក់ស្តែងក្នុងការគិតគូរសុខុមាលភាពសង្គម រួមចំណែកលើកស្ទួយជីវភាពប្រជាជននិងកសាងជនបទថ្មី។

ទម្រង់ចិញ្ចឹមគោមានប្រសិទ្ធភាពរបស់បងស្រីយឿងធីចន្ធូ។
ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ តាមរយៈ “ការចលនាមូលនិធិដើម្បីអ្នកក្រ” ព្រមជាមួយការចូលរួមពីសំណាក់អង្គការ បុគ្គលនិងសប្បុរសជនទាំងឡាយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ បានសាងសង់ផ្ទះមហាសាមគ្គី ចំនួន ២៧ ខ្នង ជូនអំណោយ ១.២៣០ ចំណែក និងអង្ករ ៦ តោនជូនគ្រួសារក្រីក្រ ក្បែរក្រ; ជូនអំណោយ ១០០ ចំណែក និងអាហារូបករណ៍ ១៤ ចំណែក ជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាត ។ល។ ដោយទឹកប្រាក់សរុបជាង ២ ពាន់លានដុង រួមចំណែកចែករំលែកនូវការលំបាក សាយភាយស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមកក្នុងសហគមន៍។ លោកយាយឡឹមធីសឿង អាយុ ៧០ ឆ្នាំ នៅភូមិទឹកប្រៃ ១ បានឱ្យដឹង៖ “គ្រួសារខ្ញុំក្រ រស់នៅប្រកបរបរធ្វេីការឈ្នួល ម្ល៉ោះហើយជីវភាពលំបាកខ្លាំងណាស់ ផ្ទះចាស់ទ្រុឌទ្រោម ពេលភ្លៀងម្តងៗគឺលេចស្រក់ ជីវភាពមានការលំបាក។ ឥឡូវនេះ បានរណសិរ្សឃុំសង់ផ្ទះឱ្យខ្ញុំត្រេកអរណាស់។ មានអារម្មណ៍កក់ក្តៅពេលមានផ្ទះឥដ្ឋថ្មីរស់នៅ នឹងក្លាយជាកម្លាំងចលករជួយឱ្យកូនៗរបស់ខ្ញុំប្រឹងប្រែងធ្វើការរកស៊ី ដើម្បីមានជីវភាពប្រសើរជាងមុន”។
ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ក៏បានឧបត្ថម្ភដល់គ្រួសារជនជាតិខ្មែរបុលទុនអនុគ្រោះ ដើម្បីអភិវឌ្ឍការផលិត ចិញ្ចឹមសត្វ និងលក់ដូរខ្នាតតូច។ តាមរយៈនោះ គ្រួសារជាច្រើនមានលក្ខណៈធ្វើការរកស៊ី អភិវឌ្ឍសេដ្ឋកិច្ច ជីវភាពបានឈានឡើងជាលំដាប់។ បងស្រីយឿងធីចន្ធូ នៅភូមិទឹកប្រៃ២ បានឱ្យដឹង៖ “ខ្ញុំធ្វើស្រែចំនួន ១០ កុង ប៉ុន្តែជីវភាពក៏មិនសល់អ្វីច្រើនដែរ។ នៅពេលរណសិរ្សជួយគាំទ្រ ឱ្យបុលទុន ៦០ លានដុង ខ្ញុំបានទិញគោ ២ក្បាល និងលក់ដូរជាលក្ខណៈគ្រួសារ។ រយៈពេលច្រើនឆ្នាំមកនេះ ពេលគោកើតកូនខ្ញុំទុកចិញ្ចឹម ពង្រីកហ្វូងបាន ៧ ក្បាល ថ្មីៗនេះខ្ញុំលក់គោ ៣ ក្បាល បានប្រាក់ ៧៤ លានដុង ទិញម៉ូតូឱ្យកូនជិះទៅធ្វើការ។ ឥឡូវនេះ ការរកស៊ីមានប្រសិទ្ធភាព កូនមានការងារធ្វើលំនឹង គ្រួសារមានប្រាក់ចំណូល ជីវភាពបានប្រសើរឡើង”។
ក្រៅពីនេះ រណសិរ្សមាតុភូមិវៀតណាមឃុំ ក៏បានចលនាសប្បុរសជននិងប្រជាជនព្រួតដៃគ្នាកសាងស្ពានគមនាគមន៍ជនបទចំនួន ១០ ដែលមានទឹកប្រាក់សរុបជាង ៤ ពាន់លានដុង បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមក បង្កបង្កើនផល និងដឹកជញ្ជូនទំនិញ។ លោកស្រី ត្រឹងធីថាញហាំង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀណាមឃុំឡុងភូ បញ្ជាក់៖ “រណសិរ្សតែងកំណត់ច្បាស់ ការគិតគូរសុខុមាលភាពសង្គមគឺជាភារកិច្ចដ៏សំខាន់ ផ្សារភ្ជាប់ជាមួយការពង្រីកស្មារតីសាមគ្គីក្នុងសហគមន៍។ ការងារជាក់ស្តែងរបស់រណសិរ្សគ្រប់លំដាប់ថ្នាក់ បានពង្រីកស្មារតីសាមគ្គីទូទាំងប្រជាជន រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋអំណាចភូមិភាគ ផ្តល់ជាកម្លាំងចលករដើម្បីព្រួតដៃគ្នាកសាងភូមិស្រុករីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”៕
យ្វីអាញ - លីសៀ