10/04/2026 - 09:10

ហេតុ​អ្វី ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រា​រព្ធ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​មេ​សា? 

ខុស​ពី​ចូល​ឆ្នាំ​សកល ឬ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ដែល​មាន​កាល​បរិច្ឆេទ​កំ​ណត់​ច្បាស់​លាស់ ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក ថ្ងៃ​ទទួល​ទេវ​តា​ឆ្នាំ​ថ្មី (ថ្ងៃ​សង្ក្រាន្ត) និង​វេលា​ឆ្លង​ឆ្នាំ តែង​តែ​ផ្លាស់​ប្តូរ​ទៅ​តាម​ឆ្នាំ​នី​មួយៗ។  ការ​ផ្លាស់​ប្តូរ​នេះ មាន​ប្រ​ភព​មក​ពី​ការ​គណ​នា​តាម​ក្បួន​ហោ​រា​សាស្ត្រ​យ៉ាង​ម៉ត់​ចត់ ​ផ្អែក​លើ​ដំ​ណើរ​គោ​ចរ​នៃ​ព្រះ​អា​ទិត្យ គួប​ផ្សំ​នឹង​រឿង​ព្រេង​និ​ទាន​ដែល​ជា​កេរ​ដំ​ណែល​ប្រ​ជា​ប្រិយ​ខ្មែរ បាន​បង្កើត​ឱ្យ​មាន​ពិធី​បុណ្យ​ដ៏​សំ​ខាន់​មួយ​សម្រាប់​អរ​គុណ​ដល់​ធម្ម​ជាតិ គោ​រព​ដល់​បុព្វ​ការី​ជន និង​បួង​សួង​សុំ​ឱ្យ​ឆ្នាំ​ថ្មី​មាន​សេច​ក្តី​សុខ សម្បូរ​សប្បាយ​និង​សុ​វត្ថិ​ភាព។

បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ជា​ពិ​ធី​បុណ្យ​ធំ​មួយ​របស់​ជន​រួម​ជាតិ​ខ្មែរ ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ព្រេង​អំ​ពី​ធម្ម​បាល​កុ​មារ គឺ​ជា​តួ​អង្គ​ក្នុង​រឿង​ព្រេង​បុរាណ​ខ្មែរ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុព្វ​ជាតិ ឬ​ជាតិ​មុន​របស់​ព្រះ​ពុទ្ធ​សក្យ​មុនី (ព្រះ​ពោ​ធិ​សត្វ)។ តាម​រឿង​ព្រេង​បាន​និ​យាយ​ថា ធម្ម​បាល​កុមារ គឺ​មាន​ប្រាជ្ញា​លើស​មនុស្ស​ធម្ម​តា បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រៃវេទ​និង​មាន​សមត្ថ​ភាព​ដ៏​ពិ​សេស អាច​ស្តាប់​និង​យល់​ភា​សា​សត្វ​បាន។ កិត្តិ​ស័ព្ទ​របស់​ធម្ម​បាល​កុ​មារ បាន​ធ្វើ​ឱ្យ​កបិល​មហា​ព្រហ្ម​ចាប់​អា​រម្មណ៍ ហើយ​បាន​ចុះ​មក​សាក​ល្បង​ប្រាជ្ញា ដោយ​ដាក់​ប្រ​ស្នា ៣ ខ អំ​ពី​សិរី ៣ ប្រ​ការ​របស់​មនុស្ស ក្នុង​លក្ខ​ខណ្ឌ​ថា រយៈ​ពេល ៧ ថ្ងៃ​បើ​ដោះ​មិន​រួច​នឹង​ត្រូវ​កាត់​ក្បាល។ ប្រ​ស្នា​ទាំង ៣ ខ​នោះ​សួរ​ថា៖ ពេល​ព្រឹក សិរី​ស្ថិត​នៅ​ត្រង់​ណា? ពេល​ថ្ងៃ​ត្រង់ សិរី​ស្ថិត​នៅ​ត្រង់​ណា?  ពេល​ល្ងាច សិរី​ស្ថិត​នៅ​ត្រង់​ណា? ។ លុះ​កន្លង​ទៅ ៦ ថ្ងៃហើយ ធម្ម​បាល​កុមារ មិន​អាច​រក​ចម្លើយ​បាន  ហើយ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ក៏​បាន​រត់​គេច​ខ្លួន​ចេញ​ទៅ​ឱ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រ​សើរ​ជាង។  ប៉ុន្តែ នៅ​ពេល​ដែល​នឿយ​ហត់ ធម្ម​បាល​កុមារ ក៏​សម្រាក​នៅ​ក្រោម​ដើម​ត្នោត ដោយ​មាន​សមត្ថ​ភាព​ចេះ​ស្ដាប់​ភា​សា​សត្វ ធម្ម​បាល​កុមារ បាន​ស្តាប់​ឮ​សត្វ​ឥន្ទ្រី​មួយ​គូ​និយាយ​គ្នា​អំ​ពី​មរណ​ភាព​របស់​ខ្លួន និង​បង្ហាញ​ចម្លើយ​សម្រាប់​ប្រ​ស្នា​ទាំង ៣ នោះ។ ទី​បំ​ផុត ធម្ម​បាល​កុមារ អាច​ឆ្លើយ​ប្រ​ស្នា​បាន​ត្រឹម​ត្រូវ កបិល​មហា​ព្រហ្ម ក៏​ព្រម​កាត់​ព្រះ​សិរ​សា (ក្បាល) ខ្លួន​ឯង​តាម​កិច្ច​សន្យា។

