ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/02/2026 - 10:53

នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ ណោយ​ដល់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ 

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ បាន​​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រិយ​ភាព គ្រួ​សារ​ក្រី​ក្រ នៅ​តាម​បណ្តា​ឃុំ​តំបន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​ទី​ក្រុង។

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ​ជូន​អំ​ណោយ​
ដល់​អ្នក​មាន​ប្រិយ​ភាព​និង​គ្រួ​សារ​ក្រី​ក្រ។

អញ្ជើញ​ចូល​រួម​ជា​មួយ​គណៈ​ប្រតិ​ភូ មាន​ព្រះ​តេជ​គុណ ថិត​ប៊ិញ​តឹម សមា​ជិក​គណៈ​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​អភិ​បាល អនុ​ប្រ​ធាន​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង​​កឹង​​ធើ រួម​ជា​មួយ​តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​សប្បុរស​ជន។

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​បណ្តា​ឃុំ​ធ្វឹង​ហ្វា ហ៊ូ​ដាក់​គៀង​និង​អាង​និញ។ នៅ​កន្លែង​នីមួយៗ​លោក​ឡឹម​ហ្វាង​ម៉ូវ បាន​សួរ​សុខ​ទុក្ខ​យ៉ាង​ស្និទ្ធ​ស្នាល​ពី​ជីវ​ភាព ស្ថាន​ភាព​ផលិត ការ​សិក្សា​របស់​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ ព្រម​ទាំង​កត់​សម្គាល់​នូវ​រាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ ក្នុង​ការ​គិត​គូរ​ដល់​សុ​ខុ​មាល​ភាព​សង្គម អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​គោល​ន​យោ​បាយ​ជន​ជាតិ​និង​សាស​នា។

 ក្នុង​ឱ​កាស​នេះ គណៈ​ប្រតិ​ភូ​បាន​ជូន​អំ​ណោយ​ជិត ១០០ ចំ​ណែក ដល់​អ្នក​មាន​ប្រិយ​ភាព​គំរូ និង​ជិត ៣០០ ចំ​ណែក​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​លើ​ភូមិ​ឋាន។ អំ​ណោយ​ទាំង​នេះ ទោះ​បី​មាន​​តម្លៃ​មិន​ច្រើន​ក៏​ដោយ ប៉ុន្តែ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ចែក​រំលែក​​របស់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ចំ​ពោះ​មា​មីង​ជន​ជាតិ​ភាគ​តិច ជា​ពិសេស​គឺ​ក្នុង​ដំ​ណាក់​កាល​ក្រោយ​ពី​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល។

ថ្លែង​ការណ៍​ក្នុង​ពិធី​ជួប​សំ​ណេះ​សំ​ណាល លោក​ឡឹម​ហ្វាង​ម៉ូវ បាន​​សង្កត់​ធ្ងន់៖ “បក្ស និង​រដ្ឋ តែង​កំ​ណត់​ការ​ងារ​ជន​ជាតិ​ជា​ភារ​កិច្ច​យុទ្ធ​សាស្ត្រយូរ​​អង្វែង។ ទី​​ក្រុង​​កឹង​​ធើ នឹង​បន្ត​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​រាល់​គោ​លន​យោ​បាយ​ជំនួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​មា​​មីង​​ជន​ជាតិ​ភាគ​តិច។ លោក​សង្ឃឹម​ថា កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​នឹង​បន្ត​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់ សកម្ម​ឃោស​នា ចលនា​ប្រ​ជា​ជន​ឱ្យ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ រក្សា​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ សាមគ្គី​កសាង​ជីវ​ភាព​ថ្មី”។

សកម្ម​ភាព​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​របស់​ថ្នាក់​​ដឹក​នាំ​ទី​ក្រុង ចំ​ពោះ​តំបន់​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ បង្ក​កម្លាំង​ជំ​រុញ​ដើម្បី​មា​មីង​បន្ត​ឈាន​ឡើង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព​ក្នុង​ឆ្នាំ​ថ្មី៕

ហុង​ទើ - សុផន

ចែករំលែកអត្ថបទ