ដោយការជក់ចិត្តនិងមានថ្វីដៃប៉ិនប្រសប់ បងហ៊ឺវមិញតាយ នៅភូមិដឿងដាវ ឃុំហូធីគី ខេត្តកាម៉ាវ បានក្លាយជាសិប្បករចម្លាក់ឈើ រួមចំណែកដល់ការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ ថ្មីៗនេះ គាត់ជាបុគ្គលគំរូឆ្នើមមួយរូប ក្នុងចំណោមបុគ្គលទាំង១៥រូប ដែលបានលើកតម្កើង ក្នុងពិធី “លើកតម្កើងអ្នកផ្ដល់ចំណេះ” អាស្រ័យក្រុមហ៊ុន SABECO ផ្តួចផ្តើម សហការជាមួយកាសែតមហាសាមគ្គី ចាត់តាំងឡើងនៅរដ្ឋធានីហាណូយ។

បងហ៊ឺវមិញតាយ កំពុងផ្ចិតផ្ចង់ឆ្លាក់ឈើ ដើម្បីបង្កើតបានផលិតផលល្អស្អាត។
ក៏ដូចជាយុវជនខ្មែរដទៃដែរ តាយបានបួសរៀនតាមប្រពៃណីពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ក្នុងអំឡុងពេលបួសរៀន បងតាយតែងនិមន្តទៅរៀនចម្លាក់ឈើនៅតាមវត្តអារាមនានា។ ក្រោយពេលលាចាកសិក្ខាបទ តាយបានបន្តរៀនសូត្រនិងប្រកបមុខរបរជាងឈើនៅខេត្តហាយយឿង (បច្ចុប្បន្នជាទីក្រុងហាយផុង)។ ក្រោយពីធ្វើការបានមួយរយៈជាមួយនឹងការអំណត់ ព្យាយាមនិងការជក់ចិត្តខ្លាំង តាយរៀនចេះរបៀបឆ្លាក់យ៉ាងឆាប់រហ័ស ព្រមទាំងសន្សំបានបទពិសោធន៍និងដើមទុនដើម្បីបំពេញក្ដីស្រមៃបង្កើតមុខរបរនៅភូមិកំណើតរបស់ខ្លួន។
ពេលត្រឡប់មកភូមិកំណើត តាយបានបើករោងជាងឈើមួយនៅក្បែរផ្លូវចូលវត្តសិរីមង្គល (ជ្រុងខ្មែរ) ។ រោងជាងឈើរបស់គាត់ មិនត្រឹមតែផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដូចជា៖ តុ កៅអី ជើងអង្រឹង ថូផ្កាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្កើតវណ្ណកម្មចម្លាក់ឈើសិប្បកម្មនានា មានដូច៖ គីង្គក់ពាំប្រាក់ សត្វទេពទាំងបួន និងសត្វតំណាងឆ្នាំទាំង១២ ជាដើម។ បងតាយ បានច្នៃឆ្លាក់ក្បាច់រចនាដែលខ្លួនបានរៀនមកបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ ដើម្បីបង្កើតបាននូវផលិតផលប្លែកៗ មានអត្ថន័យវប្បធម៌ជ្រាលជ្រៅ។
ទម្រង់ចម្លាក់ឈើសិប្បកម្មរបស់បងតាយ មិនត្រឹមតែរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបានទីផ្សារក្នុងនិងក្រៅខេត្តទទួលយក ដោយអាចរកចំណូលបានប្រមាណ៣០០លានដុងក្នុងមួយឆ្នាំ និងចំណេញ២៥០លានដុងក្នុងមួយឆ្នាំ។ បងតាយ ឱ្យដឹង៖ “ដើម្បីរៀនចេះរបរនេះ និងទទួលបានជោគជ័យដោយ អាជីពចម្លាក់ គឺត្រូវមានការជក់ចិត្ត ការប្ដេជ្ញាចិត្តខ្ពស់ ជាពិសេសមុខរបរនេះទាមទារឱ្យមានការអំណត់ព្យាយាម។ ក្រៅពីនោះ ត្រូវមានការឆ្លាតវៃ ចាប់យកតម្រូវការទីផ្សារ ដើម្បីបង្កើតនូវផលិតផលល្អ គួរជាទីទុកចិត្តនិងឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់”។
មិនត្រឹមតែពូកែធ្វើសេដ្ឋកិច្ចប៉ុណ្ណោះទេ តាយថែមទាំងបានបើកថ្នាក់បណ្ដុះបណ្ដាលមុខរបរចម្លាក់ឈើដល់យុវជនជាច្រើនទាំងក្នុងនិងក្រៅខេត្តទៀតផង។ គាត់តែងរំលឹកថា៖ “មុខរបរនេះទាមទារត្រូវមានការអំណត់ព្យាយាម!”។ នេះជាសកម្មភាពជាក់ស្ដែង ជួយឱ្យប្អូនៗយុវជនរៀនបានបំណិន និងទទួលបានឱកាសការងារធ្វើលំនឹង ឈានឡើងក្នុងជីវភាព។
លោក ត្រឹងក្វឹកវៀត លេខាសាខាបក្សភូមិ ដឿងដាវ មានប្រសាសន៍៖ “បងតាយ មិនត្រឹមតែពូកែធ្វើសេដ្ឋកិច្ច រវៀសរវៃក្នុងការបណ្ដុះបណ្ដាលមុខរបរប៉ុណ្ណោះទេ ថែមទាំងបានកសាងព្រលានបាល់ទះមួយសម្រាប់យុវជនក្នុងភូមិស្រុកមកលេងកម្សាន្ត បង្កើតបរិស្ថានហ្វឹកហាត់កាយ សម្បទាទៀតផង; គ្រួសារបងតាយ បានបរិច្ចាគដី ១០០ ម៉ែត្រការ៉េដើម្បីឱ្យឃុំហូធីគី កសាងទីស្នាក់ការភូមិដឿងដាវ នេះជាសកម្មភាពដែលបង្ហាញពីស្មារតីរួមចំណែកដើម្បីសហគមន៍។ ជាមួយនឹងស្មារតីសកម្ម ច្នៃប្រតិដ្ឋ និងការរស់នៅពោរពេញដោយមនោសញ្ចេតនា បងតាយ ពិតជាគំរូយុវជនខ្មែរក្នុងសម័យថ្មី ជាការបំផុសគំនិតយ៉ាងខ្លាំងក្លាដល់យុវវ័យកាម៉ាវនិងវៀតណាម”៕
លីធាន - ថាច់ធី