អនុក្រឹត្យលេខ ២៩២ របស់រដ្ឋាភិបាលបានកំណត់អំពីមុខសញ្ញាដែលត្រូវបានរួចពន្ធប្រើប្រាស់ ដីកសិកម្ម រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៣០។

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ នឹងរួចពន្ធប្រើប្រាស់ដីកសិកម្ម រហូតដល់ចុងឆ្នាំ ២០៣០។ (រូបជាឧទាហរណ៍)
អនុក្រឹត្យលេខ ២៩២ របស់រដ្ឋាភិបាលបានចែងលម្អិតនិងណែនាំអំពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១៦ ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋសភា ស្តីពីការអូសបន្លាយពេលវេលារួចពន្ធប្រើប្រាស់ដីកសិកម្ម ដែលមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦ ។
តាមអនុក្រឹត្យ ការរួចពន្ធប្រើប្រាស់ដីកសិកម្មចំពោះផ្ទៃដីកសិកម្មទាំងអស់ដែលប្រើប្រាស់ សម្រាប់ការស្រាវជ្រាវ ការផលិតដកពិសោធន៍ ផ្ទៃដីដាំដំណាំប្រចាំឆ្នាំ តាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីដីធ្លីនិងផ្ទៃដីសម្រាប់ផលិតអំបិល។
ការរួចពន្ធប្រើប្រាស់ដីកសិកម្ម ចំពោះផ្ទៃដីកសិកម្មទាំងអស់ដែលរដ្ឋបានផ្តល់ឬទទួលស្គាល់សិទ្ធិប្រើប្រាស់ដីដល់គ្រួសារក្រីក្រ។
ការកំណត់គ្រួសារក្រីក្រ យោងតាមបទដ្ឋានគ្រួសារក្រីក្រដែលអនុក្រឹត្យរបស់រដ្ឋាភិបាលបានប្រកាស។ ក្នុងករណីដែលគណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិមមានការកំណត់យ៉ាងលម្អិតអំពីបទដ្ឋានគ្រួសារក្រីក្រ តាមបទប្បញ្ញត្តិនៃច្បាប់អនុវត្តនៅភូមិភាគ នោះត្រូវយកបទដ្ឋានគ្រួសារក្រីក្រដែលគណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិមបានកំណត់ ដើម្បីធ្វើជាមូលដ្ឋានកំណត់គ្រួសារក្រីក្រ។
ការរួចពន្ធប្រើប្រាស់ដីកសិកម្មចំពោះផ្ទៃដីកសិកម្មទាំងអស់ សម្រាប់គ្រួសារនិងបុគ្គលដែលបានរដ្ឋផ្តល់ ឬទទួលស្គាល់សិទ្ធិប្រើប្រាស់ដីដើម្បីផលិតកសិកម្ម និងទទួលការផ្ទេរសិទ្ធិប្រើប្រាស់ ដីកសិកម្ម (រួមទាំងការទទួលមរតកនិងការផ្តល់អំណោយសិទ្ធិប្រើប្រាស់ដីកសិកម្ម)។
គ្រួសារនិងបុគ្គលដែលជាសមាជិកសហករណ៍ ឬសហព័ន្ធសហករណ៍ផលិតកសិកម្ម។ គ្រួសារ បុគ្គល និងសហគមន៍ប្រជាជនដែលទទួលដីចែកចាយជាកិច្ចសន្យាដោយស្ថិរភាពពីសហករណ៍ សហព័ន្ធសហករណ៍ កសិដ្ឋានរដ្ឋ ព្រៃឈើរដ្ឋ និងគ្រួសារ បុគ្គល សហគមន៍ប្រជាជន ដែលទទួលដីចែកចាយជាកិច្ចសន្យាដោយស្ថិរភាពពីក្រុមហ៊ុនកសិរុក្ខកម្ម ដើម្បីផលិតកសិកម្មតាមបទប្បញ្ញត្តិនៃច្បាប់។
គ្រួសារ និងបុគ្គលដែលផលិតកសិកម្ម ដោយយកសិទ្ធិប្រើប្រាស់ដីកសិកម្មរបស់ខ្លួនមករួមចំណែក ដើម្បីបង្កើតសហករណ៍ឬសហព័ន្ធសហករណ៍ផលិតកសិកម្មតាមបទប្បញ្ញត្តិនៃច្បាប់សហករណ៍។
លើសពីនេះ ចំពោះផ្ទៃដីកសិកម្មដែលរដ្ឋបានផ្តល់ឱ្យអង្គការសេដ្ឋកិច្ច អង្គការនយោបាយ អង្គការនយោបាយ-សង្គម អង្គការសង្គម-វិជ្ជាជីវៈ អង្គភាពបម្រើបុព្វហេតុ និងអង្គភាពផ្សេងៗដែលកំពុងប្រើប្រាស់ដីដោយផ្ទាល់សម្រាប់ការផលិតកសិកម្ម ក៏ត្រូវបានលើកលែងពន្ធប្រើប្រាស់ដីផងដែរ។
ចំពោះផ្ទៃដីកសិកម្ម ដែលរដ្ឋបានផ្តល់ឱ្យអង្គការសេដ្ឋកិច្ច អង្គការនយោបាយ អង្គការនយោបាយ-សង្គម អង្គការសង្គម-វិជ្ជាជីវៈ អង្គភាពបម្រើបុព្វហេតុនិងអង្គភាពផ្សេងៗដែលកំពុងគ្រប់គ្រង ប៉ុន្តែ មិនប្រើប្រាស់ដីដោយផ្ទាល់សម្រាប់ការផលិតកសិកម្ម ហើយបានប្រគល់ឱ្យអង្គការ ឬបុគ្គលផ្សេងទៀតជួលតាមកិច្ចសន្យាដើម្បីផលិតកសិកម្ម គឺធ្វើការដកហូតដីឡើងវិញ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីដីធ្លី។ ក្នុងរយៈពេលដែលរដ្ឋមិនទាន់ដកហូតដី ត្រូវបង់ពន្ធប្រើប្រាស់ដីកសិកម្ម ១០០%។
រយៈពេលរួចពន្ធប្រើប្រាស់ដីកសិកម្ម ដែលបានកំណត់ក្នុងអនុក្រឹត្យនេះ អនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ រហូតដល់ចុងថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០៣០៕
ប្រភព៖ tuoitre.vn - ពេជ្រសឿន