មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/11/2025 - 07:00

ជីវ​ភាព​ធូរ​ធារ​ផ្តើម ពី​ដើម​ទន្លាប់​ 

ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​ប្រ​កប​របរ​លក់​ផ្លែ​ឈើ​និង​បណ្តុះ​ដើម​ទន្លាប់​ បង​ស្រី​លី​ធី​ថាញ់​ស្វឹង​ នៅ​ភូមិ​ភឿក​ធ្វឹង​ ទី​ក្រុង​កឹង​ធើ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​ធូរ​ធារ។

  បង​លី​ធី​ថាញ់​ស្វឹង​ ដាក់​លក់​ដើម​ទន្លាប់​នៅ​ខាង​មុខ​ផ្ទះ។

ជាង ១៥ ឆ្នាំ​មុន​ ពេល​លក់​ផ្លែ​ឈើ​នៅ​ក្នុង​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត (ឃុំ​ធ្វឹង​ហ្វា) បង​ស្វឹង​ ឃើញ​ភ្ញៀវ​ទេស​ចរ​មក​ពី​ហា​ណូយ​ មក​ទស្សនា​នៅ​វត្ត​ក៏​រើស​បាន​ផ្លែ​ទន្លាប់​ហើយ​សួរ​រក​ទិញ​តែ​ម្តង។  ឃើញ​ដូច្នេះ​ បង​ស្រី​ក៏​ស្វែង​យល់​និង​សង្កេត​ឃើញ​ថា​ ប្រ​ភេទ​ផ្លែ​នេះ​មាន​តម្លៃ​សេដ្ឋ​កិច្ច។ ក្រោយ​មក​ បង​ស្រី​ក៏​បាន​សុំ​ផ្លែ​ទន្លាប់​ពី​វត្ត​ដើម្បី​យក​មក​បណ្តុះ​ពូជ។ ដំ​បូង​បណ្តុះ​បាន​ត្រឹម​តែ​១០០​ដើម​ប៉ុណ្ណោះ​ ពេល​មាន​ឈ្នួញសួរ​រក​ទិញ​ផ្លែ​និង​ដើម​ធំៗ​សម្រាប់​ដាំ​លម្អ​ ទើប​បង​ស្រី​ដឹង​ថា​ដើម​ទន្លាប់​នេះ​ពិត​ជា​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់។ ចាប់​តាំង​ពី​ពេល​នោះ​មក​ បង​ស្វឹង​ក៏​បាន​ប្រ​មូល​ទិញ​ផ្លែ​សម្រាប់​លក់​និង​បណ្តុះ​កូន​សម្រាប់​ផ្គត់​ផ្គង់​ឱ្យ​ទី​ផ្សារ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

បង​ស្វឹង​ ឱ្យ​ដឹង៖ “មា​មីង​នៅ​ទី​នេះ​ផ្ទះ​ណា​ក៏​ដាំ​ដើម​ទន្លាប់​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ដាំ​ធ្វើ​ជា​ម្លប់​ប៉ុណ្ណោះ​ ព្រោះ​ដើម​ទន្លាប់​មាន​មែក​សា​ខា​ មិន​សូវ​ជ្រុះ​ស្លឹក​ គ្មាន​ដង្កូវ​ស៊ី​និង​ផ្លែ​ក្រ​អូប​តែ​គ្មាន​អ្នក​ណា​ចេះ​ហូប។ ពេល​ដឹង​ថា​ ដើម​ទន្លាប់​មាន​តម្លៃ​សេដ្ឋ​កិច្ច​ ទើប​មា​មីង​ចាប់​ផ្តើម​បេះ​ផ្លែ​លក់​ហើយ​ផ្ទះ​ខ្ញុំ​ផ្ទាល់​ជា​អ្នក​ប្រ​មូល​ទិញ”។

