ក្រោយរយៈពេលដាក់ឱ្យដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅតាមតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ទីក្រុងកឹងធើ គេឃើញមានភាពវិវត្តន៍ជាវិជ្ជមានជាច្រើន ដោយពង្រីកបានតួនាទីជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋនិងប្រជាជន ក្នុងការដោះស្រាយរាល់បែបបទរដ្ឋបាល។ ឆ្លងតាមរយៈនោះ រួមចំណែកកសាងរដ្ឋអំណាចដែលជិតដិតប្រជាជន ទំនើបនិងមានប្រសិទ្ធភាព។

កម្មាភិបាល និងបុគ្គលិកឃុំភឿកប៊ិញ ទីក្រុងកឹងធើ តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាជនក្នុងការបំពេញព័ត៌មានចាំបាច់នានា។
ក្នុងពេលកន្លង អាស្រ័យដោយការជំរុញកិច្ចការកែទម្រង់រដ្ឋបាល ផ្លាស់ប្តូរឥរិយាបថបំពេញការងារ និងលើកកម្ពស់ការដោះស្រាយបែបបទរដ្ឋបាល បានឈានទៅដល់ការកសាងរដ្ឋអំណាចជិតដិតនឹងប្រជាជន មានតម្លាភាពនិងទំនើប។ តាមប្រសាសន៍លោក ង្វៀងថាញហុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ នាយកមជ្ឈមណ្ឌលបម្រើសេវារដ្ឋឃុំភឿកប៊ិញ បានឱ្យដឹង ដើម្បីលើកកម្ពស់គុណភាពនៃការដោះស្រាយបែបបទរដ្ឋបាល ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ ក្រោយពេលបង្កើត មជ្ឈមណ្ឌលបានចាត់តាំងតាមទម្រង់ “៤នៅនឹងកន្លែង” រួមមាន៖ ទទួលពិនិត្យ អនុម័ត និងប្រគល់លទ្ធផល។ ការផ្លាស់ថ្មីទាំងនេះ បានរួមចំណែកលើកកម្ពស់គុណភាព ដោះស្រាយបែបបទរដ្ឋបាល ក្នុងនោះ មានបែបបទជាច្រើនត្រូវបានដោះស្រាយឆាប់រហ័ស មិនបង្កឱ្យមានភាពស្មុគស្មាញ ធានាត្រឹមត្រូវតាមសេចក្ដីកំណត់និងពេលវេលា បង្កបានទំនុកចិត្តក្នុងចំណោមប្រជាជន។ ក្នុងឆ្នាំ ២០២៥ ឃុំភឿកប៊ិញទទួលបានសំណុំឯកសារចំនួន ១.៧៥៥ ច្បាប់ ក្នុងនោះដោះស្រាយរួចរាល់ចំនួន ១.៦៨៨ ច្បាប់ និងកំពុងបន្តដោះស្រាយចំនួន ៦៥ ច្បាប់ទៀត។
លោក ដងវ៉ាំងយ៉ឹង ប្រជាជននៅភូមិភាគ ចែករំលែក៖ “ខ្ញុំមិនសូវចេះប្រើប្រាស់ស្មាតហ្វូន ដើម្បីភ្ជាប់សេវារដ្ឋនោះទេ។ រាល់លើកដែលមកកាន់ឃុំធ្វើបែបបទរដ្ឋបាល គឺជួបការលំបាកខ្លាំងណាស់ ប៉ុន្តែអាស្រ័យបានកម្មាភិបាលឃុំជួយណែនាំដោយអស់ពីចិត្ត ទើបរាល់បែបបទរបស់ខ្ញុំ បានដោះស្រាយបានឆាប់រហ័ស មិនចំណាយពេលចុះឡើងទៅមកច្រើនសាឡើយ”។ ក្រៅពីលោកយ៉ឹង ក៏មានគ្រួសារជាច្រើនទៀតនៅពេលមកចុះបញ្ជីអត្រានុកូលដ្ឋាន ក៏ដូចជាដំឡើង គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក VNeID សុទ្ធតែបានកម្មាភិបាលជួយជ្រោមជ្រែង និងណែនាំដោយផ្ទាល់យ៉ាងសកម្ម ងាយយល់ និងអាចដឹងរបៀបធ្វើដោយខ្លួនឯងសម្រាប់លើកក្រោយៗទៀត។
