មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/05/2026 - 22:24

គំរូ​សិស្ស​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង 

ពេល​រំ​លឹក​ដល់​ប្អូន គឹម​តឹង​ឡុក សិស្ស​ថ្នាក់​ទី​១២C២ នៃ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ទី​ក្រុង​កឹង​ធើ ទាំង​លោក​គ្រូ អ្នក​គ្រូ និង​មិត្ត​រួម​សា​លា​សុទ្ធ​តែ​លាន់​មាត់​សរ​សើរ។ ដ្បិត​អី ប្អូន​គឺ​ជា​សិស្ស​ម្នាក់​គត់​របស់​សា​លា​ដែល​មាន​ស្នា​ដៃ​ដណ្តើម​បាន​រង្វាន់​លេខ​១ ចំ​នួន​ពីរ​ដង និង​រង្វាន់​លេខ​២ ចំ​នួន​មួយ​ដង ក្នុង​ការ​ប្រ​ឡង​សិស្ស​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង។ ស្នា​ដៃ​ដ៏​ឆ្នើម​នេះ មិន​ត្រឹម​តែ​ជា​មោទន​ភាព​របស់​គ្រួ​សារ​និង​សា​លា​រៀន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ទឹក​ចិត្ត​ស្រ​ឡាញ់​ភា​សា និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ​ខ្មែរ​ក្នុង​ស្រ​ទាប់​យុវ​វ័យ​ទៀត​ផង។

ប្អូន​គឹម​តឹង​ឡុក។

ប្អូន​ឡុក ធំ​ដឹង​ក្តី​ឡើង​ក្នុង​គ្រួ​សារ​មួយ​ដែល​មាន​ប្រ​ពៃ​ណី​ស្រ​ឡាញ់​ភា​សា និង​អក្សរ​សាស្ត្រ​ខ្មែរ នៅ​ភូមិ​បឹង​ព្រ​លិត ឃុំ​ត្រឹង​ដេ។ តាំង​ពី​តូច ប្អូន​ឡុក​បាន​ជី​តាបង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ ហើយ​ពេល​រៀន​កម្រិត​បឋម​សិក្សា រហូត​ដល់​កម្រិត​អនុ​វិទ្យា​ល័យ ក្រៅ​ពី​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​ថ្នាក់ នា​ឱកាស​វិស្ស​មកាល ប្អូន​តែង​តែ​ទៅ​វត្ត​ដើម​ពោធិ៍​ដើម្បី​រៀន​សូត្រ។ ប្អូន​ឡុក បាន​រាយ​រ៉ាប់៖ “ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ គ្រួ​សារ​ខ្ញុំ​តែង​ប្រ​ស្រ័យ​ទាក់​ទង​គ្នា​ជា​ភា​សា​ខ្មែរ។ ខ្ញុំ​រៀន​អក្សរ​ខ្មែរ​តាំង​ពី​តូច​រហូត​ដល់​សព្វ​ថ្ងៃ នៅ​ក្នុង​វត្ត​មាន​ព្រះ​សង្ឃ​ជួយ​បង្រៀន​នៅ​ក្នុង​សា​លា​រៀន​មាន​លោក​គ្រូ​អ្នក​គ្រូ ពេល​មក​ដល់​ផ្ទះ​វិញ​មាន​ជីតា​ជួយ​ណែ​នាំ ហេតុ​នេះ​ហើយ​អក្សរ​ខ្មែរ​បាន​ដក់​ជាប់​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ចិត្ត។ នៅ​ក្នុង​ផ្ទះ​មាន​សៀវ​ភៅ និង​កា​សែត​ខ្មែរ​ជា​ច្រើន ពេល​ទំ​នេរ​ខ្ញុំ​តែង​តែ​អាន​បន្ថែម ម្ល៉ោះ​ហើយ​ទើប​ស្ទាត់​ជំ​នាញ​អក្សរ​ខ្មែរ​បែប​នេះ”។ ចំ​ពោះ​ប្អូន​ឡុក ការ​ចេះ​និយាយ និង​ចេះ​អក្សរ​ខ្មែរ មិន​ត្រឹម​តែ​សម្រាប់​ប្រ​ស្រ័យ​ទាក់​ទង​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នៅ​ជា​មោទន​ភាព​ក្នុង​ការ​ថែ​រក្សា​ភា​សា​កំ​ណើត​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ ពេល​ឈាន​ជើង​ចូល​រៀន​នៅ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង ក្រៅ​ពី​រៀន​ចំ​ណេះ​ដឹង​ទូ​ទៅ ប្អូន​តែង​តែ​ចំ​ណាយ​ពេល​

