សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ គឺជាសាលាមួយជំនាញបណ្តុះបណ្តាលសមណសិស្សដែលមកពីខេត្ត ក្រុងនានាតំបន់ណាមបូ។ អស់រយៈពេល៣២ឆ្នាំ ប្រឹងប្រែងដោយឥតឈប់ឈរ សមូហភាពកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករបស់សាលា បង្កបានសមិទ្ធផលគួរជាទីមោទនៈក្នុងការបណ្តុះបណ្តាលបញ្ញវន្តសម្រាប់ប្រទេសជាតិ រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សបម្រើសង្គម។

លោកឡេថាញប៊ិញ អតីតអនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ចាស់) ប្រជុំពិភាក្សាជាមួយមន្ត្រីសង្ឃខេត្តអំពីការបង្កើតសាលា។
ផ្តើមពីការស្នើសុំរបស់លោកគ្រូមហាហ្វិញកឿង កាលនោះ គឺជាសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ៧ ប្រធានសាខាគណៈជនជាតិមជ្ឈិមណាមបូ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ៦៧៥/TTG ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៩៤ ស្តីពីការប្រគល់សិទ្ធិដល់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សម្រេចបង្កើតសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ កិច្ចដំណើរការរបស់សាលាដោយប្រើប្រាស់ប្រភពថវិកាខេត្តធានា។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៩៤ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ចេញសេចក្តីសម្រេចលេខ ៣៥៧៩ /QĐ.TCCB-៩៤ ស្តីពីការបង្កើតសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ជាមួយនឹងភារកិច្ចបណ្តុះបណ្តាល បំពេញវិជ្ជា បង្រៀនភាសាបាលីនិងអក្សរខ្មែរ ដើម្បីបណ្តុះបណ្តាលកម្មាភិបាលជនជាតិខ្មែរនៅតំបន់ណាមបូ។
បច្ចុប្បន្ន សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ មានមណ្ឌលការិយាល័យចំនួន ១ និង៨៧បន្ទប់ រួមមាន៖ បន្ទប់រៀន បន្ទប់ពិសោធន៍ អន្តេវាសិកដ្ឋាន អាហារដ្ឋាន បណ្ណាល័យប្រព័ន្ធស្ថានីយបូមទឹកនិងបង្ការពន្លត់អគ្គិភ័យ ព្រមទាំងមានបរិវេណទីធ្លាធំទូលាយ។ ពិសេស វត្តឃ្លាំងបានបរិច្ចាគផ្ទៃដីទំហំ ៨.១១០ ម៉ែត្រការ៉េ ដើម្បីសាងសង់បរិវេណសាលាថ្មី ញុាំងឱ្យសោភណភាពសាលាកាន់តែស្រស់ស្អាតនិងទំនើប ឆ្លើយតបគ្រប់លក្ខណៈបម្រើការបង្រៀននិងរៀន។
លោកគ្រូថាច់ឫទ្ធិ នាយករងនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “ចាប់តាំងពីសាលាបានបង្កើតបក្សនិងរដ្ឋតែងយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់សាលាដំណើរការនិងអភិវឌ្ឍន៍ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងបំពាក់គ្រឿងបរិក្ខារសិក្សាសព្វគ្រប់ ដើម្បីសមណសិស្សសិក្សាបានល្អ។ សមណសិស្សដែលសិក្សានៅសាលានេះ ទទួលបានរបបគោលនយោបាយ ដូចសាលាជនជាតិអន្តេវាសិក សាលាតែងគ្រប់គ្រងនិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ព្រះសង្ឃសិក្សា ដើម្បីសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
