27/05/2026 - 15:01

ខេត្ត​កា​ម៉ាវ៖ មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​មាន​សភាព​ធ្ងន់​ធ្ងរ ដោយ​សង្ស័យ​ថា​ពុល​ជាតិ​មេ​តា​ណុល 

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ចំ​នួន ៣ នាក់ នៅ​អនុ​សង្កាត់ ៤ សង្កាត់​លី​វ៉ាំង​ឡឹម​ បាន​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ដោយ​មាន​រោគ​សញ្ញា​ឈឺ​ក្បាល ក្អួត​ចង្អោរ វិល​មុខ និង​ស្រ​វាំង​ភ្នែក បន្ទាប់​ពី​បាន​ផឹក​ស្រា​រួច​។ លទ្ធ​ផល​ធ្វើ​រោគ​វិនិច្ឆ័យ​ដំ​បូង​បង្ហាញ​ថា អ្នក​ជំ​ងឺ​បាន​ពុល​ជាតិ​មេ​តា​ណុល ដែល​ជា​ប្រ​ភេទ​អាល់​កុល​ឧស្សា​ហ​កម្ម តែង​មាន​ក្នុង​ស្រា​ដែល​គ្មាន​ប្រ​ភព​ច្បាស់​លាស់។ ក្នុង​នោះ នាក់​រង​គ្រោះ​ស្លាប់​គឺ​លោក N.M.H. (អា​យុ​ ៤៣ ឆ្នាំ)។ ចំ​ណែក​អ្នក​ជំ​ងឺ ២ នាក់​ទៀត កំ​ពុង​ទទួល​បាន​ការ​ព្យា​បាល​យ៉ាង​ស​កម្ម​ រួម​មាន​លោក C.T.P. (អា​យុ ៥៨ ឆ្នាំ) មាន​ស​ភាព​ហើម​ខួរ​ក្បាល ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ខ្លាំង និង​លោក C.T.N. (អា​យុ​ ៤៩ ឆ្នាំ) កំ​ពុង​សម្រាក​ព្យា​បាល​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​និង​ប្រ​ឆាំង​សារ​ធាតុ​ពុល។

វេជ្ជ​បណ្ឌិត​កំ​ពុង​ពិ​និត្យ​សុខ​ភាព​ជូន​អ្នក​ជំងឺ​ពុល​ជាតិ​មេ​តា​ណុល។

តាម​ព័ត៌​មាន​ពី​ក្រុម​គ្រួ​សារ​អ្នក​ជំ​ងឺ​ មុន​នោះ​សាច់​ញាតិ​បាន​ជួប​ជុំ​គ្នា​ហូប​ចុក ហើយ​បាន​ទិញ​ស្រា នៅ​ហាង​លក់​ទំ​និញ​ចាប់​ហួយ​ក្បែរ​ផ្ទះ។ ស្រា​ប្រ​ភេទ​នេះ តែង​បាន​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក​និ​យម​ប្រើ​ប្រាស់ ដោយ​សារ​មាន​តម្លៃ​ថោក ងាយ​ស្រួល​ទិញ ហើយ​បាន​គេ​ចាត់​ទុក​ថា​ជា "ស្រា​ផលិត​តាម​លក្ខណៈ​គ្រួ​សារ"។ ក្នុង​នោះ មាន ៥ នាក់​ផឹក​ស្រា ប៉ុន្តែ​មាន​តែ ៣ នាក់​ខាង​លើ​ប៉ុណ្ណោះ​ដែល​ផឹក​ច្រើន ដោយ​ម្នាក់ៗ​ផឹក​អស់​ជាង​កន្លះ​លីត្រ។

ប្រហែល​មួយ​ថ្ងៃ​ក្រោយ​មក អ្នក​ទាំង ៣ នាក់​ក៏​ចាប់​ផ្តើម​មាន​រោគ​សញ្ញា​ឈឺ​ក្បាល ក្អួត​ចង្អោរ វិល​មុខ ស្រ​វាំង​ភ្នែក ហើយ​កាន់​តែ​មាន​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។

