ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/05/2026 - 19:31

រាល់​ថ្ងៃ​សាយ​ភាយ​ព័ត៌​មាន​វិជ្ជមាន​មួយ​ 

ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​នៃ​បណ្តាញ​សង្គម បាន​នាំ​មក​នូវ​លទ្ធ​ភាព​តភ្ជាប់ និង​ការ​ទទួល​បាន​ព័ត៌​មាន​យ៉ាង​ទូ​លំ​ទូ​លាយ​ឥត​ដែន​កំ​ណត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​ក៏​បាន​បង្ក​ឱ្យ​មាន​ផល​វិបាក​ស្មុគ​ស្មាញ​ជា​ច្រើន​ផង​ដែរ ដូច​ជា៖ ព័ត៌​មាន​មិន​ល្អ ព័ត៌​មាន​មិន​ពិត និង​ល្បិច​កល​បោក​ប្រាស់...។ ចំ​ពោះ​មុខ​សភាព​ការណ៍​នោះ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទម្រង់ “គ្រប​ដណ្តប់​ព័ត៌​មាន​វិជ្ជ​មាន”។ នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ជាក់​ស្តែង​ឡើង​នូវ​ទិស​ស្លោក​យក "ការ​ក​សាង​" ដើម្បី "ប្រ​ឆាំង​" រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​នូវ​មូល​ដ្ឋាន​គ្រឹះ​សតិ​អា​រម្មណ៍​របស់​បក្ស​នៅ​លើ​បរិស្ថាន​បណ្តាញ។

រាល់​ថ្ងៃ​សាយ​ភាយ​ព័ត៌​មាន​វិជ្ជ​មាន​មួយ សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ង៉ា​បៃ បាន​និង​កំ​ពុង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង និង​បង្កើន​ការ​ងារ​ការ​ពារ​មូល​ដ្ឋាន​គ្រឹះ​សតិ​អា​រម្មណ៍​របស់​បក្ស ក្នុង​ចំ​ណោម​សមា​ជិកា​និង​នា​រី​ទាំង​ឡាយ។

ពី​ទម្រង់ “គ្រប​ដណ្តប់​ព័ត៌​មាន​វិជ្ជ​មាន​” សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ង៉ា​បៃ បាន​ជ្រើស​រើស និង​រៀប​រៀង​ព័ត៌​មាន​លេច​ធ្លោ​ពី​មូល​ដ្ឋាន ដើម្បី​សាយ​ភាយ​ទៅ​កាន់​សមា​ជិ​កា។ ខ្លឹម​សារ “គ្រប​ដណ្តប់” ត្រូវ​បាន​បង្ហាញ​យ៉ាង​រស់​រវើក​តាម​រយៈ​ទម្រង់​ជា​ច្រើន​ដូច​ជា៖ infographic វី​ដេអូ​ឃ្លីប ទិ​នា​នុប្ប​វត្តិ​រូប​ថត...។ លោក​ស្រី ញឹម​ធី​ងុក​ធើ អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ង៉ា​បៃ បាន​ចែក​រំលែក៖ "យើង​ខ្ញុំ​បាន​ម្ចាស់​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល ដោយ​ទាញ​យក​ផល​ប្រ​យោជន៍​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ពី​បណ្តាញ​សង្គម​នា​នា ដូច​ជា Zalo Facebook Fanpage TikTok... សំ​ដៅ​បង្កើន​ភាព​ទាក់​ទាញ ជួយ​ឱ្យ​សមា​ជិ​កា និង​នា​រី​ងាយ​ស្រួល​ទទួល​បាន​ព័ត៌​មាន​ផ្លូវ​ការ បណ្តា​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ និង​ច្បាប់​របស់​រដ្ឋ។ យើង​ខ្ញុំ​ក៏​ប្រ​មូល​ផ្តុំ​សាយ​ភាយ​ព័ត៌​មាន​ស្តី​ពី “មនុស្ស​ល្អ ការ​ងារ​ល្អ” ការ​ផ្សព្វ​ផ្សាយ​អំ​ពី​បំ​ណិន​ការ​ពារ​នា​រី និង​កុមារ ព្រម​ទាំង​ព្រ​មាន​អំ​ពី​ល្បិច​កល​បោក​ប្រាស់​នៅ​លើ​លំ​ហប​ណ្តាញ​សង្គម​ផង​ដែរ..."។ 

