រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅសង្កាត់ង្វៀកហ្វា ខេត្តវិញ្ញឡុង សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តវិញ្ញឡុង បានចាត់តាំងពិធីទទួលស្វាគមន៍សិក្ខាកាមថ្នាក់បកប្រែ-បកប្រែផ្ទាល់ វគ្គទី ០៥ - ២០២៥ និងថ្នាក់កម្រិតខ្ពស់វគ្គទី ០៧ - ២០២៥ របស់ទីក្រុងកឹងធើ ដែលមកទស្សនកិច្ចសិក្សា ដកពិសោធន៍ និងផ្លាស់ប្តូរបទពិសោធន៍នៅសាលា។

តំណាងសិក្ខាកាមនៃសាលាមធ្យមសិក្សាបាលីណាមបូ ទទួលសៀវភៅពុម្ពពីសាលាមធ្យមសិក្សាបាលី - ខ្មែរ ខេត្តវិញឡុង។
អញ្ជើញចូលរួមក្នុងពិធីជំនួបនេះ លោកថាច់សុង ចាងហ្វាងសាលាមធ្យមសិក្សាបាលីណាមបូ ប្រធានក្រុមប្រតិភូ រួមជាមួយគ្រូបង្រៀននិងសិក្ខាកាមនៃថ្នាក់រៀនទាំងពីរ។
ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំសាលាមធ្យមសិក្សាបាលីណាមបូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈចាងហ្វាងសាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តវិញឡុង ដែលបានទទួលបដិសណ្ឋារៈយ៉ាងកក់ក្តៅ មនោសញ្ចេតនាដ៏ល្អប្រពៃ ក៏ដូចជាកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពទាំងពីរនាពេលកន្លងមក។ សកម្មភាពដោះដូរនិងរៀនសូត្របទពិសោធន៍លើកនេះ រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហការ និងការដោះដូរវិជ្ជាជីវៈរវាងមូលដ្ឋានបណ្តុះបណ្តាលភាសាខ្មែរនៅក្នុងតំបន់។
ក្នុងកម្មវិធីនេះផងដែរ តំណាងសាលាមធ្យមសិក្សាបាលីណាមបូ បានរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល និងបំប៉នភាសាខ្មែរជូនដល់កម្មាភិបាល បុគ្គលិក និងកងកម្លាំងប្រដាប់អាវុធ។ ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកទល់បច្ចុប្បន្ន សាលាបានសហការចាត់តាំងថ្នាក់បណ្តុះបណ្តាលនិងបំប៉នចំនួន ៣៩ ថ្នាក់ ដោយមានសិក្ខាកាមចូលរួមចំនួន ១.៧៤៨ នាក់។ ដោយឡែកក្នុងឆ្នាំ ២០២៦ នេះ សាលានៅតែបន្តសហការជាមួយបណ្តាមន្ទីរ គណៈ ផ្នែក និងនគរបាលទីក្រុងកឹងធើ ដើម្បីបើកថ្នាក់បណ្តុះបណ្តាលភាសាខ្មែរជាច្រើនវគ្គបន្ថែមទៀត រួមចំណែកលើកកម្ពស់សមត្ថភាពការងារជនជាតិ ឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ថ្នាក់ដឹកនាំសាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តវិញ្ញឡុង ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ សិក្ខាកាមនៃសាលាមធ្យមសិក្សាបាលីណាមបូ ទីក្រុងកឹងធើ ។
តាមរយៈដំណើរទស្សនកិច្ចសិក្សានិងដោះដូរ សិក្ខាកាមទាំងឡាយមានឱកាសដោះដូរបទពិសោធន៍ជាក់ស្តែង លើកកម្ពស់ចំណេះដឹងនិងទេពកោសល្យក្នុងការប្រើប្រាស់ភាសាខ្មែរ រួមចំណែកបម្រើដល់ការងារមុខជំនាញនៅតាមស្ថាប័ន និងអង្គភាពឱ្យមានប្រសិទ្ធភាព៕
ទីទុយ-ដាលីន