ជា​ពិ​សេស ក្នុង​ឆ្នាំ​២០២២ ពេល​កំ​ពុង​រៀន​កម្រិត​អនុ​វិទ្យា​ល័យ ប្អូន​ឡុក ធ្លាប់​ដណ្តើម​បាន​រង្វាន់​លេខ​៣ វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ ក្នុង​ការ​ប្រ​ឡង​សិស្ស​រៀន​ពូ​កែ​ថ្នាក់​ខេត្ត​សុក​ត្រាំង​ចាស់ (បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ) ម្ល៉ោះ​ហើយ​នេះ​ជា​មូល​ដ្ឋាន​និង​ជា​កម្លាំង​ចល​ករ​ដើម្បី​ប្អូន​ជឿ​ជាក់​ក្នុង​ការ​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ទី​ក្រុង។ ពេល​ឈាន​ចូល​រៀន​ថ្នាក់​ទី​១០ ប្អូន​ឡុក បាន​សា​លា​ជ្រើស​រើស​ដើម្បី​បណ្តុះ​បណ្តាល បំ​ប៉ន​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ ត្រៀម​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ទី​ក្រុង។ ចាប់​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៦ ប្អូន​ឡុក តែង​តែ​ចូល​រួម​ការ​ប្រ​ឡង​សិស្ស​រៀន​ពូ​កែ​មុខ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ ហើយ​ទទួល​បាន​រង្វាន់​លេខ​១ ចំ​នួន​ពីរ​ដង និង​រង្វាន់​លេខ​២ ចំ​នួន​មួយ​ដង​ជា​បន្ត​បន្ទាប់​ថ្នាក់​ទី​ក្រុង។ ប្អូន​ឡុក បាន​ឱ្យ​ដឹង៖ “ក្រៅ​ពី​ម៉ោង​រៀន​នៅ​ក្នុង​ថ្នាក់ ខ្ញុំ​តែង​ម្ចាស់​ការ​អាន​សៀវ​ភៅ និង​កា​សែត​អក្សរ​ខ្មែរ​ជា​ច្រើន ជា​ពិ​សេស​គឺ​អាន​កា​សែត​អន​ឡាញ​ខ្មែរ​កឹង​ធើ​ជា​ញឹក​ញយ ដើម្បី​បង្កើន​ទុន​ពាក្យ​សម្តី បម្រើ​ឱ្យ​ការ​សរ​សេរ​តែង​សេចក្តី​ជា​ខ្មែរ​បាន​ល្អ។ ក្រៅ​ពី​នេះ ខ្ញុំ​នៅ​ទាំង​ស្វែង​យល់​បន្ថែម​អំ​ពី​សៀវ​ភៅ​វចនា​នុក្រម​ខ្មែរ, ខ្មែរ​-វៀត​ណាម, វៀត​ណាម-​ខ្មែរ ដើម្បី​បម្រើ​ឱ្យ​ការ​បក​ប្រែ និង​តែង​តែ​សន្ទ​នា​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ និង​មិត្ត​ភក្តិ​ដើម្បី​លើក​កម្ពស់​ជំ​នាញ។ ខ្ញុំ​យល់​ថា ចង់​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ គឺ​ត្រូវ​តែ​ខំ​ប្រឹង​អាន​សៀវ​ភៅ កា​សែត​ឱ្យ​បាន​ច្រើន ដើម្បី​សន្សំ​មេ​ពាក្យ និង​សរ​សេរ​ឱ្យ​បាន​ច្រើន​ទើប​មិន​សូវ​ខុស​អក្ខរា​វិរុទ្ធ”។

