មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/04/2026 - 07:23

ចាក​ផុត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​ប្រ​ភព​ទុន​គោល​នយោ​បាយ 

បង​យ៉ីប​ភឿក​ង៉ៀ នៅ​មណ្ឌល​ដាយ​ង៉ៀ​ថាំង សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ គឺ​ជា​បុគ្គល​គំរូ​មួយ​រូប​ដែល​មាន​ស្មារតី​ជម្នះ​ការ​លំ​បាក ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​ប្រ​កប​ការ​ងារ និង​ចេះ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​គោល​នយោ​បាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ទើប​ជីវ​ភាព​គ្រួ​សារ​បង​ជា​ជំ​ហាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។

 បង​យ៉ីប​ភឿក​ង៉ៀ កំ​ពុង​ដក​ខ្ទឹម​ស្លឹក​ពូជ ដើម្បី​ត្រៀម​ដាំ​រដូវ​បន្ទាប់។

កើត​ក្នុង​គ្រួ​សារ​កសិ​ករ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត ប៉ុន្មាន​ឆ្នាំ​ដំ​បូង​ដែល​ចាប់​ផ្ដើម​កសាង​អា​ជីព គ្រួ​សារ​បង​ង៉ៀ​ ជួប​ការ​លំ​បាក​យ៉ាង​ខ្លាំង ដោយ​សារ​ខ្វះ​ខាត​ទុន ឧប​ករណ៍​ផលិត​និង​បទ​ពិ​សោធន៍ ប្រ​កប​ការ​ងារ​រក​ស៊ី។ ជីវ​ភាព​ពឹង​លើ​​ដី​កសិ​កម្ម​បន្តិច​បន្តួច ម្ល៉ោះ​ហើយ​ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់។ ដោយ​អនុ​វត្ត​តាម​ការ​ណែ​នាំ​របស់​ភូមិ​ភាគ កាល​ពី​ឆ្នាំ ២០២០ បង​បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ចំ​នួន ២ លើក សរុប​ជា​ទឹក​ប្រាក់ ៥០ លាន​ដុង ដើម្បី​វិនិ​យោគ​លើ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ។ តាម​រយៈ​នោះ បង​ង៉ៀ បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ពី​២ កុង ឡើង​ដល់ ៤ កុង ភាគ​ច្រើន​ដាំ​ដំ​ណាំ ដូច​ជា៖ សា​ឡាត់ ខ្ទឹម​ស្លឹក ជីរ​ក្រ​អូប និង​គូ​ឆាយ។ បង​ង៉ៀ ឱ្យ​ដឹង៖ “បច្ចុ​ប្បន្ន ខ្ញុំ​កំ​ពុង​ដាំ​ខ្ទឹម​ស្លឹក​លើ​ផ្ទៃ​ដី ៤ កុង តម្លៃ​បច្ចុប្បន្ន​ ប្រ​មាណ ១៥​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម ប្រ​សិន​បើ​តម្លៃ​លំ​នឹង គ្រួ​សារ​ខ្ញុំ​នឹង​មាន​ចំ​ណូល​ប្រ​មាណ ៥០ លាន​ដុង​ក្នុង​មួយ​រដូវ​ ក្រោយ​ពី​ទូ​ទាត់​ប្រាក់​ចំ​ណាយ​រួច ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​ដាំ​បាន​ប្រ​មាណ ៤ រដូវ។ ក្រៅ​ពី​នោះ ខ្ញុំ​នៅ​ធ្វើ​ស្រែ ២ កុង និង​ចិញ្ចឹម​គោ​សាច់ ២ ក្បាល ដើម្បី​រក​ចំ​ណូល​បន្ថែម​សម្រាប់​គ្រួ​សារ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ អា​ស្រ័យ​ដោយ​ដំ​ណាំ​រួម​ផ្សំ​ទទួល​បាន​ទិន្ន​ផល​ល្អ គ្រួ​សារ​ខ្ញុំ​សន្សំប្រាក់​សាង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ តម្លៃ​ជាង ៥០០ លាន​ដុង និង​ចិញ្ចឹម​កូនៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ”។

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ដូច​សព្វ​ថ្ងៃ បង​ង៉ៀ បាន​សកម្ម​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ផ្ទេរ​វិទ្យា​សាស្ត្របច្ចេក​ទេស ដែល​ភូមិ​ភាគ​ចាត់​តាំង​ឡើង ព្រម​ទាំងម្ចាស់​ការ​រៀន​សូត្រ​បទ​ពិ​សោធន៍​ពី​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ទាំង​ក្នុង​និង​ក្រៅ​តំ​បន់ និង​ហ៊ាន​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ សត្វ​ចិញ្ចឹម​ឱ្យ​ស្រប​តាម​លក្ខណៈ​ដី​ធ្លី​របស់​ភូមិ​ភាគ។

អា​ស្រ័យ​ដោយ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន និង​ភាព​ឧស្សាហ៍​ក្នុង​ពល​កម្ម ទម្រង់​ផលិត​របស់​បង​កាន់​តែ​ពង្រីក​ប្រ​សិទ្ធ​ភាព។ ទិន្ន​ផល​ដំ​ណាំ​កើន​ឡើង​យ៉ាង​ច្បាស់​ក្រ​ឡែត ហ្វូង​សត្វ​ចិញ្ចឹម​រីក​ចម្រើន​ស្ថិរ​ភាព នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ជូន​គ្រួ​សារ។ ក្រោយ​ពី​ច្រើន​ឆ្នាំ​ខិត​ខំ​ប្រឹង​ប្រែង គ្រួ​សារ​បង​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​លំ​នឹង​និង​ធូរ​ធារ​ជា​លំ​ដាប់។

លោក ឡឹម​មិញ​ហា ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ដាយ​ង៉ៀ​ថាំង សង្កាត់​មី​ស្វៀង ឱ្យ​ដឹង៖ “កាល​ពី​មុន គ្រួ​សារ​បង​យ៉ីប​ភឿក​ង៉ៀ គឺ​ជា​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​ភាគ អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ និង​ចេះ​ប្រើ​ប្រាស់​ប្រ​ភព​ទុន ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ហេតុ​នេះ​នៅ​ឆ្នាំ ២០២៤ គ្រួ​សារ​បង​បាន​សុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​បន្ត​ខិត​ខំ​បង្ក​បង្កើន​ផល ដើម្បី​ធ្វើ​ឱ្យ​ជីវ​ភាព​គ្រួ​សារ​កាន់​តែ​ស្ថិរ​ភាព”។

ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ រឿង​ជម្នះ​ការ​លំ​បាក​របស់​បង​ង៉ៀ មិន​ត្រឹម​តែ​បញ្ជាក់​ពី​ឆន្ទៈ​របស់​មា​មីង​កសិ​ករ​ម្នាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​នូវ​ស្មារតី​ហ៊ាន​គិត ហ៊ាន​ធ្វើនៅ​ក្នុង​សហ​គមន៍​ទៀត​ផង។ នេះ​គឺ​ជា​កម្លាំង​ចល​ករ​ដ៏​សំ​ខាន់ ដើម្បី​កសាង​ស្រុក​កំ​ណើត​កាន់​តែ​រីក​ចម្រើន ​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​សម្បូរ​សប្បាយ​និង​សុភ​មង្គល៕

  ដា​លីន - ថាច់​ធី

ចែករំលែកអត្ថបទ