 ព្រះ​សិរ​សា​កបិល​មហា​ព្រហ្ម គឺ​ជា​និមិត្ត​រូប​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ព្រេង​និ​ទាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ។

តាម​ប្រ​ពៃ​ណី​ពី​បុ​រាណ បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ តែង​តែ​ប្រា​រព្ធ​នៅ​ខែ​មិគ​សិរ ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​ខែ​នេះ​មិន​អំ​ណោយ​ផល ទើប​ពិ​ធី​បុណ្យ​នេះ​ត្រូវ​បាន​ប្តូរ​មក​ប្រា​​រព្ធ​តាម​ប្រតិ​ទិន​សុរិ​យា​គតិ​វិញ។ តាម​សុរិ​យា​គតិ ពេល​វេ​លា​ចាប់​ផ្តើម​ចូល​ឆ្នាំ​ថ្មី ត្រូវ​បាន​គណ​នា​ផ្អែក​លើ​ដំ​ណើរ​គោ​ចរ​នៃ​ព្រះ​អា​ទិត្យ ហៅ​ថា សង្ក្រាន្ត។ ពាក្យ “សង្ក្រាន្ត” មាន​ន័យ​ថា ការ​ផ្លាស់​ទី​ការ​ឆ្លង​កាត់​ឬ​ដំ​ណើរ​ឃ្លាត​ចាក​ទី ដើម្បី​បញ្ជាក់​ពី​ពេល​វេ​លា​ផ្លាស់​ប្តូរ​ពី​មីន​រា​សី ចូល​ទៅ​សរា​សី ដែល​ជា​ដើម​ឆ្នាំ​នៃ​ប្រតិ​ទិន​សុ​រិ​យា​គតិ។

ដូច​ដែល​យើង​ធ្លាប់​ឃើញ ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ត្រូវ​បាន​ប្រា​រព្ធ​នៅ​ពាក់​កណ្ដាល​ខែ​មេ​សា តាម​ប្រតិ​ទិន​សុ​រិ​យា​គតិ​រៀង​រាល់​ឆ្នាំ ហើយ​មាន​រយៈ​ពេល ៣ ឬ ៤ ថ្ងៃ។  យោង​តាម​ការ​គណ​នា​របស់​អ្នក​ហោ​រា​សាស្ត្រ រយៈ​ពេល​នៃ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយ​ផ្អែក​លើ​ការ​គណ​នា​នៃ​ក្បួន​មហា​សង្ក្រាន្ត។  យោង​តាម​ក្បួន​ហោ​រា​សាស្ត្រ​បុ​រាណ ប្រ​សិន​បើ​ពេល​វេលា​ទេវ​តា​ឆ្នាំ​ថ្មី​យាង​ចុះ​មក (ថ្ងៃ​សង្ក្រាន្ត) ស្ថិត​នៅ​ចន្លោះ​ចាប់​ពី​ម៉ោង ០០:០០ ដល់​មុន​ម៉ោង ២០:០០  នោះ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នឹង​មាន​រយៈ​ពេល ៣ ថ្ងៃ។  ប៉ុន្តែ ប្រ​សិន​បើ​ពេល​វេ​លា​ទេវ​តា​ឆ្នាំ​ថ្មី​យាង​ចុះ​មក (ថ្ងៃ​សង្ក្រាន្ត) ស្ថិត​នៅ​ចន្លោះ​ចាប់​ពី​ម៉ោង ២០:០០ ដល់​ម៉ោង ២៤:០០ នោះ​ព្រះអា​ទិត្យ​មិន​ទាន់​ផ្លាស់​ទី​ពេញ​លេញ​ចូល​ទៅ​កាន់​មេស​រា​សី​ទេ ដូច្នេះ​ត្រូវ​បន្ថែម​មួយ​ថ្ងៃ​ទៀត ហៅ​ថា វ័ន​បត ដែល​ឆ្នាំ​នោះ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​រយៈ​ពេល ៤ ថ្ងៃ។  មិន​មែន​កំ​ណត់​ថា រៀង​រាល់ ៤ ឆ្នាំ ត្រូវ​មាន​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ៤ ថ្ងៃ​ម្តងនោះ​ទេ ប៉ុន្តែ អា​ស្រ័យ​លើ​ពេល​វេលា​ដែល​ទេវ​តា​ឆ្នាំ​ថ្មី​យាង​ចុះ​មក (ថ្ងៃ​សង្ក្រាន្ត)។

