ដោយភាពប៉ិនប្រសប់ក្នុងការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស ទម្រង់ចិញ្ចឹមពពែរបស់គ្រួសារបងហុងតិនង៉ៀ នៅភូមិដើមស្វាយ ឃុំមីហឿង ទីក្រុងកឹងធើ ផ្តល់ប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។

ទម្រង់ចិញ្ចឹមពពែរបស់បងហុងតិនង៉ៀ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ពីមុន គ្រួសារបងហុងតិនង៉ៀ ធ្វើស្រែជាចម្បង ប៉ុន្តែ ប្រសិទ្ធភាពសេច្ឋកិច្ចមិនខ្ពស់។ បន្ទាប់ពីសិក្សាស្រាវជ្រាវ ស្វែងយល់តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងបានទៅទស្សនាសិក្សាទម្រង់ជាក់ស្តែងជាច្រើន សង្កេតឃើញថាសត្វពពែងាយចិញ្ចឹម ចំណាយទុនតិច ប៉ុន្តែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដូច្នេះបងក៏សម្រេចចិត្តវិនិយោគចិញ្ចឹមពពែ។ ពេលនាំយើងខ្ញុំទៅទស្សនាទម្រង់ បងង៉ៀ ឱ្យដឹង៖ “ឆ្នាំ ២០២១ ខ្ញុំវិនិយោគសង់ទ្រុង ទិញពូជពពែ ១០ ក្បាលមកចិញ្ចឹម ដំបូងជួបការលំបាកច្រើនដោយសារពុំទាន់មានបទពិសោធន៍ ប៉ុន្តែបន្ទាប់ពីរៀនសូត្ររបៀបចិញ្ចឹមថែទាំពីមាមីងក្នុងភូមិភាគ ទម្រង់នេះក៏ចាប់ផ្តើមមានប្រសិទ្ធភាពជាបណ្តើរៗ ម៉្លោះហើយខ្ញុំអនុវត្តទម្រង់ចិញ្ចឹមពពែរហូតដល់សព្វថ្ងៃ។ ផ្តើមពីពពែពូជ ១០ ក្បាល ឥឡូវកើនឡើងដល់ ២០ ក្បាល”។
ការចិញ្ចឹមពពែក្នុងទ្រុង ចំណាយទុនតិច ប្រភពចំណីងាយរក សំខាន់គឺអនុផលកសិកម្ម ស្មៅនិងស្លឹកឈើជុំវិញផ្ទះ។ ធម្មតាពូជពពែអាចកើតកូនបាន ២ ល្បាស់ក្នុងមួយឆ្នាំ មួយល្បាស់ពី ២ ទៅ ៣ ក្បាល ចិញ្ចឹមក្នុងរយៈពេល ៦ ខែអាចប្រមូលផល ទម្ងន់សម្រេចពី ២០ ទៅ ៣០ គីឡូក្រាមក្នុងមួយក្បាល។ ក្នុងមួយឆ្នាំៗបងង៉ៀ លក់ពពែសាច់ ប្រមាណ ៧០ ក្បាល លក់ក្នុងតម្លៃពី ៩០.០០០ ដល់ ១០០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់ចំណាយរួច នៅចំណេញប្រមាណ ១០០.០០០ លានដុងក្នុងមួយឆ្នាំ។ សង្កេតឃើញទម្រង់នេះមានប្រសិទ្ធភាពសេដ្ឋកិច្ច បងង៉ៀសម្រេចចិត្តបង្កើនហ្វូងពពែឡើងដល់ ៣០ ក្បាល ដើម្បីបង្កើនប្រាក់ចំណូល។ “ដើម្បីចិញ្ចឹមពពែមានប្រសិទ្ធភាព ក្រៅពីយល់ដឹងលក្ខណៈរបស់វា ការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹមក៏មានសារៈសំខាន់ណាស់ តាំងពីការសង់ទ្រុងរហូតដល់ការតាមដាននិងថែទាំហ្វូងពពែ។ ទ្រុងសង់រានខ្ពស់ ស្រឡះស្រឡំនិងជ្រះស្អាត ព្រោះសត្វពពែមិនចូលចិត្តទ្រុងសើម។ ទន្ទឹមនឹងនោះ ត្រូវប្រើប្រាស់ផលិតផលដំបែរអតិសុខុមប្រាណ ដើម្បីប្រព្រឹត្តិកម្មកាកសំណល់ បញ្ចុះព្រូនតាមកាលកំណត់ ចាក់វ៉ាក់សាំងបង្ការរោគកកឈាមនិងជំងឺអុតជាដើម” បងង៉ៀ បានឱ្យដឹងដូច្នេះ។ អាស្រ័យអនុវត្តវិទ្យាសាស្ត្របច្ចេកទេស ទើបទម្រង់ចិញ្ចឹមពពែរបស់បងង៉ៀធំធាត់ល្អ អត្រាខូចខាតទាប ជួយឱ្យគ្រួសារគាត់បង្កើនប្រាក់ចំណូល លំនឹងជីវភាព។
លោក លីថាញ អនុប្រធានសមាគមកសិករឃុំមីហឿង ឱ្យដឹង៖ “ទម្រង់ចិញ្ចឹមពពែរបស់បងហុងតិនង៉ៀ គឺជាទិសដៅសមស្របសម្រាប់គ្រួសារដែលមានផ្ទៃដីតិចតួច។ ជាមួយលក្ខណៈងាយស្រួលចិញ្ចឹម កម្លាំងជំនះល្អ ចំណាយទុនតិច ច្រកចេញលំនឹង រួមចំណែកបង្កើនប្រាក់ចំណូលនិងបន្ថយភាពក្រីក្រដោយចីរភាព។ ដើម្បីពង្រីកប្រសិទ្ធភាព នៅពេលខាងមុខ សមាគមនឹងសកម្មសហការជាមួយផ្នែកជំនាញចាត់តាំងបើកវគ្គហ្វឹកហ្វឺនអំពីបច្ចេកទេសចិញ្ចឹមសត្វ បង្កលក្ខណៈបុលទុន ដើម្បីគ្រួសារកសិករពង្រីកទម្រង់ចិញ្ចឹម បង្កើនប្រាក់ចំណូល ធ្វើមានស្របច្បាប់”៕
ថាញវ៉ាង - វ៉ាន់តឹន