មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី ១ អាណត្តិកាល ២០២៥- ២០៣០ បានដាក់ចេញនូវទិសដៅនិងភារកិច្ចសំខាន់ៗជាច្រើន ដើម្បីជំរុញទីក្រុងឱ្យអភិវឌ្ឍឆាប់រហ័សនិងប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី។ តាមរយៈនោះ ទីក្រុងកឹងធើ នឹងខិតខំដល់ឆ្នាំ ២០៣០ ក្លាយជាប៉ូលកំណើនដ៏សំខាន់នៃទូទាំងប្រទេស មានតួនាទីជាកម្លាំងចលករអភិវឌ្ឍ រីកសាយភាយនិងដឹកនាំតំបន់វាលរាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ ក៏ជាមជ្ឈមណ្ឌលនៃតំបន់អំពីវិស័យពាណិជ្ជកម្មទេសចរណ៍ឡូជីស្ទិក ឧស្សាហកម្មកែច្នៃ កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ អប់រំ-បណ្តុះបណ្តាល សុខាភិបាលជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ...។

រដូវអំណោយផលនៅតំបន់ដីដាយតឹម សង្កាត់មីស្វៀង ជាមួយពូជស្រូវ ST២៤ ST២៥។
ក្រោយពីមហាសន្និបាត គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច និងអង្គការមហាជនរបស់ទីក្រុង បានប្រញាប់ប្រញាល់កសាងកម្មវិធីនិងផែនការសកម្មភាពជាក់ស្តែង ដើម្បីនាំយកសេចក្តីសម្រេចចិត្តទៅក្នុងជីវភាព។ មានទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនបានផ្សព្វផ្សាយនៅមូលដ្ឋាន រួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន ក្នុងនោះ មានជនរួមជាតិខ្មែរ។
កសិកម្មបច្ចេកវិទ្យាខ្ពស់ បង្កមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ
តំបន់ដាយតឹម ពីមុនចំណុះស្រុកមីស្វៀង ខេត្តសុកត្រាំង បច្ចុប្បន្នចំណុះសង្កាត់មីស្វៀង ទីក្រុងកឹងធើ គឺជាកន្លែងដែលគ្រួសារកសិករ ខ្មែរជាច្រើនបានផ្សារភ្ជាប់អស់រយៈពេលជាច្រើនឆ្នាំជាមួយពូជស្រូវ ST ដ៏ល្បីល្បាញ។
លោកហឿថាញ់ង៉ៀ នាយកសហករណ៍កសិកម្មង៉ៀថាំង បានឱ្យដឹង សមាជិកសហករណ៍បានរួមគ្នាបង្កើតវាលស្រែធំ ប្រមូលផ្តុំផលិតពូជស្រូវដែលមានគុណភាពខ្ពស់ ដូចជា ST២៤ និង ST២៥។ អាស្រ័យមានទិសដៅផលិតច្បាស់លាស់ និងមានអាជីវកម្មធានាទិញផលិតផល ទើបជីវភាពគ្រួសារកសិករជាច្រើនបានកែលម្អជាបណ្តើរៗ។
“ក្នុងរដូវប្រាំងឆ្នាំនេះ ស្រូវST២៥ បានអាជីវករប្រមូលទិញក្នុងតម្លៃប្រហែល ៩.០០០ ដុង ក្នុងមួយគីឡូក្រាម ទិន្នផលសម្រេចបានជាង ៧ តោនក្នុងមួយហិកតា រកបានប្រាក់ចំណេញប្រហែល ២៥–៣០ លានដុងក្នុងមួយហិកតា។ អាស្រ័យហេតុនេះ គ្រួសារជាច្រើនបានសាងសង់ផ្ទះរឹងមាំ ហើយកូនចៅបានរៀនសូត្រគ្រប់គ្នា” លោកង៉ៀ បានឱ្យដឹងដូច្នេះ។