តាម​វេជ្ជ​បណ្ឌិត ឯក​ទេស​កម្រិត ២ ម៉ា​ញ៉ើង​ឃីម ប្រ​ធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​និង​ប្រ​ឆាំង​សារ​ធាតុ​ពុល​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​កា​ម៉ាវ បញ្ជាក់​ថា ជាតិ​មេ​តា​ណុល​ជា​ប្រ​ភេទ​អាល់​កុល​ឧស្សា​ហ​កម្ម​មាន​ជាតិ​ពុល​ខ្ពស់។ នៅ​ពេល​ចូល​ទៅ​ក្នុង​រាង​កាយ សារ​ធាតុ​នេះ​អាច​បង្ក​ឱ្យ​ខូច​ខួរ​ក្បាល សរ​សៃ​ប្រ​សាទ​ចក្ខុ​វិញ្ញាណ និង​សរី​រាង្គ​ក្នុង​ជា​ច្រើន​ទៀត។ គ្រាន់​តែ​ប្រើ​ប្រាស់​ក្នុង​បរិ​មាណ​បន្តិច​បន្តួច ក៏​អាច​បណ្តាល​ឱ្យ​ងងឹត​ភ្នែក ចួន​កាល​បាត់​បង់​ជីវិត​ទៀត​ផង។ អ្វី​ដែល​គួរ​ឱ្យ​បា​រម្ភ​នោះ​គឺ ជាតិ​មេ​តា​ណុល​ពិត​ជា​ពិ​បាក​បែង​ចែក​ដោយ​មាន​ក្លិន​និង​រស​ជាតិ​ធម្ម​តា ហេតុ​នេះ​ហើយ​ ទើប​ប្រ​ជា​ជន​ងាយ​នឹង​ភាន់​ច្រ​ឡំ​ជា​មួយ​នឹង​ស្រា​ដែល​មាន​ផ្ទុក​ជាតិ​អេតា​ណុល​សម្រាប់​ផឹក​ទូ​ទៅ។

លោក​វេជ្ជ​បណ្ឌិត ឯក​ទេស​កម្រិត ២ ម៉ា​ញ៉ើង​ឃីម បាន​ផ្តល់​អនុ​សាសន៍៖ ប្រ​ជា​ជន​ដាច់​ខាត​មិន​ត្រូវ​ប្រើ​ប្រាស់​ស្រា​ដែល​គ្មាន​ប្រ​ភព​ច្បាស់​លាស់ គ្មាន​ស្លាក​សញ្ញា ឬ​ស្រា​ដែល​លាយ​ផ្សំ​គ្មាន​ការ​ពិ​និត្យ​បញ្ជាក់​គុណ​ភាព​នោះ​ឡើយ។ នៅ​ពេល​មាន​រោគ​សញ្ញា​ដូច​ជា ឈឺ​ក្បាល ក្អួត​ចង្អោរ ស្រ​វាំង​ភ្នែក បន្ទាប់​ពី​ផឹក​ស្រា​រួច គឺ​ត្រូវ​ប្រ​ញាប់​ប្រ​ញាល់​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិ​បាល​ជា​បន្ទាន់ ដើម្បី​ទទួល​បាន​កា​រសង្គ្រោះ​ទាន់​ពេល។

ករណី​ពុល​ស្រា​នៅ​សង្កាត់​លី​វ៉ាំង​ឡឹម​ គឺ​ជា​ការ​ព្រ​មាន​អំ​ពី​គ្រោះ​ថ្នាក់​ដ៏​ធំ​ពី​ស្រា​ដែល​រសាត់​អណ្តែត​នៅ​លើ​ទី​ផ្សារ។ ក្រោយ​ពី​ការ​ជួប​ជុំ ហូប​មួយ​លើក​ប៉ុណ្ណោះ ប៉ុន្តែ​ផល​វិបាក​ដែល​បន្សល់​ទុក មិន​ត្រឹម​តែ​ជា​អា​យុ​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​សេច​ក្តីឈឺ​ចាប់​អូស​បន្លាយ​សម្រាប់​ក្រុម​គ្រួ​សារ និង​សាច់​ញាតិ​ផង​ដែរ៕

យ្វី​អាញ - ថាច់​ធី​

ចែករំលែកអត្ថបទ