លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិ ការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ មានបំណងឱ្យល្បឿនគម្រោងសំខាន់នានា របស់ទីក្រុងត្រូវបានធានា រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចទីក្រុងឱ្យសម្រេចតួលេខ ២ ខ្ទង់ក្នុងឆ្នាំ នេះនិងឆ្នាំបន្តបន្ទាប់ទៀត។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង
ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ពិនិត្យសំណង់ផ្លូវខេត្តលេខ ៩១៧។
លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានចុះពិនិត្យសំណង់ស្ពានអូរម៉ូង និងគម្រោងចរាចរណ៍មួយចំនួនអាស្រ័យដោយគណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់ចរាចរណ៍ និងកសិកម្មទីក្រុងកឹងធើធ្វើជាម្ចាស់វិនិយោគ រួមមាន៖ ការសាងសង់និងបង្កើនកម្រិត ពង្រីកផ្លូវខេត្តលេខ ៩១៧; ផ្លូវខេត្តលេខ ៩១៨ (ដំណាក់កាលទី ២)។
អមដំណើរមានលោកស្រី ម៉ាធីតឺយ អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនទីក្រុង; លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកមួយចំនួនរបស់ទីក្រុង។
សំណង់ស្ពានអូរម៉ូងអាស្រ័យដោយគណៈគ្រប់គ្រងគម្រោងនាវាចរណ៍ និងផ្លូវទឹក (ក្រសួងសំណង់) ធ្វើជាម្ចាស់វិនិយោគ។ គិតមកទល់ពេលនេះ ល្បឿនដំណើរការសាងសង់សម្រេចបានជាង ៧០% និងកំពុងខិតខំជំរុញឱ្យសម្រេចរួចរាល់នៅចុងឆ្នាំ ២០២៦។ សំណង់នៅមាន ៩ ករណី មិនទាន់ប្រគល់ផ្ទៃដីសាងសង់នៅឡើយ។
ក្នុងឱកាសចុះពិនិត្យសំណង់ លោកដុងវ៉ាំងថាញ តម្រូវឱ្យមជ្ឈមណ្ឌលអភិវឌ្ឍន៍មូលនិធិដីធ្លី ទីក្រុង ភូមិភាគ និងម្ចាស់វិនិយោគ រួមសហការជំរុញល្បឿនរំដោះផ្ទៃដីឱ្យបានឆាប់រហ័ស។ ចំពោះអង្គភាពសាងសង់ ត្រូវមានផែនការជំរុញល្បឿនសាងសង់ ដើម្បីបង្ហើយសំណង់នៅចុងឆ្នាំនេះ។

គណៈប្រតិភូត្រួតពិនិត្យ ធ្វើការជាមួយគណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់ចរាចរណ៍ និងកសិកម្មទីក្រុងកឹងធើ។
គម្រោងសាងសង់និងបង្កើនកម្រិត ពង្រីកផ្លូវខេត្ត ៩១៧ មានកម្រិតវិនិយោគសរុបក្រោយពេលកែសម្រួលរួចគឺ ១.២៤០,៧២ ពាន់លានដុង ប្រវែងខ្សែផ្លូវសរុប ១១,៤៥ គីឡូម៉ែត្រ។ សំណង់មានកញ្ចប់ដេញថ្លៃសាងសង់តម្លើងចំនួន ៤ កញ្ចប់ មកដល់ពេលនេះ តម្លៃអនុវត្តសម្រេចបានជាង ១៧២,៥៥ ពាន់លានដុង លើតម្លៃកិច្ចសន្យាសរុប ៦៨០,១៣ ពាន់លានដុង ល្បឿនសម្រេចបាន ២៥,៣៧% ។ ទូទាំងខ្សែផ្លូវទាំងមូល គឺសម្រេចបានការប្រគល់ផ្ទៃដីបានចំនួន ១០,៤៥ គីឡូម៉ែត្រ លើប្រវែងសរុប ១១,៤៥ គីឡូម៉ែត្រ។
គម្រោងផ្លូវខេត្តលេខ ៩១៨ (ដំណាក់កាលទី ២) មានកម្រិតវិនិយោគសរុបជាង ៨៧៧,៨៩ ពាន់លានដុង ប្រវែងខ្សែផ្លូវ ៦,២៧ គីឡូម៉ែត្រ។ សំណង់នេះមានកញ្ចប់ដេញថ្លៃសាងសង់ចំនួន ៣ កញ្ចប់ តម្លៃអនុវត្តមកដល់ពេលនេះសម្រេចជាង ២២១,៧៦/៥២១,៤៦ ពាន់លានដុង ស្មើនឹង ៤២,៥៣%។ ទូទាំងខ្សែផ្លូវទាំងមូល គឺសម្រេចបានការប្រគល់ផ្ទៃដីជាង ៥,៥៩/ ៦,២៧ គីឡូម៉ែត្រ។
តាមរយៈការពិនិត្យគម្រោងចំនួន ៣ បង្ហាញឱ្យឃើញថា រាល់ចំណុចខ្វះខាតនាពេលកន្លងមក ត្រូវបានដោះស្រាយយ៉ាងទាន់ពេល។
ក្រោយពេលបញ្ចប់ការពិនិត្យសំណង់នានា គណៈប្រតិភូត្រួតពិនិត្យបានធ្វើការជាមួយគណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់ចរាចរណ៍ និងកសិកម្មទីក្រុងកឹងធើ។
នៅក្នុងកិច្ចប្រជុំនោះ លោកដុងវ៉ាំងថាញ បានសង្កត់ធ្ងន់ថា៖ គណៈកម្មាធិការបក្សទីក្រុង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្តេជ្ញាចិត្តជំរុញល្បឿនសំណង់សំខាន់ៗលើភូមិឋានទីក្រុង ព្រមទាំងចង្អុលការគណៈកម្មាធិការប្រជាជនទីក្រុង បង្កើនការត្រួតពិនិត្យនិងតាមដាន ដើម្បីធានាឱ្យបាននូវល្បឿននៃសំណង់ទាំងឡាយ។
លោកដុងវ៉ាំងថាញ បានបញ្ជាក់៖ ចំពោះសំណើផ្សេងៗរបស់គណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់ចរាចរណ៍ និងកសិកម្មទីក្រុងកឹងធើ និងភូមិភាគនានា ក្រោយកិច្ចប្រជុំនេះ ការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុង ត្រូវធ្វើសេនាធិការជូនថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីមានសេចក្ដីសន្និដ្ឋាននៃកិច្ចប្រជុំ ក្នុងការកំណត់ខ្លឹមសារការងាររបស់គម្រោងទាំង៣ ក្នុងពេលខាងមុខ ក្នុងនោះផ្តល់អាទិភាពដល់ការងាររំដោះផ្ទៃដី។ ទន្ទឹមនឹងនោះ ត្រូវបង្ហើយរបាយការណ៍ផ្ញើជូនក្រុមប្រឹក្សាប្រជាជនទីក្រុង តាមរយៈគណៈសេដ្ឋកិច្ច - ថវិកា។
ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង រំពឹងថាល្បឿនអនុវត្តគម្រោងសំខាន់ៗរបស់ទីក្រុងមានភាពរលូនតាមផែនការដែលបានកំណត់ ដើម្បីរួមចំណែកធ្វើឱ្យកម្រិតកំណើនរបស់ទីក្រុងសម្រេចបានតួលេខ ២ ខ្ទង់ ក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត៕
អាញខ្វា - ថាច់ធី