ធម្មតាចេកទុំ តែងប្រែទៅពណ៌ត្នោតនិងជាំខ្មៅរហ័សណាស់ ប៉ុន្តែបើយើងវិនិច្ឆ័យដោយគន្លឹះសាមញ្ញមួយនេះលោកអ្នកអាចរក្សាផ្លែ ចេកទុំនៅស្រស់បានរាប់ខែឯណោះ។

ត្រាំផ្លែចេកក្នុងក្លាំទឹកអំបិលជួយឱ្យផ្លែចេកស្រស់បានយូរ។ រូប៖ Express
លោកអ្នកគ្រាន់តែលាងជម្រះស្និតចេក “ដោយទឹកអំបិល” មុនពេលរក្សាទុក
ដំបូងត្រូវលាយអំបិលគ្រាប់ប្រមាណមួយស្លាបព្រាបាយចូលក្នុងទឹកស្អាតមួយក្លាំ។ បន្ទាប់មក ជ្រលក់ស្និតចេកចូលក្នុងក្លាំនោះ ដុសសម្អាត ផ្លែចេកឱ្យជ្រះបំផុតគឺត្រង់គល់ផ្លែត្រូវដុសលាង ឱ្យជ្រះស្អាត។ ចុងក្រោយស្រង់ស្និតចេកចេញ រួចយកកន្សែងជូតឱ្យស្ងួត។
ជំហានជូតឱ្យស្ងួតនេះសំខាន់ណាស់ ព្រោះថា បើនៅជាប់ទឹកនឹងធ្វើឱ្យចេកដុះផ្សិត។ បន្ទាប់មក លោកអ្នកអាចរក្សាចេកទុកនៅកន្លែងស្រឡះស្រឡំដូចធម្មតា។
វិធី “លាង” ស្និតចេកដោយទឹកអំបិលនេះ ធ្វើឡើងដោយផ្អែកលើយន្តការវិទ្យាសាស្រ្តបីយ៉ាង។ ដំបូងគឺជួយកម្ចាត់មេរោគនិងផ្សិត។ ពីព្រោះ សម្បកចេកធម្មជាតិផ្ទុកមេរោគ និងលំអងផ្សិតច្រើន។ អំបិលមានសារធាតុកម្ចាត់មេរោគស្រាល ជួយកម្ចាត់ភ្នាក់ងារបណ្តាលឱ្យរលួយចេញពីសម្បកខាងក្រៅពីដំបូង។
ទីពីរ អំបិលដំណើរការដូចជាសារធាតុមួយ ទប់ស្កាត់រារាំងអង់ស៊ីម (enzyme) ជំរុញដំណើរការទុំធម្មជាតិ និងបញ្ចេញឧស្ម័នអេទីឡែន (ជាប្រភេទឧស្ម័នម្យ៉ាងធ្វើឱ្យផ្លែឈើឆាប់ទុំ)។
ទីបី ការលាងជម្រះដោយទឹកអំបិល បំផុតត្រង់គល់ផ្លែ ធ្វើឱ្យសម្បកចេករក្សាសំណើមបានល្អ ទប់ស្កាត់កង្វះជាតិទឹក ដែលបណ្តាលឱ្យសម្បកមានស្នាមជ្រីវជ្រួញ និងប្រែពណ៌ត្នោត ឆាប់រហ័ស។
ក្រៅពីវិធីប្រើប្រាស់អំបិល លោកអ្នកអាចគួបផ្សំនូវវិធីមួយចំនួនដូចខាងក្រោម ដើម្បីរក្សាចេកទុកមានប្រសិទ្ធភាពបំផុត។ គឺរុំគល់ផ្លែចេកឱ្យជិតដោយផ្លាស្ទិចរុំអាហារ ឬក្រដាសអាលុយមី ញ៉ូម ជួយទប់ស្កាត់ឧស្ម័នរាលដាលចុះផ្លែ ជួយធ្វើឱ្យចេកទុំយឺតគួរឱ្យកត់សម្គាល់។
លោកអ្នកក៏អាចព្យួរចេកឡើងខ្ពស់។ បើដាក់ផ្លែចេកលើតុងាយធ្វើឱ្យផ្នែកខាងក្រោមផ្លែជាំដោយសារទម្ងន់សង្កត់។ បើព្យួរមិនត្រឹមតែជួយឱ្យខ្យល់ចរន្តស្មើជុំវិញផ្លែប៉ុណ្ណោះ ថែមទាំងរក្សាទម្រង់គាប់ភ្នែកទៀតផង។
លើសពីនេះទៀត មិនគួរដាក់ផ្លែចេកនៅជិតផ្លែប៉ោម ផ្លែបឺរ ឬប៉េងប៉ោះទេ។ ពីព្រោះផ្លែឈើទាំងនេះក៏បង្កើតឧស្ម័នអេទីឡែនច្រើន បណ្តាលឱ្យចេកឆាប់ទុំដែរ៕
បាវញៀង (យោង Express) - វិមាន