ដោយឧត្តមភាពជាតំបន់ដីចុងប៉ូចខាងត្បូងនៃមាតុភូមិ ដែលមានជនជាតិទាំង៣ គឺ៖ កិញ – ហ្វា – ខ្មែរ រស់នៅខេត្តកាម៉ាវមានការរួមបញ្ចូលគ្នារវាងធនធានធម្មជាតិដ៏មានតម្លៃ និងវប្បធម៌ - សាសនាប្រកបដោយលក្ខណៈពិសេស ជាទីតាំងដ៏ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។

ភ្ញៀវទេសចរមកកម្សាន្តនៅកាម៉ាវ បានថតរូបអនុស្សាវរីយ៍។
យោងតាមមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តកាម៉ាវ គ្រាន់តែក្នុងរយៈពេល៤ថ្ងៃឈប់សម្រាកបុណ្យ (ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា) កន្លងហើយ នៅតាមមណ្ឌល ទីតាំងទស្សនាកម្សាន្ត ហូបចុក និងទីកន្លែងស្នាក់នៅក្នុងខេត្ត បានទទួលភ្ញៀវទេសចរ ៣៩៧.២០០នាក់ កើនឡើង៧,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រាក់ចំណូល សរុបប៉ាន់ស្មានបាន ៣៧២,២ ពាន់លានដុង។ បណ្តាតំបន់និងរមណីយដ្ឋានទេសចរណ៍នានាដែលមានភ្ញៀវមកទស្សនាច្រើនកុះករនោះគឺ៖ តំបន់ទេសចរណ៍ជ្រោយកាម៉ាវ តំបន់ទេសចរណ៍អេកូឡូហ្ស៊ីសហគមន៍ ម៉ឺយង៉ក មណ្ឌលព្រះម៉ែគង់ស៊ីអ៊ីម; ទីលានផាងង៉ុកហៀង វិហារគ្រិស្តតាក់សី ផ្ទះអ្នកប្រុសបាកលីវ វាយោអគ្គិសនីហ្វាប៊ិញ១ ។ល។ បងស្រីធីហឺន ភ្ញៀវទេសចរមកពីខេត្តអាងយ៉ាង រៀបរាប់៖ “កាម៉ាវមានទេសភាពធម្មជាតិ ស្រស់ស្អាត ព្រមទាំងមាននិមិត្តសញ្ញាដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា៖ បង្គានាវា ចម្រៀងតាយទឺ ហើយវត្តខ្មែរក៏មានទេសភាពនិងស្ថាបត្យកម្មស្អាតប្លែកភ្នែក ម្ល៉ោះហើយខ្ញុំចូលចិត្តខ្លាំងណាស់។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានទៅកម្សាន្តនៅកន្លែងផ្សេងៗ ដូច៖ រមណីយដ្ឋានព្រះម៉ែគង់ស៊ីអ៊ីមណាមហាយ រមណីយដ្ឋានដីជ្រោយវាយោអគ្គិសនី និងបានភ្លក់មុខម្ហូបឆ្ងាញ់ៗជាច្រើនដូច៖ គ្រឿងសមុទ្រ នំចាក់អំបែង នំបញ្ចុកស៊ុបគោហឹរ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់”។
ទន្ទឹមនឹងនោះ តំបន់ទេសចរណ៍នានាថែមទាំងរៀបចំសកម្មភាពជាច្រើន ដើម្បីទាក់ទាញភ្ញៀវមកទស្សនាកម្សាន្តទៀតផង។ លោកផាមយ្វីខាញ់ ម្ចាស់ទេសចរណ៍សហគមន៍ម៉ឺយង៉ក ឃុំដាបាក ឱ្យដឹង៖ មកកាន់រមណីយដ្ឋានទេសចរណ៍សហគមន៍ម៉ឺយង៉ក ភ្ញៀវទេសចរនឹងបានលម្ហែកាយក្នុងលំហបរិយាកាសដ៏ធំល្វឹងល្វើយនៃព្រៃស្មាច់ ដកដង្ហើមស្រូបយកខ្យល់អាកាសធម្មជាតិដ៏បរិសុទ្ធ; បានឆ្លងបទពិសោធន៍ដើរកម្សាន្តកាត់ព្រៃ ជិះទូកបីសន្លឹក និងសាកល្បងដើរលើស្ពានស្នួរ។ល។
ឆ្នាំ២០២៦ ទេសចរណ៍កាម៉ាវបានកំណត់ទិសដៅខិតខំទទួលភ្ញៀវទេសចរចំនួន ៨,៥ លាននាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិ ១៣៤.៥០០ នាក់ ដោយខិតខំសម្រេចឱ្យបាននូវប្រាក់ចំណូលសរុប ៩.៤៨៥ ពាន់លានដុង។ តាមប្រសាសន៍លោក លីវីត្រេវយឿង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍កាម៉ាវ នាពេលកន្លង បណ្តាតំបន់ទេសចរណ៍នានាបានទាញយកផលពីផលិតផលទេសចរណ៍ជាច្រើនប្រភេទ និងមានការតភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍ ដូច៖ Vietravel, Saigontourist។ល។ ដើម្បីភ្ញៀវទេសចរបានជ្រើសរើសផលិតផល។ ជាមួយគ្នានេះដែរ ខេត្តក៏បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចពេលថ្មីៗនេះ បានចាត់តាំងសប្តាហ៍វិទ្យាសាស្ត្របច្ចេកវិទ្យា - វប្បធម៌ ទេសចរណ៍ និងការប្រឡងប្រជែង “អង្ករឆ្ងាញ់ប្រចាំតំបន់វាលរាបទន្លេគឺវឡុង” លើកទី១ ឆ្នាំ២០២៦ ពិធីបុណ្យនំប្រពៃណី ព្រឹត្តិការណ៍ “ក្លិនក្រអូបព្រៃអ៊ូមិញ” ដែលបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់; ខេត្តកំពុងត្រៀមចាត់តាំងទិវាវប្បធម៌បេតិកភ័ណ្ឌ និងពិធីបុណ្យបង្ហោះគោម ខេត្តកាម៉ាវ លើកទី១ ឆ្នាំ ២០២៦ នៅខែកញ្ញា
ខាងមុខនេះ។ សកម្មភាពទាំងនេះ គឺជាចំណុចលេចធ្លោដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកាម៉ាវកាន់តែច្រើនឡើង៕
យ្វីអាញ - លីសៀ