អនុវត្តតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុង ផ្នែកកសិកម្មកំពុងជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមទិសដៅលើកកម្ពស់តម្លៃបន្ថែមនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ភូមិភាគជាច្រើនបានបង្កើតតំបន់ផលិតប្រមូលផ្តុំសម្រាប់ផលិតផលចម្បង ដូចជាស្រូវគុណភាពខ្ពស់ ផ្លែឈើប្រណីតនិងជលផល ព្រមទាំងអភិវឌ្ឍន៍កសិកម្មជីវស្ថាន កសិកម្មទំនើបនិងអនុវត្តផ្លាស់ប្ដូរឌីជីថលក្នុងការគ្រប់គ្រង ការផលិត។

តំបន់ជនរួមជាតិខ្មែរអភិវឌ្ឍន៍ដោយឥតឈប់ឈរ។
នៅឃុំតឹងថាញ់ មានគ្រួសារកសិករជាច្រើន បានបង្វែរមកផលិតស្រូវតាមទិសដៅបៃតងនិងចីរភាព។ មាមីងកសិករបានកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំការពាររុក្ខជាតិជាបណ្តើរៗ ដោយបង្កើនការអនុវត្តជីសរីរាង្គ សារធាតុជីវសាស្រ្តនិងវិធីសាស្ត្រដាំដុះជិតស្និទ្ធនឹងបរិស្ថាន។
នៅភូមិកាយក្វាន់ មានប្រជាជន ៣៥ គ្រួសារ បានបង្កើតក្រុមសហការផលិតស្រូវតាមបែបសរីរាង្គ លើផ្ទៃដីប្រមាណ ៤៣ ហិកតា។ ក្រោយពីផលិតបានប៉ុន្មានរដូវមក ទម្រង់នេះបានផ្តល់ប្រសិទ្ធភាពជាវិជ្ជមាន នៅពេលប្រាក់ចំណាយលើការផលិតបានថយចុះ ដីស្រែបានកែលម្អនិងគុណភាពគ្រាប់អង្ករបានលើកកម្ពស់។ លោកង្វៀងវ៉ាំងក្វៀង កសិករនៅភូមិកាយក្វាន់ បានឱ្យដឹង អាស្រ័យកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំគីមី ប្រាក់ចំណាយលើការផលិតបានថយចុះច្រើន ហើយប្រាក់ចំណេញកើនឡើងប្រហែល ១លានដុងក្នុងមួយហិកតា បើប្រៀបនឹងពីមុន។
យោងតាមផ្នែកកសិកម្មទីក្រុងកឹងធើ ក្នុងឆ្នាំ ២០២៥ សរុបផ្ទៃដីផលិតស្រូវរបស់ទីក្រុងសម្រេច បានជាង ៧១៨.០០០ ហិកតា ជាមួយនឹងទិន្នផលប្រហែល ៤,៧១ លានតោន។ ក្នុងនោះ ពូជស្រូវអតិផលនិងស្រូវក្រអូបដូចជា ST ដាយធឹម ៨ RVT មានជិត ៤០% ចំណែកក្រុមស្រូវគុណភាពខ្ពស់ ដូចជា OM៥៤៥១ OM១៨ OM៣៨០ មានជិត៦០%។
យកចិត្តទុកដាក់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
ទន្ទឹមនឹងអភិវឌ្ឍន៍សេដ្ឋកិច្ច ទីក្រុងកឹងធើ បានយកចិត្តទុកដាក់ដល់ការងារបន្ថយភាពក្រីក្រនិងធានាសុខុមាលភាពសង្គម ពិសេសគឺ នៅតាមតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។ កម្មវិធីជំនួយប្រកបមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជាច្រើន តែងបានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា។
