ព្រឹកថ្ងៃទី ២២ ខែឧសភា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នគរបាលទីក្រុងកឹងធើ សហការនឹងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ចាត់តាំងពិធីបើកវគ្គបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល និងយុទ្ធជននគរបាលចំនួន ៤០ នាក់ មកពីអង្គភាពឃុំ សង្កាត់នានាលើភូមិឋានទីក្រុង។
តាមរយៈនោះ សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនឹងផ្តោតលើជំនាញស្តាប់ សន្ទនា អាន សរសេរ និងវប្បធម៌សិល្បៈខ្មែរ។ ក្រៅពីនេះ សាលាក៏បានបញ្ចូលមាតិកាជំនាញពាក់ព័ន្ធនឹងការងាររដ្ឋបាលអប់រំ សុខាភិបាល និងការងារប្រជាចលនាជាភាសាខ្មែរ ទៅក្នុងវគ្គសិក្សានីមួយៗ និងបង្រៀនរបាំខ្មែរចំនួន ៤ បទ រួមមាន រាំវង់សារ៉ាវ៉ាន់ ឡាំលាវ និងរាំក្បាច់។

ទិដ្ឋភាពនៃពិធីបើកវគ្គសិក្សា។
សិក្ខាកាមនឹងសិក្សា ២ ថ្ងៃក្នុងមួយសប្តាហ៍ មានរយៈពេល ៥ ខែ សរុប ៣០០ ម៉ោងសិក្សា។ បញ្ចប់វគ្គសិក្សា សាលានឹងរៀបចំការប្រឡងវាយតម្លៃលើជំនាញទាំង ៤ គឺ ស្តាប់ សន្ទនា អាននិងសរសេរតាមកម្រិតនីមួយៗ។ សិក្ខាកាមដែលប្រឡងជាប់ បានផ្តល់វិញ្ញាបនបត្រភាសាជនជាតិភាគតិច (ភាសាខ្មែរ)។
ថ្លែងក្នុងពិធីបើកវគ្គសិក្សា លោកគ្រូ ថាច់រិទ្ធ ចាងហ្វាងរងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានឱ្យដឹង គម្រោងបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ បានអនុវត្តចាប់ពីឆ្នាំ ២០១៩ មក បណ្ដុះបណ្ដាលបាន ៧ វគ្គ មាន ៣៩ ថ្នាក់ និងសិក្ខាកាមសរុបចំនួន ១.៧៤៨ នាក់។ កម្មវិធីនិងឯកសារបម្រើឱ្យការបណ្តុះបណ្តាល បានអនុវត្តតាមគម្រោងរបស់គណៈកម្មាធិការបក្សខេត្តសុកត្រាំង (ចាស់) បច្ចុប្បន្នជាទីក្រុងកឹងធើ។ វគ្គបណ្តុះបណ្តាល មានអត្ថន័យជាក់ស្តែង មិនត្រឹមតែជាសកម្មភាពលើកកម្ពស់ចំណេះដឹងអំពីជនជាតិភាគតិច ជំនាញទំនាក់ទំនង និងការយល់ដឹងអំពីវប្បធម៌-សង្គមនៅតំបន់ជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនប្រសិទ្ធភាពការងារប្រជាចលនា និងកសាងទំនាក់ទំនង សាមគ្គីភាពជិតស្និទ្ធ រវាងកងកម្លាំងនគរបាលនិងប្រជាជនទៀតផង៕
លីធាន-ពេជ្រសឿន