នេះគឺជាសាលាដំបូងបង្អស់ដែលបណ្តុះបណ្តាលពីកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យដល់សមណសិស្សនៅទូទាំងតំបន់ណាមបូ។ ក្នុងរយៈពេល ៣២ ឆ្នាំកន្លង សាលាបានបណ្តុះបណ្តាលសមណសិស្ស ១.៤៣០ អង្គ។ មុននឹងចូលសិក្សានៅសាលានេះ សមណសិស្សគ្រប់អង្គត្រូវបញ្ចប់កម្មវិធីសិក្សាបាលីរង។ ពេលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ក្រៅពីវិញ្ញាសាសមាយោគធម្មជាតិនិងសង្គម ដូចទៅនឹងកម្រិតមធ្យមសិក្សាចំណេះទូទៅ សមណសិស្សនៅទាំងទទួលបានការបណ្តុះបណ្តាល មានបែបបទពីវេយ្យាករណ៍ខ្មែរ វិធីសាស្ត្របកប្រែឧភយភាសាខ្មែរ-វៀត វៀត-ខ្មែរ និងមធ្យមសិក្សាភាសាបាលី។
ពេលបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅ សិក្ខាកាមនឹងទទួលបានសញ្ញាបត្រមធ្យមសិក្សា ចំណេះទូទៅ (ថ្នាក់ទី ១២) វិញ្ញាបនបត្រមធ្យមសិក្សាភាសាខ្មែរ និងវិញ្ញាបនបត្រមធ្យមសិក្សាភាសាបាលីទៀតផង។ ក្នុងរយៈពេល ៣២ ឆ្នាំកន្លង សាលាបណ្តុះបណ្តាលសិស្សចេញសាលាបាន ២៨ ជំនាន់ ដោយមានសមណសិស្ស ៨៧៦ អង្គ។ ក្នុងនោះ សមណសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិបាន ៧៨៣ អង្គ សម្រេចអត្រា ៨៨,៩% ប្រឡងមធ្យមសិក្សាភាសាបាលីនិងមធ្យមសិក្សាភាសាខ្មែរគ្រប់ជំនាន់ លទ្ធផលជាប់ ១០០%។ ក្នុងចំណោមសិក្ខាកាមដែលប្រឡងចេញសាលា មានសិក្ខាកាមជាច្រើនបានចូលរួមបម្រើការងារនៅតាមស្ថាប័នរដ្ឋលើវិស័យផ្សេងៗ ដូចជា៖ អប់រំ សុខាភិបាល សារព័ត៌មាន វិទ្យុ ទូរទស្សន៍ កងទ័ព នគរបាល មន្ទីរជនជាតិនិងសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្ត ទីក្រុង។

សមណសិស្សកំពុងសិក្សា។
ព្រះតេជព្រះគុណ ត្រឹងវុាំងថា អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹង ធើ ព្រះចៅអធិការវត្តសិរីតាម៉ឺន ឃុំលីវទូ ទីក្រុងកឹងធើ ជាអតីតសិស្សជំនាន់ទី ២ របស់សាលា មានថេរដីកា៖ សាលាបានបណ្តុះបណ្តាលធនធានព្រះសង្ឃនិងបញ្ញវន្តជាច្រើន ដើម្បីផ្គត់ផ្គង់និងបង្កប្រភពធនធានមនុស្សសម្រាប់សង្គម ជាពិសេសគឺតំបន់ជនរួមជាតិខ្មែរ។ មានសមណសិស្សច្រើនអង្គបានក្លាយជាបញ្ញវន្ត បន្ទាប់ពីលាចាកសិក្ខាបទ។ មានសមណសិស្សអង្គខ្លះនៅបន្តសាងផ្នួស និងក្លាយជាអ្នកមានប្រិយភាពនៅគ្រប់ថ្នាក់ឃុំ សង្កាត់ ទីក្រុង មានអង្គខ្លះទៀត បច្ចុប្បន្ន កំពុងកាន់តំណែងស្នូលក្នុងសមាគមពុទ្ធសាសនា។
ឆ្លងកាត់រយៈពេល ៣២ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ មិនត្រឹមតែរក្សារឹងមាំ ឈានមុខក្នុងការអប់រំសមណសិស្សនិងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិតំបន់ណាមបូផងដែរ។ សាលានេះ បានបញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលកម្មាភិបាល និងព្រះសង្ឃខ្មែរគ្រប់ជំនាន់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ក្រុងនានាក្នុងតំបន់។ ជាមួយទិសស្លោក “ក្រឹត្យក្រម ទទួលខុសត្រូវ សាមគ្គីផ្លាស់ថ្មី អភិវឌ្ឍន៍ សមាហរណកម្ម ” សមូហភាពសាលាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម រក្សារឹងមាំតម្លៃប្រពៃណី ព្រមទាំងធ្វើការកែលម្អជាប្រចាំ ដើម្បីស្របនឹងតម្រូវការសម័យទំនើប។ សាលាមិនត្រឹមតែជាថ្នាល បណ្តុះបណ្តាលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះពន្លកចំណេះដឹង ពូនជ្រំគុណសម្បត្តិល្អ ប្រពៃដល់យុវវ័យជំនាន់ក្រោយ ជួយឱ្យពួកគេក្លាយជាពលរដ្ឋឆ្នើម មានប្រយោជន៍សម្រាប់គ្រួសារ វត្តអារាម ភូមិស្រុកនិងមាតុភូមិ៕
ហ្វាងយីវ-មុនី