មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/10/2025 - 09:03

ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​នារី​ឃុំ​មី​ហឿង 

ជា​មួយ​នឹង​ឆន្ទៈ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ មាន​បង​ប្អូន​នារី​ជា​ច្រើន​នៅ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ មិន​រា​រែក​ក្នុង​ការ​ផ្ដើម​អា​ជីព​ កសាង​ច្រើន​ទម្រង់​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​លំ​នឹង​ និង​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ។

បងស្រី​កៅ​ធីង៉ុក​ប៊ិច (ខាង​ស្ដាំ​) អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​អា​ស្រ័យ​ទម្រង់​ផលិត​សាច់​ក្រក។

ជា​មួយ​នឹង​ផ្ទៃ​ដី​១,៥​កុង បង​ស្រី​យឿង​ធី​សា​វ៉ាន់​ នៅ​ភូមិ​បាក់​យឹង បាន​អនុ​វត្ត​ទម្រង់​ដាំ​គូ​ឆាយ​ឆ្លាស់​នឹង​ស្ពៃ​ក្រ​ញាញ់​។ របៀប​ធ្វើ​នេះ​ បន្ថយ​ស្មៅ​ដុះ​និង​រក្សា​សំ​ណើម​ដី ព្រម​ទាំង​ប្រិត​សំ​ចៃ​បាន​ថ្លៃ​ជី​និង​ទឹក​ស្រោច​ស្រព​ទៀត​ផង។ គិត​ជា​មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ បង​ស្រី​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ១០០ លាន​ដុង​ពី​ការ​លក់​បន្លែ​ ក្រោយ​ពី​ទូ​ទាត់​រួច​ គាត់​នៅ​ចំ​ណេញ​ប្រ​មាណ​ ៥០ លាន​ដុង។

បង​ស្រី​សា​វ៉ាន់​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ស្ថាន​ភាព​គ្រួ​សារ​ខ្ញុំ​លំ​បាក មុខ​របរ​សំ​ខាន់​គឺ​ធ្វើ​ស្រែ​ ប៉ុន្តែ​មិន​សូវ​បាន​ផល។ បន្ទាប់​ពី​ផ្លាស់​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ឃើញ​ថា​មាន​ប្រ​សិទ្ធ​ភាព​ជាង។ បច្ចុ​ប្បន្ន​ គូ​ឆាយ​លក់​ក្នុង​តម្លៃ​ពី ១៧​.០០០-២០​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម​ ដ្បិត​អី​រដូវ​វស្សា​បរិ​មាណ​ផល​មិន​សូវ​ច្រើន​ មាន​ត្រឹម​ពី ៥ -១០ គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្នុង​រដូវ​ប្រាំង​អាច​កើន​ឡើង​ ២០ គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។ អា​ស្រ័យ​ហេតុ​នោះ​ គ្រួ​សារខ្ញុំ​រក​បាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​ក៏​បាន​ប្រ​សើរ​ជាង​មុន”។

នៅ​ភូមិ​បាក់​យឹង​ជា​មួយ​គ្នា​នោះ​ដែរ​ បង​ស្រី​កៅ​ធី​ង៉ុក​ប៊ិច បាន​និង​កំ​ពុង​បញ្ជាក់​នូវ​ម៉ាក​យី​ហោ​របស់​ខ្លួន​ជា​មួយ​នឹង​ទម្រង់​ផលិត​សាច់​ក្រក។ ផ្តើម​ពី​មុខ​របរ​ប្រ​ពៃ​ណី​របស់​គ្រួ​សារ ឆ្នាំ​២០២១ បង​ស្រី​ បាន​មោះ​មុត​ផ្តើម​អា​ជីព​ជា​មួយ​នឹង​ទម្រង់​ខាង​លើ។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ការ​រួម​ដំ​ណើរ​របស់​សមាគម​សហ​ព័ន្ធ​នារី​ឃុំ​ និង​កម្ម​វិធី​ជំ​រុញ​ឧស្សា​ហកម្ម​នៅ​ភូមិ​ភាគ​ឧបត្ថម្ភ​ថវិកា​វិនិ​យោគ គ្រឿង​ម៉ា​ស៊ីន​ បាន​ជួយ​ឱ្យ​បង​ស្រី​បង្កើន​ទិន្ន​ផល កែ​លម្អ​គុណ​ភាព​ផលិត​ និង​ពង្រីក​ទ្រង់​ទ្រាយ​ផលិត​។ អាស្រ័យ​ផ្ដោត​សំ​ខាន់​លើ​គុណ​ភាព​ ឆ្នាំ​២០២២ ផលិត​ផល​របស់​បងស្រី​ទទួល​បាន​វិញ្ញា​បន​បត្រ​ OCOP លំ​ដាប់​ផ្កាយ​៣​ថ្នាក់​ឃុំ​និង​ស្រុក​។

ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​របស់​គ្រួ​សារ​បង​ស្រី​ យឿង​ធី​សា​វ៉ាន់​។

បង​ស្រី​ង៉ុក​ប៊ិច ចែក​រំលែក៖ “បច្ចុប្បន្ន​ មធ្យម​ភាគ​រៀង​រាល់​ខែ​ខ្ញុំ​ផលិត​សាច់​ក្រក​បាន​ប្រ​មាណ​ ៣០ គីឡូ​ក្រាម​ លក់​ក្នុង​តម្លៃ​ ២៣០​.០០០ ដុង ក្នុង​មួយ​គីឡូ​ក្រាម​ ជា​ពិ​សេស​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម តម្រូវ​ការ​ទីផ្សារ​កើន​ឡើង​ បរិ​មាណ​ផល​ផ្គត់​ផ្គង់​ពី៦០០-៧០០គីឡូ​ក្រាម​ នាំ​មក​ប្រ​ភព​ចំ​ណូល​បង្គួរ។ រយៈ​ពេល​ខាង​មុខ​ ខ្ញុំ​មាន​គម្រោង​ពង្រីក​ទ្រង់​ទ្រាយ​ និង​បង្កើត​ម៉ាក​យី​ហោ​ដោយ​ឡែក​ ដើម្បី​ផលិត​ផលបាន​គេ​ដឹង​ស្គាល់​កាន់​តែ​ច្រើន។

បងស្រី​ចូវ​ធី​ធ្វី​ហាំង  ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “ក្រោយ​ពីរួម​បញ្ចូល​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​មី​ហឿង មាន​ស​ជិក​ជាង​ ៣.៧០០ នាក់​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ជាង​៦៥%។ រយៈ​ពេល​កន្លង បង​ប្អូន​នារី​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិ​វឌ្ឍ​ទម្រង់​ចិញ្ចឹម​សត្វ​និង​ដាំ​ដំ​ណាំ​នាំ​មក​ប្រ​សិទ្ធ​ភាព​ ជួយ​បង្កើន​ប្រាក់​ចំ​ណូល​គ្រួ​សារ​និង​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែង​ជូន​បង​ប្អូន​នារី​ជា​ច្រើន​។ រយៈ​ពេល​ខាង​មុខ​ សមា​គម​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​បច្ចេក​ទេស និង​ពង្រីក​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ ព្រម​ជា​មួយ​នោះ​ឧបត្ថម្ភ​បុល​ទុន​ បង្ក​លក្ខណៈ​សម្រាប់​បង​ប្អូន​នារី​ពង្រីក​ទម្រង់​ផលិត​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ និង​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​”៕

                                   ហុង​ទើ - ថាច់​ធី

ចែករំលែកអត្ថបទ