នៅភូមិបាក់យ៉ឹង ឃុំមីហឿង ទីក្រុងកឹងធើ ប្រជាជនបានធ្លាប់ជាមួយនឹងរូបភាពលោកគ្រូឡឹមឃូ ជាគ្រូបង្រៀន និងជាលេខាសាខាបក្សមួយរូបជិតដិតនឹងជីវភាពមាមីង។ ទោះបីក្នុងថ្នាក់ ឬក្នុងសកម្មភាពសហគមន៍ណាក៏ដោយ លោកគ្រូតែងជាគំរូឈានមុខ លះបង់មិនចេះនឿយហត់ក្នុងបុព្វហេតុអភិរក្សវប្បធម៌ខ្មែរនិងកសាងភូមិស្រុក សក្តិសមជាគំរូឆ្នើម បានអ្នករាល់គ្នាគោរពរាប់អាន។

លោកគ្រូឡឹមឃូ (ខាងឆ្វេង) លេខាសាខាបក្សភូមិគំរូ។
ឆ្នាំ ១៩៩៦ បញ្ចប់គរុកោសល្យផ្នែកអក្សរសាស្ត្រនៃសាកលវិទ្យាល័យកឹងធើ។ មួយឆ្នាំក្រោយមក លោកគ្រូឡឹមឃូ បានចូលបម្រើការនៅអនុមហាវិទ្យាល័យគរុកោសល្យសុកត្រាំង។ ដោយមានមុខជំនាញច្បាស់លាស់និងមានស្មារតីអស់ពីចិត្តចំពោះការងារ លោកគ្រូតែងបានមិត្តរួមអាជីពទុកចិត្ត និស្សិតគោរពរាប់អាន។
ដោយមានចំណេះដឹងជ្រៅជ្រះ លោកគ្រូទទួលបានការអញ្ជើញទៅបង្រៀនវគ្គបំប៉ន បណ្តុះបណ្តាលកម្មាភិបាល; គ្រូឧទ្ទេសនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូនិងសាកលវិទ្យាល័យត្រាវិញ បង្រៀនមុខវិជ្ជាភាសានិងវប្បធម៌ខ្មែរ។ ព្រមជាមួយនោះ លោកគ្រូថែមទាំងចូលរួមចងក្រងសៀវភៅភាសាខ្មែរ សម្រាប់បង្ហាត់បង្រៀនតាមសាលាចំណេះទូទៅ និងសាលាជនជាតិអន្តេវាសិកក្នុងខេត្តទៀតផង។ រៀងរាល់ឆ្នាំ លោកគ្រូនៅទាំងបង្រៀនថ្នាក់ពុទ្ធិកបឋមសិក្សានៅតាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងជាសមាជិកក្រុមប្រឹក្សាឱ្យពិន្ទុក្នុងសម័យប្រឡងសញ្ញាបត្រពុទ្ធិកសិក្សាបាលីរង ខេត្តសុកត្រាំង (ចាស់) តាំងពីមុនមកទល់សព្វថ្ងៃ។

លោកគ្រូឡឹមឃូ កំពុងបង្រៀនវគ្គបំប៉នកម្មាភិបាល។
លោកគ្រូឡឹមឃូ ឱ្យដឹង៖ ខ្ញុំបានចូលរួមបង្រៀនវគ្គបំប៉នកម្មាភិបាល និងគ្រូបង្រៀនជាង ១.០០០ រូប បច្ចុប្បន្នពួកគាត់កំពុងបម្រើការនៅតាមស្ថាប័ន គណៈ ផ្នែកលើភូមិសាស្ត្រ និងគ្រូបង្រៀនគ្រប់កម្រិត ចាប់ពីបឋមសិក្សាដល់វិទ្យាល័យនៅតាមខេត្តនៅវាលរាបទន្លេគឺវឡុង។ ក្រៅពីនេះ រៀងរាល់ឆ្នាំ មានវត្តមួយចំនួនក៏បានអញ្ជើញខ្ញុំទៅបង្រៀនថ្នាក់ពុទ្ធិកសិក្សាផងដែរ; ខ្ញុំចាត់ទុកនេះជាទង្វើជាក់ស្តែងក្នុងការបំប៉នកងជួរស្នងបន្ត ព្រមទាំងរួមចំណែកអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ និងភាសា។
ក្រោយពីចូលនិវត្តន៍នៅឆ្នាំ ២០១៩ លោកគ្រូបន្តចូលរួមបម្រើការនៅភូមិភាគ ហើយក៏បានប្រជាជនទំនុកចិត្ត តែងតាំងជាលេខាសាខាបក្ស ភូមិបាក់យ៉ឹងមកទល់សព្វថ្ងៃ។ ក្នុងតួនាទីនេះ លោកគ្រូតែងជាគំរូឈានមុខរាល់ចលនាកសាងជនបទថ្មី រក្សាសន្តិសុខសណ្តាប់ធ្នាប់ ចលនាប្រជាជនអនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ។ ខណៈដែលភូមិភាគមានការលំបាកក្នុងការចលនាប្រជាជន លោកគ្រូគឺជាអ្នកឈានមុខក្នុងការបង្ខិតជិតនិងផ្សព្វផ្សាយដល់ប្រជាជន។ អាស្រ័យហេតុនេះ មានសំណង់និងការងារជាច្រើននៅភូមិភាគបានផ្សព្វផ្សាយងាយស្រួល នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់មាមីង។ ផ្តើមពីការព្យាយាមអស់ពីចិត្ត លះបង់ដើម្បីសង្គម លោកគ្រូឡឹមឃូ តែងសម្រេចភារកិច្ចឆ្នើមនិងបានរដ្ឋអំណាចថ្នាក់លើ ស្ងើចសរសើរនិងជូនរង្វាន់រាល់ឆ្នាំ។
សមមិត្ត គីមិញធី អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំមីហឿង ឱ្យតម្លៃ៖ លោកឡឹមឃូ គឺជាលេខាសាខាបក្សគំរូ និងរវៀសរវៃ។ ក្នុងការដឹកនាំ ចង្អុលការ គាត់មានបទពិសោធន៍ច្រើន បានកម្មាភិបាល បក្ខជននិងប្រជាជនឱ្យតម្លៃខ្ពស់និងគាំទ្រយ៉ាងសកម្ម។ ផ្តើមពីនោះ ចលនានិងសកម្មភាពអង្គការមហាជនក្នុងសាខាបក្សតែងសម្រេចលទ្ធផលល្អជានិច្ច។ ជាមួយស្មារតីទទួលខុសត្រូវនិងជាគំរូ លោកគ្រូតែងឈានមុខរាល់ចលនាដែលភូមិភាគបំផុស។ មិនត្រឹមតែខ្នះខ្នែងចូលរួមប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តមាមីងរួមគ្នាជ្រោមជ្រែងទៀតផង។ ផ្តើមពីនោះ រួមចំណែកបង្កភាពសាមគ្គី ស្រុះស្រួល និងសាយភាយ ស្មារតីកសាងជីវភាពវប្បធម៌ អភិវឌ្ឍសហគមន៍៕
វឌ្ឍា - លីសៀ