ជាង ២០ ឆ្នាំក្នុងតំណែងជាលេខាសាខាបក្ស និងជាប្រធានប្រជាជនភូមិថាញ់ទ្រុង ឃុំទ្រុងហឹង លោកង្វៀងទិនថាញ់ តែងតែពង្រីកតួនាទីជាអ្នកឈានមុខ ធ្វើជាគំរូ និងលះបង់អស់ពីចិត្តគ្រប់ផ្នែកការងារ។ ហេតុដូច្នេះ លោកថាញ់តែងបានកម្មាភិបាល បក្ខជនទំនុកចិត្តនិងបានប្រជាជនស្រឡាញ់រាប់អាន។

លោកង្វៀងទិនថាញ់ ចលនាប្រជាជនក្នុងភូមិចូលរួមធានារាប់រងសុខាភិបាលស្ម័គ្រចិត្ត។
ប៉ុន្មានថ្ងៃនេះ លោកថាញ់រួមជាមួយកម្មាភិបាល និងបក្ខជន បានចុះទៅតាមផ្ទះនីមួយៗ ដើម្បីចលនាប្រជាជនឱ្យចូលរួមបង់ប្រាក់សម្រាប់មូលនិធិផ្សេងៗ និងចូលរួមធានារាប់រងសុខាភិបាលស្ម័គ្រចិត្តឆ្នាំ ២០២៦។ លោកថាញ់បានរៀបរាប់៖ "ក្នុងការងារ ខ្ញុំតែងជិតដិតជាមួយប្រជាជន ដើម្បីកសាងទំនុកចិត្ត ផ្តើមពីនោះបង្កលក្ខណៈងាយស្រួលក្នុងការឃោសនា និងចលនាអ្នករាល់គ្នាអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ"។
លោកថាញ់បានចូលរួមការងារនៅភូមិភាគតាំងពីឆ្នាំ ២០០៦។ ក្នុងរយៈពេល ២០ ឆ្នាំជាលេខាសាខាបក្ស និងជាប្រធានប្រជាជនភូមិ លោកបានដើរតួនាទីជា "ស្នូល" ដឹកនាំការងារក្នុងភូមិ និងធ្វើការងារជាក់ស្តែងជាច្រើនដែលមានអត្ថន័យ រហូតទទួលបានការគាំទ្រពីប្រជាជន។ ជាគំរូ លោកបានដឹកនាំបក្ខជន ចលនាប្រជាជនឱ្យផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹម ព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យគ្រួសារនីមួយៗបានបុលទុនជាង ១៥ ពាន់លានដុង ពីធនាគារគោលនយោបាយសង្គម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ មកដល់ពេលនេះ ប្រជាជនក្នុងភូមិបានបង្វែរផ្ទៃដីចម្ការដែលគ្មានប្រសិទ្ធភាពចំនួន ២៣ ហិកតា មកដាំស្វាយហ្វាឡុក ទៀបបារាំង ធុរេន... ដែលផ្តល់ចំណូលពី ១០០ ដល់ ៣០០ លានដុង/ហិកតា/ឆ្នាំ។ ទន្ទឹមនឹងនោះ ក៏បានបង្វែរផ្ទៃដីស្រែចំនួន ៥៨០ ហិកតា ពីការផលិតស្រូវធម្មតាមផលិតស្រូវដែលមានគុណភាពសម្រាប់នាំចេញ ដោយមានសហករណ៍សេវាកសិកម្មទ្រុងហឹងធានាប្រមូលទិញជិត ៥០% នៃផ្ទៃដីសរុប។
លោកថាញ់ និងបក្ខជនក្នុងសាខាបក្សភូមិ តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ និងអ្នកដែលមានជីវភាពលំបាក។ ជាមធ្យមរៀងរាល់ឆ្នាំ លោកនិងកម្មាភិបាល បក្ខជនបានចលនា ជូនអំណោយក្នុងឱកាសបុណ្យទានផ្សេងៗដល់ ១០០ គ្រួសារ សរុបជាទឹកប្រាក់ចំនួន ៤០ លានដុង និងចលនាសាងសង់ផ្ទះ "មហាសាមគ្គី" និងផ្ទះមេត្តាធម៌ចំនួន ៤ ខ្នង ជូនដល់គ្រួសារក្រីក្រ។ អ្នកមីង វ៉ធីបែ បានចែករំលែក៖ "ខ្ញុំអាយុ ៦៥ ឆ្នាំហើយ មិនអាចធ្វើការធ្ងន់បានទេ រស់នៅពឹងផ្អែកលើកូនៗដែលធ្វើការឈ្នួល។ ឆ្នាំមុន គ្រួសារខ្ញុំបានលោកថាញ់ និងកម្មាភិបាលភូមិជួយឧបត្ថម្ភសង់ផ្ទះមេត្តាធម៌។ អាស្រ័យហេតុនេះ ជីវភាពក៏បានកាត់បន្ថយការលំបាកមួយចំណែកដែរ"។
ក្រៅពីនេះ លោកថាញ់ និងបក្ខជននៅទាំងសកម្មក្នុងការឃោសនា ចលនាប្រជាជនឱ្យចូលរួមកម្លាំងពលកម្ម និងបរិច្ចាគដីរាប់ម៉ឺនម៉ែត្រការ៉េ រួមជាមួយរដ្ឋដើម្បីលើកកម្ពស់ និងពង្រីកផ្លូវដែលមានទទឹង ៣-៤ ម៉ែត្រ ប្របដងព្រែកឆាងថូតណូត ប្រវែង ៤.៧០០ ម៉ែត្រ។ លោកក៏បានចលនាសប្បុរសជនជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៥០០ លានដុង ដើម្បីកសាងស្ពានកិញដូយ ប្រវែង ៧០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ។ រហូតមកដល់ពេលនេះ ស្ពាននិងផ្លូវថ្នល់ក្នុងភូមិបានចាក់បេតុងយ៉ាងស្អាតបាត។
ជាមួយនឹងការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់លោក ង្វៀងទិនថាញ់ សាខាបក្សភូមិថាញ់ទ្រុងជាច្រើនឆ្នាំកន្លង តែងអនុវត្តបានយ៉ាងល្អនូវការងារកសាងបក្ស និងបានគណៈកម្មាធិការបក្សឃុំវាយតម្លៃជាអង្គភាពសម្រេចល្អភារកិច្ចប្រចាំឆ្នាំ។ ដោយឡែកលោកថាញ់ បានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ស្ងើចសរសើរ ជូនរង្វាន់ និងបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ស្ងើចសរសើរជាលេខាសាខាបក្សឆ្នើមកាលដើមឆ្នាំ ២០២៥។
អត្ថបទនិងរូប៖ ភឿងណាម - ចន្ថា