មិន​ត្រឹម​តែ​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ប៉ុណ្ណោះ​ទេ ប្អូន​ឡុក​នៅ​ទាំង​ចាត់​តាំង​ជួយ​បង្រៀន​បន្ថែម​ដល់​មិត្ត​ភក្តិ​ដែល​រៀន​ខ្សោយ​មុខ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​ក្នុង​សា​លា​ទៀត​ផង។ ប្អូន​គឹម​ភី​រឹត សិស្ស​ថ្នាក់​ទី​១០ បាន​ឱ្យ​ដឹង៖ “បង​ឡុក​គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​រៀន​សូត្រ​តាម គាត់​រៀន​ពូ​កែ​ផង និង​អស់​ពី​ចិត្ត​ក្នុង​ការ​ណែ​នាំ​មិត្ត​ភក្តិ​ដែល​រៀន​ខ្សោយ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​តាម​ថ្នាក់​នី​មួយៗ​ផង។ រៀង​រាល់​ពេល​ល្ងាច បង​ឡុក តែង​តែ​ឡើង​ថ្នាក់​បង្រៀន​ដល់​ក្រុម​មិត្ត​ភក្តិ ហើយ​របៀប​បង្រៀន​អក្សរ​ខ្មែរ​របស់​បង​គឺ​ងាយ​យល់ ងាយ​ចាំ ហេតុ​នេះ​ខ្ញុំ​ចូល​ចិត្ត​ណាស់។ សព្វ​ថ្ងៃ ខ្ញុំ​បាន​បង​ឡុក​ណែ​នាំ​រៀន​អក្សរ និង​ឱ្យ​ខ្ចី​ឯក​សារ​រៀន​សូត្រ ទើប​ខ្ញុំ​ស្ទាត់​ជំ​នាញ​អក្សរ​ខ្មែរ។ ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​ចូល​រួម​ប្រ​ឡង​សិស្ស​រៀន​ពូ​កែ​មុខ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ទី​ក្រុង សង្ឃឹម​ថា​នឹង​ទទួល​បាន​រង្វាន់​ខ្ពស់ៗ​ដូច​បងឡុក​ដែរ”។

លោក​គ្រូ​ដាំង​ថាញ​វ៉ូវ ចាង​ហ្វាង​រង​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង បាន​វាយ​តម្លៃ៖ "ប្អូន​ឡុក ជា​សិស្ស​ស្លូត​បូត ឧស្សាហ៍​ព្យា​យាម រួស​រាយ​រាក់​ទាក់​ម្នាក់ និង​ជា​លេ​ខា​សា​ខា​សម្ព័ន្ធ​យុវ​ជន​សកម្ម​ចូល​រួម​បណ្តា​សកម្ម​ភាព​វប្ប​ធម៌ កី​ឡា​របស់​សា​លា​និង​ថ្នាក់។ មិន​ត្រឹម​តែ​រៀន​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ប៉ុណ្ណោះ​ទេ ប្អូន​ឡុក នៅ​ទាំង​ជា​សិស្ស​រៀន​ពូ​កែ​របស់​សា​លា​ទៀត​ផង ហេតុ​នេះ​ប្អូន​គឺ​ជា​គំរូ​ដ៏​ល្អ​អំ​ពី​ស្មារតី​ជម្នះ​ការ​លំ​បាក ស្មារតី​ស្វ័យ​សិក្សា និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀន​សូត្រ"។

ស្នា​ដៃ​ទទួល​បាន​រង្វាន់​លេខ​១ ចំ​នួន​ពីរ​ដង និង​រង្វាន់​លេខ​២ ចំ​នួន​មួយ​ដង វិញ្ញា​សា​អក្សរ​សាស្រ្ត​ខ្មែរ​ថ្នាក់​ក្រុង គឺ​ជា​លទ្ធ​ផល​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និង​សេចក្តី​ស្រ​ឡាញ់​ចំ​ពោះ​ភា​សា​កំ​ណើត រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​ភា​សា និង​អក្សរ​សាស្ត្រ​ជន​ជាតិ​ខ្មែរ។ ប្អូន​ឡុក បាន​ចែក​រំ​លែក៖ “បំ​ណង​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ប្រ​ឡង​ចូល​សា​កល​វិទ្យា​ល័យ​គរុ​កោ​សល្យ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ ដើម្បី​ក្លាយ​ជា​លោក​គ្រូ​បង្រៀន​អក្សរ​ខ្មែរ។ ដើម្បី​សម្រេច​បាន​បំ​ណង​ប្រាថ្នា​នេះ ​ចំ​ពោះ​មុខ​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​ល្អ ដើម្បី​ប្រ​ឡង​ជាប់​នៅ​ក្នុង​សម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ខាង​មុខ​នេះ"។ ជា​មួយ​នឹង​លទ្ធ​ផល​សិក្សា​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក សង្ឃឹម​ថា​ប្អូន​ឡុក នឹង​ទទួល​បាន​លទ្ធ​ផល​គាប់​ប្រ​សើរ​ក្នុង​ការ​ប្រ​ឡង​នា​ពេល​ខាង​មុខ ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ នាំ​យក​ចំ​ណេះ​ដឹង​ទៅ​បណ្ដុះ​បណ្ដាល​ដល់​កូន​ចៅ​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជន​បទ​ត្រឹង​ដេ​ដូច​បំ​ណង​ប្រាថ្នា៕

យ្វី​អាញ -ថាច់​ធី

ចែករំលែកអត្ថបទ