14/05/2026 - 18:55

អត្ថន័យទម្រង់សួនបន្លែកងយុវជនសិស្សសាលាជនជាតិអន្តេវាសិកតឹងថាញ់ 

មកកាន់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ឃុំតឹងថាញ់ ទីក្រុងកឹងធើ យើងខ្ញុំមានចំណាប់ចំពោះទម្រង់់ “សួនបន្លែពួកប្អូន” របស់ក្រុមយុវជនសិស្សក្នុងសាលា។ ទម្រង់នេះមិនត្រឹមតែជា “ថ្នាក់រៀន” ពិសេសសម្រាប់ហ្វឹកហាត់បំណិនជីវិត និងស្មារតីចែករំលែកប៉ុណ្ណោះទេ នៅថែមទាំងបង្កើតប្រភពមូលនិធិសម្រាប់ជួយឧបត្ថម្ភសិស្សដែលមានជីវភាពលំបាកទៀតផង។

ទម្រង់នេះបានរក្សាប្រសិទ្ធភាពក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ដោយការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស។ ឆ្លៀតយកដីទំនេរក្នុងបរិវេណសាលាប្រមាណ ១០០ ម៉ែត្រការ៉េ ចាប់តាំងពីដើមឆ្នាំសិក្សា គ្រូទទួលបន្ទុករួមក្រុមយុវជនសិស្សសាលាបានបែងចែកជា ៤ តំបន់ជូនសិស្សថ្នាក់ទី ៨ និងទី ៩ ទទួលបន្ទុកដាំបន្លែគ្រប់ប្រភេទដូចជា៖ សាឡាត់ ត្រកួន និងបន្លែខ្លីថ្ងៃដទៃទៀត។ ក្រោមការណែនាំរបស់គ្រូប្រចាំថ្នាក់ ប្អូនៗម្ចាស់ការអនុវត្តរាល់ដំណាក់ការ ចាប់ពីការរៀបចំដី បណ្ដុះ ស្រោចទឹក និងថែទាំរៀងរាល់ថ្ងៃរហូតដល់ប្រមូលផល។ សកម្មភាពទាំងនេះអនុវត្តនៅពេលព្រលឹម ឬក្រោយម៉ោងសិក្សានាពេលរសៀល ជួយឱ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងបរិវេណសាលា។

ទម្រង់ “សួនបន្លែពួកប្អូន”

ចូលរួមទម្រង់នេះ ជួយឱ្យសិស្សានុសិស្សមិនត្រឹមតែចេះបច្ចេកទេសដាំដុះប៉ុណ្ណោះទេ នៅថែមទាំងរកឃើញនូវក្តីរីករាយក្នុងពលកម្មទៀតផង។ ប្អូនហ៊្វិញឌីញត្រាក់ សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ បានសំណេះសំណាល៖ “រៀងរាល់រសៀលពេលចេញមកថែបន្លែ ពួកប្អូនបានសម្របខ្លួនជាមួយធម្មជាតិ និងបានរួមកម្លាំងគ្នាថែទាំសួនបន្លែរបស់ថ្នាក់។ ពួកប្អូនយល់ថា សកម្មភាពពលកម្មនេះពិតជាមានអត្ថន័យ និងនាំមកនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង”។

សកម្មភាពប្អូនៗប្រមូលផលត្រកួន

ដោយដាំបានបន្លែសុវត្ថិភាពសម្រាប់ហូបផង និងកសាងប្រភពមូលនិធិជួយដល់មិត្តភក្តិជួបការលំបាកផង ទម្រង់នេះទទួលបានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស។ ក្នុងមួយឆ្នាំសិក្សា ថ្នាក់នីមួយៗប្រមូលផលបន្លែបាន ២ លើក ដើម្បីផ្គត់ផ្គង់ដល់ផ្ទះបាយសាលា ដោយទទួលបានចំណូលមធ្យមលើសពី ៥ លានដុង។ ថវិកានេះត្រូវបានដកមួយផ្នែកសម្រាប់មូលនិធិថ្នាក់ ចំណែកសល់ពីនោះប្រើប្រាស់ជាអាហារូបករណ៍ជូនសិស្សានុសិស្សដែលមានស្ថានភាពលំបាក។ ជារៀងរាល់ឆ្នាំ គឺអាហារូបករណ៍ចំនួន ៨ ចំណែក បានប្រគល់ជូនតាមរយៈប្រភពថវិកានៃទម្រង់ “សួនបន្លែពួកប្អូន”។

លោកគ្រូទ្រឿងកុងឌិញ គ្រូទទួលបន្ទុករួមក្រុមយុវជនសិស្សអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ឃុំតឹងថាញ់ មានប្រសាសន៍៖ “ដំបូងខ្ញុំឃើញដីក្នុងបរិវេណសាលាទុកចោលឥតប្រយោជន៍ ខ្ញុំបានស្នើរ​គណៈចាងហ្វាងដើម្បីបង្កើតទម្រង់នេះ ក្នុងគោលបំណងបំពាក់បំប៉នបំណិន និងបទពិសោធន៍ដាំដុះជាក់ស្តែងជូនប្អូនៗក្រោយម៉ោងរៀន។ បច្ចុប្បន្ន ទម្រង់នេះកាន់តែរីកចម្រើន ប្អូនៗដាំបានបន្លែខៀវស្រងាត់ ហើយរកបានថវិកាពីលក់បន្លែបង្កជាមូលនិធិឱ្យ​ថ្នាក់ និងអាហារូបករណ៍ជួយមិត្តក្រីក្រដែលរៀនសូត្របានល្អក្នុងថ្នាក់។ នេះគឺជាអត្ថន័យដ៏ធំធេងដែលទម្រង់នេះនាំមក”។

តាមរយៈទម្រង់ “សួនបន្លែពួកប្អូន” នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ បានរីកសាយភាយនូវតម្លៃរស់នៅប្រពៃអំពីការចែករំលែក និងស្មារតីសាមគ្គីភាពក្នុងចំណោមសិស្សានុសិស្ស។ រាល់រងបន្លែខៀវខ្ចី មិនត្រឹមតែបង្រៀនប្អូនៗឱ្យស្រឡាញ់ពលកម្មប៉ុណ្ណោះទេ ថែមទាំងជួយឱ្យប្អ័នៗយល់ថា រាល់ការចូលរួម​ទោះតូចតាច ​តែនាំមកនូវតម្លៃមនុស្សធម៌ជ្រាលជ្រៅ។ មេរៀនដ៏រស់រវើកទាំងនេះនឹងរួមដំណើរជាមួយ​ប្អូនៗ ដើម្បីក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវខ្ពស់នាពេលអនាគត៕

ថាញហ៊ុង - ថាច់ធី

ចែករំលែកអត្ថបទ