-ក្នុងសកម្មភាព "Petrovietnam៖ និទាឃរដូវផ្សារភ្ជាប់ - បុណ្យចូលឆ្នាំថ្មីវៀតណាម មនោ សញ្ចេតនា" នាថ្ងៃទី ២ ខែកុម្ភៈ អគ្គក្រុមហ៊ុនជីនិងគីមី ប្រេងកាត (ហៅកាត់ថា PVFCCo - ភូមី) បានចាត់តាំងជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមនៅឃុំសាភៀង ទីក្រុងកឹងធើ។

អគ្គក្រុមហ៊ុន PVFCCo - ភូមី ជូនអំណោយនៅឃុំសាភៀង។
គាំទ្រការអំពាវនាវរបស់រដ្ឋាភិបាល និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មថាមពលជាតិវៀត ណាម (Petrovietnam) អំពីការយកចិត្តទុកដាក់គិតគូរបុណ្យចូលឆ្នាំថ្មីវៀតណាមសម្រាប់គ្រួសារដែលមានជីវភាពលំបាក អគ្គក្រុមហ៊ុន PVFCCo - ភូមី បានផ្ដួចផ្តើមកម្មវិធីសុខុមាលភាពសង្គមពិសេស ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប៊ិញង៉ ២០២៦។ ជាមួយនឹងកញ្ចប់ថវិកាសរុប ១៣ ពាន់លានដុង កម្មវិធីបានជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមដ៏មានអត្ថន័យជាង ១៦.០០០ ចំណែក នៅតាមខេត្ត ក្រុងចំនួន ២៣ ទូទាំងប្រទេស។ នៅឃុំសាភៀង អគ្គក្រុមហ៊ុន PVFCCo - ភូមី បានជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមចំនួន ៥០ ចំណែក ដែលក្នុងមួយចំណែកៗមានតម្លៃ ៦០០.០០០ ដុង រួមមានទឹកប្រាក់និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានជីវភាពលំបាកលើភូមិឋានឃុំ។
កម្មវិធីនេះបានអនុវត្តនៅ៣ភូមិភាគ គឺភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង ដោយផ្តោតលើតំបន់ចំណុចសំខាន់ និងតំបន់ដែលនៅមានភាពខ្វះខាតខ្លាំង។ ជាក់ស្តែង នៅតំបន់ខ្ពង់រាបភាគកណ្តាល និងតំបន់ភ្នំភាគខាងជើង៖ អគ្គក្រុមហ៊ុន PVFCCo - ភូមី បានឧបត្ថម្ភដល់ខេត្តដាក់ឡាក់ ឡឹមដុង យ៉ាឡាយ ស៊ើងឡា កាវបាំង ដៀងបៀង។ល។ នៅតំបន់ឆ្នេរសមុទ្រនិងបណ្តាទីក្រុងធំៗ មានដូច ទីក្រុងហាយផុង ទីក្រុងដាណាំង ទីក្រុងហូជីមិញ អគ្គក្រុមហ៊ុន PVFCCo ភូមី បាននាំយកបរិយាកាសបុណ្យចូលឆ្នាំថ្មីវៀតណាមដ៏កក់ក្តៅជូនដល់ពលករក្រីក្រ និងអ្នកដែលមានជីវភាពលំបាកនៅតាមទីក្រុង។ នៅតំបន់ភាគអាគ្នេយ៍និងតំបន់វាលរាបទន្លេគឺវឡុង៖ សកម្មភាពជូនអំណោយត្រូវបានអនុវត្តនៅខេត្តតៃនិញ ទីក្រុងកឹងធើ ខេត្តវិញឡុង និងភូមិភាគជាច្រើនទៀត។
ទន្ទឹមនឹងភារកិច្ចផលិត ធ្វើអាជីវកម្ម អគ្គក្រុមហ៊ុន PVFCCo - ភូមី តែងតែជាអង្គភាព ឈានមុខក្នុងសកម្មភាពសុខុមាលភាពសង្គម។ គិតមកដល់ពេលនេះ អគ្គក្រុមហ៊ុនបានចំណាយថវិការាប់ពាន់លានដុង សម្រាប់កម្មវិធីសុខាភិបាល អប់រំ សាងសង់ផ្ទះមហាសាមគ្គី សង្គ្រោះគ្រោះមហន្តរាយធម្មជាតិ និងជួយដល់គ្រួសារដែលមានជីវភាពលំបាកនៅតាមភូមិភាគជាច្រើនក្នុងទូទាំងប្រទេស៕
ប្រភព៖ baocantho.com.vn - ថាច់ធី