ពូឌិញស្វឹងទឺយ នៅភូមិអំពូរជ្រុំ ឃុំង៉ុកតូ បានឱ្យដឹង គ្រួសារគាត់ទើបតែចាកផុតពីភាពក្រីក្រ ប៉ុន្តែលក្ខណៈបង្កបង្កើនផលនៅមានកម្រិត ដោយមានដីសម្រាប់ដាំដំណាំប្រហែល ២ កុង ប៉ុណ្ណោះ ហេតុនេះប្រាក់ចំណូលមិនទាន់លំនឹង។ តាមរយៈកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រចីរភាព គ្រួសារគាត់ទទួលបានការជំនួយគោមេចំនួន២ក្បាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាយូរអង្វែង។
នៅភូមិសុកបឹង ឃុំញូយ៉ា គ្រួសារពូថាច់ណាម ក៏ជាគំរូនៃស្មារតីឈានឡើងផងដែរ។ ផ្តើមពីការជំនួយគោមួយក្បាលពីដំបូង ពូណាមបានថែទាំនិងពង្រីកហ្វូងគោ ឈានឡើងលំនឹងសេដ្ឋកិច្ចគ្រួសារ ហើយបានសុំចាកផុតពីគ្រួសារក្រីក្រ។
យោងតាមសមមិត្តត្រឹងធីធូហាំង លេខាគណៈកម្មាធិការបក្សឃុំញូយ៉ា បានឱ្យដឹង ភូមិភាគមានជនរួមជាតិខ្មែររស់នៅជិត ៣៨% រយៈពេលកន្លង ឃុំតែងយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងកម្មវិធីបន្ថយភាពក្រីក្រដោយចីរភាព។ អាស្រ័យហេតុនោះ ដល់ចុងឆ្នាំ ២០២៥ ទូទាំងឃុំនៅតែ ៧១ គ្រួសារក្រស្រូបអត្រា ០,៨៣% និង២១៤ គ្រួសារក្បែរក្រ ស្រូបអត្រា ២,៥១% ក្នុងនោះគ្រួសារក្រីក្រជាជនជាតិភាគតិចនៅ ៣៩ គ្រួសារ។
នៅឃុំឡុងភូ ការងារបន្ថយភាពក្រីក្រនិងដោះស្រាយការងារធ្វើ ក៏សម្រេចបានលទ្ធផលយ៉ាងសកម្មជាច្រើនផងដែរ។ តាមប្រសាសន៍ សមមិត្តឡឹមតៀងថាច់ លេខាគណៈកម្មាធិការបក្សឃុំ បានឱ្យដឹង បច្ចុប្បន្ន ទូទាំងឃុំនៅគ្រួសារក្រីក្រ ៩០ គ្រួសារ ស្រូបអត្រា ១,២% និងគ្រួសារក្បែរក្រ ១៦៩ គ្រួសារ ស្រូបអត្រា ២,២៥%។ ក្នុងឆ្នាំ ២០២៥ ភូមិភាគបានដោះស្រាយការងារធ្វើជូនពលករ ៧៤៥ នាក់ សម្រេចបានជាង ១១៦% នៃផែនការ ក្នុងនោះមានពលករ ៧ នាក់ បានទៅធ្វើការនៅបរទេសតាមកិច្ចសន្យាមានរយៈពេលកំណត់។
បន្ទាប់ពីជោគជ័យនៃមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥–២០៣០ ស្មារតីនៃសេចក្តីសម្រេចចិត្ត កំពុងរីកសាយភាយជាបណ្តើរៗចូលទៅក្នុងជីវភាពសេដ្ឋកិច្ច–សង្គម។ ចាប់ពីការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចសមូហភាពរហូតដល់ការផ្សព្វផ្សាយអនុវត្តគោលនយោបាយសុខុមាលភាពសង្គម មានគោលការណ៍ជាច្រើន បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព រួមចំណែកកែលម្អជីវភាពរបស់ប្រជាជន ពិសេស គឺមាមីងជនរួមជាតិខ្មែរ។
ដោយការសាមគ្គីនិងប្តេជ្ញាចិត្តនៃទូទាំងប្រព័ន្ធនយោបាយរួមជាមួយប្រជាជន ទីក្រុងកឹងធើកំពុងឈានទៅមុខជាជំហានៗ ក្នុងការអនុវត្តទិសដៅអភិវឌ្ឍឆាប់រហ័សនិងចីរភាព ស័ក្តិសមជាទីក្រុងស្នូលនិងជាមជ្ឈមណ្ឌលកម្លាំងចលករនៃតំបន់វាលរាបទន្លេគឺវឡុងក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕
ថាច់ហុង-ដាលីន