សម្រាប់​កំ​ណត់​ថ្ងៃ​ចាប់​ផ្តើម​ចូល​ឆ្នាំ​ថ្មី តាម​ប្រតិ​ទិន​សុរិ​យា​គតិ គឺ​ថ្ងៃ​ទី ១៤ ខែ​មេសា ដែល​យើង​ឃើញ​សព្វ​ថ្ងៃ គ្រាន់​តែ​មាន​លក្ខណៈ​ប្រ​ហាក់​ប្រ​ហែល​ប៉ុណ្ណោះ  ពី​ព្រោះ​រយៈ​ពេល​ប្រ​ហែល ៧០ ឆ្នាំ​ម្តង ការ​កំ​ណត់​ពេល​វេលា​នេះ​នឹង​ផ្លាស់​ប្តូរ​ឡើង​មួយ​ថ្ងៃ។ ជាក់​ស្តែង​ឃើញ​ថា នៅ​សត​វត្សរ៍​មុន បុណ្យ​ចូល​ឆ្នាំ​ថ្មី​ភាគ​ច្រើន​ចាប់​ផ្តើម​ចន្លោះ​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៥ ខែ​មេ​សា ហើយ​បើ​ឆ្នាំ​ណា​មាន​ថ្ងៃ​វ័ន​បត ២ នោះ​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែ​មេ​សា។ នៅ​អនា​គត ការ​កំ​ណត់​ពេល​វេលា​នេះ នឹង​ផ្លាស់​ប្តូរ​ទៅ​ជិត​ថ្ងៃ​ទី ១៥ ខែ​មេ​សា ហើយ​នឹង​បន្ត​ផ្លាស់​ប្តូរ​ទៅ​មុខ​ជា​និច្ច មិន​មាន​ថ្ងៃ​ណា​មួយ​ថេរ​ជាប់​លាប់​តាម​ប្រតិ​ទិន​សុរិ​យា​គតិ​ឡើយ។

បន្ថែម​ពី​នេះ ពេល​វេលា​ដែល​ទេវ​តា​ឆ្នាំ​ថ្មី​យាង​ចុះ​មក (ថ្ងៃ​សង្ក្រាន្ត) មិន​ដែល​ថេរ​នៅ​ក្នុង​ម៉ោង​ឬ​ថ្ងៃ​តែ​មួយ​នោះ​ទេ គឺ​ប្រែ​ប្រួល​ជា​រៀង​រាល់​ឆ្នាំ​ទៅ​តាម​ក្បួន​តម្រា​បុ​រាណ​ ប៉ុន្តែ​ផ្លាស់​ប្តូរ​តាម​ការ​កំ​ណត់​មួយ​ជា​បន្ត​បន្ទាប់។ ការ​កំ​ណត់​នេះ​បង្កើត​បាន​ជា​វដ្ត ដោយ៖ ប្រ​សិន​បើ​ឆ្នាំ​នេះ​ពេល​ចូល​ឆ្នាំ​ថ្មី ប្រា​រព្ធ​ឡើង​នៅ​ពេល​ព្រឹក ឆ្នាំ​ក្រោយ​នឹង​ផ្លាស់​ទៅ​ពេល​រសៀល ឆ្នាំ​បន្ទាប់​ទៀត នឹង​ទៅ​ពេល​ល្ងាច ហើយ​ឆ្នាំ​បន្ទាប់​ទៀត នឹង​ទៅ​ពេល​អធ្រាត្រ ឬ​ពេល​ទៀប​ភ្លឺ វដ្ត​នេះ​នឹង​បន្ត​កើត​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​មាន​លក្ខណៈ​ជា​ចំ​ណុច​សំ​ខាន់​នៃ​ការ​គណ​នា​ពេល​វេលា​ក្នុង​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ  ពេល​វេ​លា​ដែល​ទេវ​តា​ឆ្នាំ​ថ្មី​យាង​ចុះ​មក (ថ្ងៃ​សង្ក្រាន្ត) នៅ​ទាំង​បង្ហាញ​ពី​ឥរិ​យា​បទ​គង់​លើ​សត្វ​ជា​ពា​ហនៈ​របស់​ទេព​ធីតា​ទាំង​ឡាយ។ ជាក់​ស្តែង៖ ប្រ​សិន​បើ​ពេល​វេ​លា​ចូល​ឆ្នាំ​ថ្មី ចូល​មក​ចន្លោះ​ពី​ពេល​ព្រឹក​ដល់​ពេល​ថ្ងៃ​ត្រង់ ទេព​ធី​តា​នឹង​ទ្រង់​ឈរ​លើ​ខ្នង​សត្វ​ជា​ពា​ហនៈ; ពី​ថ្ងៃ​ត្រង់​ដល់​ល្ងាច ទេព​ធី​តា​ទ្រង់​មាន​កាយ​វិ​កាយ​អង្គុយ​ចំ​ហៀង;  ពី​ល្ងាច​ដល់​អធ្រាត្រ ទេព​ធី​តា​នឹង​ដេក​បើក​ភ្នែក; ហើយ​ប្រ​សិន​សង្រ្កាន្ត​ចូល​មក​ពី​អធ្រាត្រ​ដល់​ពេល​ទៀប​ភ្លឺ ទេព​ធី​តា​យាង​ចុះ​មាន​កាយ​វិការ​ទ្រង់​ដេក​បិទ​ភ្នែក។  ចំ​ណុច​ពិ​សេស​មួយ​ទៀត គឺ​ថ្ងៃ​ក្នុង​សប្តាហ៍ ​ដែល​តំ​ណាង​ឱ្យ​បុត្រី​ទាំង ៧ អង្គ​របស់​កបិល​មហា​ព្រហ្ម តែង​ប្ដូរ​វេន​គ្នា​យ៉ាង​ទៀង​ទាត់។  ជាក់​ស្តែង ថ្ងៃ​នេះ​នឹង​ផ្លាស់​ទៅ​មុខ​ត្រឹម​តែ ១ ឬ ២ ថ្ងៃ​ប៉ុណ្ណោះ ហើយ​មិន​មាន​ការ​ច្រ​បូក​ច្រ​បល់​ឡើយ។