កិច្ចការកែទម្រង់រដ្ឋបាល គឺដើម្បីធានាប្រសិទ្ធភាពអភិបាលកិច្ច ធានាភាពយុត្តិធម៌ តម្លាភាព លុបបំបាត់រាល់បែបបទស្មុគស្មាញ បង្កលក្ខណៈងាយស្រួលដល់ប្រជាជន ជាពិសេសគឺជនជាតិភាគតិចងាយស្រួលចូលប្រើប្រាស់និងអនុវត្ត។ ទន្ទឹមនឹងនោះ គឺជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍការធ្វើឌីជីថលភាវូបនីយកម្មសំណុំឯកសារ ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយលើការធ្វើដំណើររបស់ប្រជាជន។ បងស្រី ស៊ើងធីចិន្ដាលី នៅភូមិទ្រឿងឡុក ឃុំទ្រឿងខាញ់ មកកែតម្រូវនិងបំពេញបន្ថែមព័ត៌មានអត្រានុកូលដ្ឋាន ឱ្យដឹង៖ “នាងខ្ញុំទើបតែធ្វើរួចរាល់នូវរាល់បែបបទចុះឈ្មោះ នៅទីនេះធ្វើការបានលឿនណាស់។ ខ្ញុំយល់ឃើញថា ការធ្វើបែបបទមានភាពងាយស្រួលជាងមុន ជាពិសេស គឺបានកម្មាភិបាលណែនាំអស់ពីចិត្តពីថ្លើម”។

កម្មាភិបាល និងបុគ្គលិករដ្ឋឃុំទ្រឿងខាញ់ ទីក្រុងកឹងធើ សកម្មក្នុងការដោះស្រាយបែបបទរដ្ឋបាលជូនប្រជាជន។
តាមព័ត៌មានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ដំណាច់ឆ្នាំ ២០២៥ ឃុំទ្រឿងខាញ់ បានទទួលសំណុំឯកសារចំនួន ៣.៦៨១ ច្បាប់ ក្នុងនោះទទួលតាមប្រព័ន្ធអនឡាញមាន ២.៥១០ ច្បាប់ និងទទួលដោយផ្ទាល់មាន ១.១៧១ ច្បាប់ ចំនួនឯកសារដែលបានដោះស្រាយរួចរាល់គឺ ៣.៥៩៣ ច្បាប់ ក្នុងនោះការដោះស្រាយមុនកាលកំណត់សម្រេចបានជាង ៩៧%។ អាស្រ័យដោយប្រព័ន្ធដោះស្រាយបែបបទរដ្ឋបាលអេឡិចត្រូនិកដំណើរការបានល្អ និងមានការភ្ជាប់ទំនាក់ទំនងជាមួយច្រកសេវារដ្ឋជាតិ បានជួយឱ្យប្រជាជនចាប់ផ្តើមស៊ាំទៅនឹងវិធីសាស្ត្រដោះស្រាយបែបបទតាមបែបទំនើប។
សមមិត្ត ប៊ុយង្វៀងហ្វីផុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ នាយកមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំទ្រឿងខាញ់ បញ្ជាក់៖ “ដោយមានការផ្លាស់ថ្មីរបៀបធ្វើការ រួមជាមួយស្មារតីទទួលខុសត្រូវរបស់កងជួរកម្មាភិបាល និងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន បានរួមចំណែកកសាងនូវខឿនរដ្ឋបាលកាន់តែជិតដិតនឹងប្រជាជន ទំនើបនិងមានប្រសិទ្ធភាព។ ផ្ដើមពីនោះ បង្កទំនុកចិត្តបន្ថែមទៀតសម្រាប់បងប្អូនជនជាតិភាគតិច ក្លាយជាគ្រឹះស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាពរបស់ភូមិភាគ”។
ជាមួយនឹងទម្រង់រដ្ឋអំណាចឌីជីថល ច្រកចេញចូលតែមួយបានជួយឱ្យប្រជាជនមានភាពងាយស្រួលជាងមុនក្នុងការដោះស្រាយរាល់បែបបទរដ្ឋបាល។ នេះមិនត្រឹមតែជាការរៀបចំប្រព័ន្ធរដ្ឋបាលឡើងវិញប៉ុណ្ណោះទេ ថែមទាំងជាការបង្កើតបែបបទធ្វើការងារទំនើប ជិតដិតនឹងប្រជាជន ក្លាយជាស្ពានតភ្ជាប់រដ្ឋបាលដ៏មានប្រសិទ្ធភាព រវាងរដ្ឋនិងប្រជាជនក្នុងយុគសម័យ ឈានឡើងនៃប្រជាជាតិទាំងមូល៕
ថាញវ៉ាង - ថាច់ធី