លោក​ស្រី ង្វៀង​ធី​ធូ​បា ប្រ​ធាន​សា​ខា​សមា​គម​នា​រី​មណ្ឌល​៧ សង្កាត់​ង៉ា​បៃ បាន​ឱ្យ​ដឹង៖ "ព័ត៌​មាន​ផ្លូវ​ការ និង​វិជ្ជ​មាន​ពី​សមា​គម បាន​ជួយ​ខ្ញុំ​អនុ​វត្ត​កាន់​តែ​ល្អ​ប្រ​សើរ​នូវ​កា​រងា​រស​មា​គម និង​ចល​នា​នា​រី​នៅ​តាម​មណ្ឌល​អា​ស័យ​ជន"។

តាម​លោក​ស្រី ង្វៀង​ធី​ធ្វី​លិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ទី​ក្រុង​កឹង​ធើ និង​ជា​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង បាន​ឱ្យ​ដឹង​ថា ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​នៃ​បច្ចេក​វិទ្យា​ឌីជី​ថល បាន​នាំ​មក​នូវ​ឱ​កាស​ជា​ច្រើន​សម្រាប់​សហ​គមន៍ ប៉ុន្តែ​ក៏​បាន​ដាក់​ចេញ​នូវ​កា​រសាក​ល្បង​ដ៏​ធំ​ធេង​ក្នុង​ការ​ងារ​តម្រង់​ទិស​សតិ​អា​រម្មណ៍ ពិ​សេស​គឺ​នា​រី​និង​កុមារ ដែល​ជា​ក្រុម​ងាយ​រង​គ្រោះ​ដោយ​សារ​ឥទ្ធិ​ពល​ពី​ព័ត៌​មាន​មិន​ល្អ និង​ការ​បោក​ប្រាស់​លើ​បណ្តាញ​សង្គម។ ពី​ភាព​ជាក់​ស្តែង​នោះ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង បាន​កំ​ណត់​ថា ការ​ក​សាង​ព័ត៌​មាន​វិជ្ជ​មាន និង​ផ្លូវ​ការ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សមា​ជិកា និង​បង្កើន​ការ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​សតិ​អា​រម្មណ៍​របស់​បក្ស​នៅ​លើ​លំ​ហប​ណ្តាញ​សង្គម។

អនុ​វត្ត​ទម្រង់ “គ្រប​ដណ្តប់​ព័ត៌​មាន​វិជ្ជ​មាន​” សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង បាន​ក​សាង​ប្រ​ព័ន្ធ​ឃោស​នា​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា ចាប់​ពី​ទី​ក្រុង​រហូត​ដល់​មូល​ដ្ឋាន។ ក្រោយ​រយៈ​ពេល​ជាង ១ ឆ្នាំ​អនុ​វត្ត ទម្រង់​នេះ​បាន​បង្កើត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត​ក្នុង​ការ​ងារ​ឃោស​នា។ ពី​មុន​នេះ ការ​ទទួល​បាន​ព័ត៌​មាន​ភាគ​ច្រើន​តាម​រយៈ​ការ​ប្រ​ជុំ តែ​ពេល​នេះ​សមា​ជិកា​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង តាម​រយៈ​ទូរ​ស័ព្ទ​វៃ​ឆ្លាត។ បច្ចុប្បន្ន​នេះ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​គ្រប់​ថ្នាក់ បាន​រក្សា​នូវ​គេ​ហ​ទំ​ព័រ​មួយ​ Fanpage មួយ ទំ​ព័រ Facebook ជាង ១០០ និង​ក្រុម Zalo ជាង ៥០០ ក្រុម ដើម្បី​បម្រើ​ការ​ងារ​ឃោស​នា និង​តភ្ជាប់​សមា​ជិកា។ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០២៦ មក​ទល់​ពេល​នេះ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​គ្រប់​ថ្នាក់ បាន​ចុះ​ផ្សាយ​ព័ត៌​មាន និង​អត្ថ​បទ​ជាង ១៣.​៥៦០ អត្ថ​បទ​ អំ​ពី​គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បាយ និង​ច្បាប់​របស់​រដ្ឋ ផ្លាស់​ប្តូរឌីជី​ថល សម​ភាព​ភេទ... ដោយ​មាន​កម្មា​ភិ​បាល និង​សមា​ជិកា​នា​រី​ជាង ២២៨.​៦២០ លើក​នាក់ បាន​ចូល​រួម​ចែក​រំលែក​ព័ត៌​មាន។

