រសៀលថ្ងៃទី ២៥ ខែមីនា នៅទីស្តីការក្រសួងជនជាតិ និងសាសនា រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា លោក ចាយ បូរិន។
អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានោះ ក៏មានវត្តមានអនុរដ្ឋមន្ត្រី អីថុង រួមជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋាន និងអង្គភាពមួយចំនួន ចំណុះក្រសួងជនជាតិនិងសាសនា។

រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា លោក ចាយ បូរិន។
ថ្លែងក្នុងកិច្ចពិភាក្សា លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងហ្មត់ចត់ ដែលរដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានផ្តល់ជូនគណៈប្រតិភូកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ។
ក្នុងជំនួបពិភាក្សា រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដែលបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ គឺជាចំណុចរបត់ដ៏សំខាន់ និងមានអត្ថន័យប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។
រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាក់ស្តែងដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃទស្សនកិច្ច ជាពិសេសគឺកិច្ចការងារនៅខេត្ត និញប៊ិញ ដែលបានជួយឱ្យគណៈប្រតិភូទទួលបានបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃបន្ថែមទៀត ក្នុងការងារគ្រប់គ្រងរដ្ឋលើវិស័យជនជាតិនិងសាសនា។
លោក ចាយ បូរិន បានសង្កត់ធ្ងន់៖ “យើងខ្ញុំមានក្តីសោមនស្សរីករាយដែលឃើញថា ផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងជនជាតិ និងសាសនាវៀតណាម និងក្រសួងធម្មការ និងសាសនាកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីក្រុងភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គលេខាបក្ស តូឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងទាំងពីរក្នុងវិស័យជនជាតិនិងសាសនា បន្តបានពង្រឹងនិងអភិវឌ្ឍយ៉ាងខ្លាំងក្លា”។

រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង ក្នុងពិធីជួបពិភាក្សាការងារ។
ដើម្បីអនុវត្តខ្លឹមសារដែលបានចុះហត្ថលេខាឱ្យមានប្រសិទ្ធភាព ភាគីកម្ពុជាបានម្ចាស់ការបង្កើតក្រុមការងារជំនាញ ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងជនជាតិនិងសាសនាវៀតណាម។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា បានស្នើឱ្យភាគីទាំងពីរបន្តសហប្រតិបត្តិការកសាង និងអនុវត្តគោលនយោបាយចំពោះជនជាតិភាគតិចដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ រក្សាស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ត្រូវសកម្មចាត់តាំងសន្និសីទទ្វេភាគី ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងជំរុញការអនុវត្តខ្លឹមសារនានាដែលបានឯកភាពគ្នាក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការ។
ក្រៅពីនេះ លោក ចាយ បូរិន ក៏មានបំណងឱ្យភាគីទាំងពីរយកចិត្តទុកដាក់ជំរុញការកសាងកម្មវិធីសហប្រតិបត្តិការលើវិស័យអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជនជាតិ ក្នុងនោះមានការស្រាវជ្រាវនិងអភិវឌ្ឍន៍ទម្រង់សារមន្ទីរជនជាតិនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា លោក ចាយ បូរិន ថ្លែងការណ៍ក្នុងកិច្ចជំនួបការងារ។
ញ៉ាំងទំនាក់ទំនងសហប្រតិបត្តិការជនជាតិនិងសាសនាវៀតណាម - កម្ពុជា កើនឡើងកម្រិតកម្ពស់ថ្មី
ដោយឯកភាពចំពោះមតិដោះដូររបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាកម្ពុជា រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ដាវង៉ុកយ៉ុង បានអះអាងថា ខ្លឹមសារដែលភាគីទាំងពីរបានពិភាក្សា ជាពិសេសក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក៏ដូចជារួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានសង្កត់ធ្ងន់៖ “នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ក្រោមអធិបតីភាពថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នេះពិតជាចំណុចរបត់ដ៏សំខាន់ មានអត្ថន័យប្រវត្តិសាស្ត្រ រួមចំណែកលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន”។
ដូចគ្នានឹងកម្ពុជាដែរ វៀតណាមតែងតែកំណត់ថា ការងារជនជាតិនិងសាសនា គឺជាបញ្ហាយុទ្ធសាស្ត្រក្នុងការកសាង និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ បច្ចុប្បន្ន វៀតណាមមាន ៥៤ ជនជាតិបងប្អូន និងសាសនាធំៗចំនួន ១៦។ ក្នុងបរិការណ៍នៃការអភិវឌ្ឍថ្មី ជាមួយនឹងសំណូមពរកំណើនសេដ្ឋកិច្ចតួលេខ ២ ខ្ទង់ ចាប់ពីឆ្នាំ ២០២៦ តទៅ ការយកចិត្តទុកដាក់ គិតគូរ និងលើកកម្ពស់តួនាទីរបស់ជនជាតិភាគតិច និងអង្គការសាសនា កាន់តែមានសារៈសំខាន់ និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ទិដ្ឋភាពនៃកិច្ចជំនួបការងារ។
រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរជាបន្តបន្ទាប់ ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជន វៀតណាម - កម្ពុជា កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើវិស័យជាច្រើន តាមទិសស្លោកដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដាក់ចេញគឺ “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។
ចំពោះភាគីវៀតណាម រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានសន្យានឹងផ្ដោតលើការអនុវត្តយ៉ាងម៉ឺងម៉ាត់ ពេញលេញ និងមានប្រសិទ្ធភាពនូវរាល់ខ្លឹមសារដែលបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយធានាឱ្យមានលក្ខណៈជាក់ស្តែង និងមានលទ្ធផលជាក់លាក់។ ដើម្បីជំរុញការអនុវត្ត ភ្លាមៗបន្ទាប់ពីភាគីក្រសួងធម្មការ និងសាសនាកម្ពុជាបានបង្កើតក្រុមការងារ ក្រសួងជនជាតិ និងសាសនាវៀតណាម ក៏បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារ ដែលមានអនុរដ្ឋមន្ត្រី អីថុង ជាប្រធានក្រុម រួមជាមួយការចូលរួមពីថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ។

រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ដាវង៉ុកយ៉ុង បានជូនវត្ថុអនុស្សាវរីយ៍ចំពោះរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា លោក ចាយ បូរិន។
តាមនោះ រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានស្នើឱ្យក្រុមការងារទាំងពីរត្រូវទាក់ទង ដោះដូរព័ត៌មាន និងសហប្រតិបត្តិការឱ្យបានទៀងទាត់; ធ្វើជាសេនាធិការក្នុងការកសាងកម្មវិធី និងផែនការការងារប្រចាំឆ្នាំ និងតាមដំណាក់កាលនីមួយៗ; ស្នើខ្លឹមសារសកម្មភាព ទម្រង់ និងល្បឿនដំណើរការអនុវត្តជាក់លាក់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីឱ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ ត្រូវរៀបចំអនុវត្តសកម្មភាពសហប្រតិបត្តិការតាមផែនការដែលបានអនុម័ត រួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូ សន្និសីទ សិក្ខាសាលា ការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងសកម្មភាពសហប្រតិបត្តិការផ្សេងទៀតតាមខ្លឹមសារនៃកិច្ចព្រមព្រៀង; ម្ចាស់ការសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំខ្លឹមសារ ឯកសារ និងលក្ខខណ្ឌចាំបាច់នានាសម្រាប់បម្រើដល់សកម្មភាពសហប្រតិបត្តិការទ្វេភាគី នាំសកម្មភាពទាំងនោះចូលទៅក្នុងភាពជាក់ស្តែង និងមានប្រសិទ្ធភាព។
រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានសម្តែងការឯកភាព និងគាំទ្រចំពោះការដែលក្រសួងទាំងពីរសហប្រតិបត្តិការណែនាំដល់ភូមិភាគនានាតាមតំបន់ព្រំដែន បង្កើនការចាត់តាំងសកម្មភាពដោះដូរ ពិភាក្សាអំពីជនជាតិ សាសនា និងជំនឿ សំដៅរួមចំណែកពង្រឹងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា លោក ចាយ បូរិន បានជូនវត្ថុអនុស្សាវរីយ៍ចំពោះរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ដាវង៉ុកយ៉ុង។
នៅក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំងពីរបានឯកភាពលើគោលការណ៍ជំរុញខ្លឹមសារការងារ ដើម្បីកសាងសារមន្ទីរជនជាតិភាគតិចនៅកម្ពុជា។ រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានស្នើឱ្យភាគីកម្ពុជាម្ចាស់ការរាយការណ៍ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីឯកភាព និងបន្ថែមទៅក្នុងខ្លឹមសារសហប្រតិបត្តិការក្នុងកិច្ចប្រជុំលើកទី ២២ នៃគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា ដែលគ្រោងនឹងរៀបចំឡើងនៅប្រទេសវៀតណាម។
ចំពោះភាគីវៀតណាម រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានឱ្យដឹងថា លោកនឹងរាយការណ៍ និងស្នើឱ្យរដ្ឋាភិបាលវៀតណាមគាំទ្រខ្លឹមសារសហប្រតិបត្តិការដ៏សំខាន់នេះ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង ក៏បានផ្តល់យោបល់ថា ការកសាងសារមន្ទីរគួរតែផ្តល់អាទិភាពដល់ការជ្រើសរើសទីតាំងដែលអំណោយផល មានសមត្ថភាពទាក់ទាញភ្ញៀវមកទស្សនា និងទេសចរណ៍; ភាគីមិត្តក៏អាចស្វែងយល់តាមទម្រង់សកម្មភាពរបស់សារមន្ទីរជនជាតិវិទ្យាវៀតណាមផងដែរ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលខិតជិតមកដល់ តំណាងឱ្យក្រសួងជនជាតិនិងសាសនាវៀតណាម រដ្ឋមន្ត្រី ដាវង៉ុកយ៉ុង បានផ្ញើសារជូនពរដល់លោក រដ្ឋមន្ត្រី ចាយ បូរិន ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ និងជូនពរឱ្យគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម៕
ប្រភព÷ vietnamnet.vn - សុផន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
