រៀងរាល់ឆ្នាំ ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ជាចំណុចខ្ពស់នៃជំងឺឆ្លង មានដូចជំងឺគ្រុនឈាមនិងជំងឺពងដៃ ជើង មាត់ជាដើម។ បច្ចុប្បន្ន ភូមិភាគនានាលើភូមិសាស្រ្តទីក្រុងកឹងធើ កំពុងជំរុញការងារផ្សព្វផ្សាយបង្ការប្រឆាំងជំងឺឆ្លងរាលដាល ដើម្បីប្រជាជនម្ចាស់ការបង្ការនិងកាត់បន្ថយការឆ្លងរាលដាល។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឯកទេសផ្នែកសម្ភពនិងកុមារសុកត្រាំង
ពិនិត្យជំងឺដល់កុមារដែលកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ។
តាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងកឹងធើ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ ទូទាំងទីក្រុងបានកត់សម្គាល់ជំងឺគ្រុនឈាមជិត៣.៥០០ ករណី និងជំងឺពងដៃ ជើង មាត់ជាង ២.៧០០ ករណី មានការកើនឡើងបើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។ ស្ថានភាពជំងឺឆ្លងរាលដាលមានការប្រែប្រួលស្មុគស្មាញ ពិសេសចំពោះក្រុមកុមារ - ដែលជាមុខសញ្ញាងាយឆ្លងជំងឺក្នុងបរិស្ថានសាលារៀន។ មជ្ឈមណ្ឌលបានសហការជាមួយភូមិភាគនានា ដើម្បីជំរុញការងារផ្សព្វផ្សាយ ពង្រីកយុទ្ធនាការកម្ចាត់ដង្កូវទឹក ដើម្បីបន្ថយជំងឺឆ្លងរាលដាលនិងការពារសុខភាពជូនប្រជាជន។
នៅផ្នែកជំងឺឆ្លងកុមារនៃមន្ទីរពេទ្យឯកទេស ផ្នែកសម្ភពនិងកុមារសុកត្រាំង បច្ចុប្បន្នកំពុងព្យាបាលករណីជំងឺគ្រុនឈាមនិងជំងឺពងដៃ ជើងមាត់ជាច្រើន។ គួរឱ្យបារម្ភគឺមានករណីជាច្រើន កើតជំងឺគ្រុនឈាមសារឡើងវិញ ដោយសារឪពុកម្តាយរបស់កុមារមានការធ្វេសប្រហែស មិនប្រញាប់យកកូនទៅពិនិត្យជំងឺ; នៅពេលនាំចូលមន្ទីរពេទ្យ ជំងឺប្រែធ្ងន់ត្រូវព្យាបាលនិងថែទាំសកម្ម។
បងស្រីឡាយធីត្វៀកយុង នៅឃុំលិតហោយធឿង ឱ្យដឹង៖ “កាលពីសប្តាហ៍កន្លង កូនខ្ញុំគ្រុនក្តៅ ខ្ញុំយកទៅពិនិត្យជំងឺនៅក្រៅពេទ្យ ប៉ុន្តែជំងឺមិនធូរស្រាល លុះនាំមកចូលមន្ទីរពេទ្យ ហើយបានវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ ទើបដឹងថាកើតជំងឺគ្រុនឈាម ហើយត្រូវសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាល ថែទាំសកម្ម។ ចាប់តាំងពីពេលនេះទៅ ខ្ញុំយកចិត្តទុកដាក់សម្អាតផ្ទះសម្បែង ស្លៀកពាក់អាវខោវែងឱ្យកូន និងគ្របឧបករណ៍តម្កល់ទឹកឱ្យបានល្អជាដើម”។
បងស្រីលីថាវត្រាំ នៅសង្កាត់សុកត្រាំង មានប្រសាសន៍៖ “កូនខ្ញុំមានអាយុជាង ១០ ខែ កាលដំបូងត្រឹមតែគ្រុនក្តៅសារទៅមក បន្ទាប់មកឡើងកន្ទួលលើបាតដៃ បាតជើង។ ពេលបញ្ជូនទៅមន្ទីរពេទ្យធ្វើរោគវិនិច្ឆ័យ ទើបដឹងថាកើតជំងឺពង ដៃ ជើង មាត់។ តាំងពីពេលនោះមក ខ្ញុំតែងយកចិត្តទុកដាក់ក្នុងការសម្អាតផ្ទះសម្បែង បន្ទប់គេង និងរបស់របរកុមារតាមការណែនាំរបស់វេជ្ជបណ្ឌិត”។
តាមមន្ទីរពេទ្យឯកទេសផ្នែកសម្ភពនិងកុមារសុកត្រាំង ក្នុងឆ្នាំនេះ ជំងឺគ្រុនឈាមមានការកើនឡើងចំពោះកុមារអាយុក្រោម ២ ឆ្នាំនិងអាយុលើ ១០ ឆ្នាំ ហើយមាននិន្នាការប្រែធ្ងន់។ ជំងឺពងដៃ ជើង មាត់ ក៏មិនដូចពីមុនផងដែរ ធ្វើឱ្យឪពុកម្តាយ កុមារងាយភាន់ច្រឡំ ហើយយឺតយូរក្នុងការនាំកូនទៅពិនិត្យជំងឺ។
វេជ្ជបណ្ឌិត ឯកទេសកម្រិត II ជុងតឹងដឹន នាយកមន្ទីរពេទ្យឯកទេសផ្នែកសម្ភពនិងកុមារសុកត្រាំង ផ្តល់អនុសាសន៍៖ “ក្នុងដំណាក់កាលប្រសព្វរដូវ ជាពិសេសក្នុងប៉ុន្មានខែចុងឆ្នាំ ជំងឺគ្រុនឈាមមាននិន្នាការកើនឡើងខ្លាំង ហើយបានកត់សម្គាល់មានករណីធ្ងន់ធ្ងរច្រើនជាងបើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សំខាន់គឺចំពោះកុមារអាយុក្រោមមួយឆ្នាំ។ អាស្រ័យហេតុនោះ ឪពុកម្ដាយកុមារគប្បីយកចិត្តទុកដាក់ចំពោះរោគសញ្ញាដូចជា៖ គ្រុនក្ដៅខ្លាំងជាបន្តបន្ទាប់ មិនព្រមញុាំ ក្អួត ខ្សោះកម្លាំង ចេញឈាមតាមរន្ធស្បែក ឡើងកន្ទួលលើបាតដៃ បាតជើងឬកុមារឧស្សាហ៍ភ្ញាក់ពេលកំពុងគេង។ ពេលប្រទះឃើញរោគសញ្ញាខុសប្រក្រតី សូមប្រញាប់នាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលជិតបំផុត ដើម្បីពិនិត្យនិងព្យាបាលទាន់ពេលជៀសវាងការប្រែប្រួលដ៏គ្រោះថ្នាក់”៕
យ្វីអាញ - ថាច់ធី