ដើម្បី​លើក​កម្ពស់​គុណ​ភាព​ទម្រង់​នេះ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​គ្រប់​ថ្នាក់ បាន​ចាត់​កម្មា​ភិបាល​ជាង ៥៦០ លើក​នាក់ ឱ្យ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល និង​ហ្វឹក​ហាត់​បំ​ណិន​សរ​សេរ​ព័ត៌​មាន ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ប្រ​កប​ដោយ​សុវត្ថិ​ភាព ការ​រចនា​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ និង​ការ​ធ្វើ​អន្តរ​កម្ម​នៅ​លើ​លំ​ហប​ណ្តាញ។ លោក​ស្រី​ ង្វៀង​ធី​កឹម​ចឹង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ចូវ​ថាញ់ បាន​ឱ្យ​ដឹង៖ "យើង​ខ្ញុំ​ផ្តោត​សំ​ខាន់​លើ​ការ​កសាង​ខ្លឹម​សារ​ឃោស​នា​ឱ្យ​មាន​លក្ខណៈ​ខ្លី​ ហើយ​ងាយ​ស្រួល ​ទទួល​បាន​ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​បញ្ហា​ជាក់​ស្តែង​នៅ​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​សមា​ជិកា​និង​នា​រី​។ នេះ​ក៏​ជា​វិធី​សាស្ត្រ​មួយ​ដើម្បី​ឱ្យ​សមា​គម​បង្កើត​កា​រត​ភ្ជាប់ និង​ពង្រឹង​ជំ​នឿ​ចិត្ត​របស់​បង​ប្អូន​នា​រី​ចំ​ពោះ​អង្គ​ការ​ស​មា​គម​ផង​ដែរ"។

ការ​ “គ្រប​ដណ្តប់” ព័ត៌​មាន​វិជ្ជ​មាន​ជា​រៀង​រាល់​ថ្ងៃ តាម​ទិស​ស្លោក​យក "កា​រក​សាង" ដើម្បី "ប្រ​ឆាំង" និង "យក​ភាព​ស្រស់​ស្អាត ដើម្បី​កម្ចាត់​ភាព​អា​ក្រក់" របស់​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​គ្រប់​ថ្នាក់ បាន​រួម​ចំ​ណែក​តម្រង់​ទិស​សា​ធារ​ណ​មតិ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ពង្រឹង​ជំ​នឿ​ចិត្ត​របស់​កម្មា​ភិ​បាល​ និង​សមា​ជិ​កា​ចំ​ពោះ​បក្ស​ រដ្ឋ​ និង​អង្គ​ការ​ស​មា​គម ព្រម​ទាំង​បង្កើត​ឱ្យ​មាន​ការ​ឯក​ភាព​ខ្ពស់​ក្នុង​សង្គម ចំ​ពោះ​មុខ​បញ្ហា​ធំ​ៗ​របស់​ប្រ​ទេស​ជាតិ និង​ភូមិ​ភាគ។ លោក​ស្រី ង្វៀង​ធី​ធ្វី​លិញ បាន​អះ​អាង៖ "ក្នុង​យុគ​សម័យ​ឌីជី​ថល ការ​ការ​ពារ​មូល​ដ្ឋាន​គ្រឹះ​សតិ​អា​រម្មណ៍​របស់​បក្ស មិន​ត្រឹម​តែ​នៅ​ក្នុង​សាល​ប្រ​ជុំ ឬ​ការ​ប្រ​ជុំ​ជីវ​ភាព​តាម​បែប​ប្រ​ពៃ​ណី​នោះ​ឡើយ គឺ​ត្រូវ​តែ​មាន​វត្ត​មាន​យ៉ាង​ខ្លាំង​ក្លា​នៅ​លើ​លំ​ហ​បណ្តាញ​សង្គម ដែល​ជា​កន្លែង​ប្រ​ជា​ជន​ទទួល​បាន​ព័ត៌​មាន​ជា​រៀង​រាល់​ថ្ងៃ"។ 

ដោយ​របៀប​អនុ​វត្ត​ប្រ​កប​ដោយ​ភាព​ម្ចាស់​ការ និង​ស្រប​តាម​ការ​ជាក់​ស្តែង ទម្រង់ “គ្រប​ដណ្តប់​ព័ត៌​មាន​វិជ្ជ​មាន” បាន​ក្លាយ​ជា “របាំង​ការ​ពារ​ទន់” ដ៏​មាន​ប្រ​សិទ្ធ​ភាព​នៅ​លើ​លំ​ហ​បណ្តាញ​សង្គម។ ទម្រង់​នេះ មិន​ត្រឹម​តែ​ការ​ពារ​សមា​ជិកា​និង​នា​រី​ចំ​ពោះ​មុខ​ព័ត៌​មាន​មិន​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​នូវ​តម្លៃ​មនុស្ស​សាស្ត្រ​ផង​ដែរ៕

កាវ​អ្វាញ​-​ចន្ថា​

ចែករំលែកអត្ថបទ