យ៉ាង​ណា​ក៏​ដោយ វិធី​គណ​នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ពេល​វេ​លា​ដែល​ទេវតា​ឆ្នាំថ្មី​យាង​ចុះ​មក (ថ្ងៃ​សង្ក្រាន្ត)  និង​ថ្ងៃ​ឡើង​ស័ក បាន​អ្នក​ហោ​រា​សាស្ត្រ​គណ​នា​យ៉ាង​ច្បាស់​លាស់ មិន​មែន​កំ​ណត់​ដោយ​ចៃ​ដន្យ​ឡើយ។ ការ​គណ​នា​ផ្នែក​តា​រា​សាស្ត្រ​មាន​ភាព​ប្រា​កដ​ប្រ​ជា​នេះ បង្ហាញ​ពី​ការ​រួម​បញ្ចូល​យ៉ាង​ប្រ​ពៃ រវាង​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​ផ្នែក​តា​រា​សាស្ត្រ និង​រឿង​ព្រេង​ប្រ​ជា​ប្រិយ ក្នុង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ជា​ឱកាស​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប រៀប​ចំ​ជី​វិត​ឡើង​វិញឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ ព្រម​ជា​មួយ​នោះ ដោយ​បោះ​បង់​ទុក្ខ​ព្រួយ​និង​អព​មង្គល​ឆ្នាំ​ចាស់។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ក៏​ជា​ពេល​វេលា​សម្រាប់​អរ​គុណ​ដល់​ធម្ម​ជាតិ​  អបអរ​សា​ទរ​ចំ​ពោះ​ភោគ​ផល​កសិ​កម្ម និង​បួង​សួង​សុំ​ឱ្យ​ឆ្នាំ​ថ្មី​មាន​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ ​និង​ដំ​ណាំ​ដាំ​ដុះ​បាន​ផល​កាក់​កប។ លើស​ពី​នេះ ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក៏​ជា​ឱកាស​ដ៏​វិសេស​វិសាល​មួយ​សម្រាប់​បង្ហាញ​ការ​គោ​រព​និង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បុព្វ​កា​រី​ជន មាន​ជី​ដូន​ជី​តា មា​តា​បិ​តា និង​គ្រូ​បា​អា​ចារ្យ។  តាម​រយៈ​នោះ ក៏បន្ត​លើក​កម្ពស់​គុណ​ធម៌ ព្រហ្ម​វិហារ​ធម៌ ការ​អធ្យា​ស្រ័យ និង​ស្មារ​តី​សាម​គ្គី​ជិត​ស្និទ្ធ​ក្នុង​សង្គម៕

ស្រាវ​ជ្រាវ៖ វឌ្ឍា

ចែករំលែកអត្ថបទ