ទន្លាប់​មាន​ផ្លែ​ជុំ​ឆ្នាំ​ ប៉ុន្តែ​ប្រ​មូល​ផល​ស្រុះ​បំផុត​ ចាប់​ពី​ខែ​មី​នា​ដល់​ខែ​កញ្ញា​ (តាម​សុរិយា​គតិ​) ផ្លែ​ក្រ​អូប​ ឆ្ងាញ់​ លក់​ក្នុង​តម្លៃ​ពី​ ៣០​.០០០ ដុង​ ដល់​ ៥០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ មធ្យម​ក្នុង​មួយ​ឆ្នាំ​បង​ស្វឹង​អាច​ផ្គត់​ផ្គង់​ផ្លែ​រាប់​សិប​តោន​ និង​កូន​ពូជ​ជាង​ ១០.០០០ ដើម​ដល់​អតិថិ​ជន​នៅ​តាម​ខេត្ត​ ក្រុង​ ទូ​ទាំង​ប្រ​ទេស។ ក្រៅ​ពី​នោះ​ បង​ស្រី​នៅ​ទាំង​លក់​កូន​ទន្លាប់​សម្រាប់​អតិថិ​ជន​យក​ទៅ​ដាំ​នៅ​តាម​វត្ត​អា​រាម​ មណ្ឌល​ឧស្សាហ​កម្ម​ មណ្ឌល​ទេស​ចរណ៍។ កូន​ពូជ​ទន្លាប់​លក់​ក្នុង​តម្លៃ​ពី​១២.០០០​ដុង​ដល់​២០.០០០​ដុង​ ក្នុង​មួយ​ដើម​ ចំ​ណែក​ដើម​ធំ​លក់​ក្នុង​តម្លៃ​ពី​ ១,៥ លាន​ដុង​ដល់​២០​លាន​ក្នុង​មួយ​ដើម​ទៅ​តាម​ដើម​តូច​ឬ​ដើម​ធំ។

ដើម្បី​មាន​ផ្លែ​និង​កូន​ពូជ​ទន្លាប់​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​ បង​ស្វឹង​ បាន​បង្កើត​ក្រុម​សហ​ការ​ បណ្តុះ​កូន​ពូជ​ទន្លាប់​ដោយ​មាន​សមា​ជិក​ចំ​នួន​១០​នាក់​ បង​ស្រី​ធ្វើ​ជា​ប្រ​ធាន​ក្រុម​និង​បង​ប្អូន​ នា​រី​ក្នុង​ក្រុម​រួម​គ្នា​ប្រ​មូល​ទិញ​ផ្លែ​និង​ទិញ​កូន​ពូជ​និង​បណ្តុះ​ដើម​ទន្លាប់។ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ផ្លែ​ទន្លាប់​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ OCOP  ដូច្នេះ​បង​ស្វឹង​ តែង​បង្ហោះ​លើ​បណ្តាញ​សង្គម​ និង​ Zalo ដើម្បី​ឱ្យ​អតិថិ​ជន​បាន​ដឹង​ឮ​ច្រើន។ ពេល​នេះ​ក្នុង​មួយ​ឆ្នាំ​បង​ស្វឹង​ អាច​រក​បាន​ប្រាក់​ចំ​ណូល​ពី​ការ​លក់​ផ្លែ​និង​កូន​ដើម​ទន្លាប់​បាន​ជាង​២០០​លាន​ដុង​ ដូច្នេះ​ទើប​ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​គ្រាន់​បើ។

បង​ស្រី​ចូវ​ហុង​ហ្វា​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា​ ឱ្យ​ដឹង៖ “បង​ស្វឹង​ជា​នារី​ខ្មែរ​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ធ្វើ​សេដ្ឋ​កិច្ច។ មិន​ត្រឹម​តែ​ចេះ​របៀប​ធ្វើ​មាន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ បង​ស្រី​ថែម​ទាំង​ជួយ​បង​ប្អូន​នា​រី​ក្នុង​ក្រុម​រក​បាន​ប្រាក់​ចំណូល​លំ​នឹង​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ផ្ដើម​ពី​ដើម​ទន្លាប់​នេះ​ទៀត​ផង៕

                                        វឌ្ឍា-ដា​លីន

ចែករំលែកអត្ថបទ