ដោយសារតែស្រឡាញ់អក្សរសាស្ត្រខ្មែរ ទើបលោកគ្រូឡឹមថាញញ៉ា ព្យាយាមក្នុងការសិក្សាដើម្បីបំពេញក្តីស្រមៃធ្វើជាគ្រូបង្រៀន។ បច្ចុប្បន្ន លោកគ្រូថាញញ៉ា ជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ។

លោកគ្រូថាញញ៉ា។
តាមប្រសាសន៍លោកគ្រូថាញញ៉ា ឃើញឪពុកបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅមាមីងខ្មែរនៅវត្តគម្ភីរសាគរព្រែកជ្រៅ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ថាញញ៉ា ស្រឡាញ់ពេញចិត្តហើយតែងទៅតាមឪពុករៀនក្នុងរដូវវិស្សមកាល។ ពេលបានចូលរៀននៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្តបាកលីវ ឃើញមិត្តភក្តិ ស្រករគ្នាភាគច្រើនមិនចេះអក្សរ ហើយគ្រូបង្រៀនអក្សរខ្មែរក៏មានចំនួនតិច ទើបថាញញ៉ា បន្តចិញ្ចឹមក្តីស្រមៃធ្វើជាគ្រូបង្រៀនអក្សរខ្មែរ។ ហេតុនេះ ក្រៅពីសិក្សាភាសាវៀត គាត់ថែមទាំងផ្តោតការយកចិត្តទុកដាក់លើការសិក្សាអក្សរខ្មែរឱ្យបានល្អ ក្រោយពីបញ្ចប់វិទ្យាល័យ ថាញញ៉ា ប្រឡងជាប់ចូលរៀននៅមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូនៅសាកលវិទ្យាល័យត្រាវិញ ដើម្បីបំពេញក្តីស្រមៃ។ ឆ្នាំ២០១៤ បញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ លោកគ្រូថាញញ៉ា មកបង្រៀនអក្សរខ្មែរនៅសាលានេះរហូតមកទល់សព្វថ្ងៃ។

លោកគ្រូថាញញ៉ា កំពុងបង្រៀនសិស្សពីរបៀបចុចអក្សរខ្មែរលើកំព្យូទ័រ។
ធ្លាប់ជាអតីតសិស្សរបស់សាលា លោកគ្រូថាញញ៉ា យល់ច្បាស់ពីសមត្ថភាពរបស់សិស្សចំពោះភាសាខ្មែរ ដូច្នេះ គាត់បង្កើតគម្រោងមេរៀនឱ្យសមស្រប។ លោកគ្រូថាញញ៉ា ឱ្យដឹង៖ “អត្រាសិស្សចូលរៀននៅសាលានេះ ចេះអាន ចេះសរសេរនិងនិយាយភាសាខ្មែរត្រឹមតែ ១០% ក្រៅពីនោះ គឺមិនចេះ។ ហេតុដូច្នេះ ពេលបង្រៀនខ្ញុំត្រូវបែងចែកជាច្រើនក្រុម មួយក្រុមចេះអាន ចេះសរសេរនិងចេះនិយាយភាសាខ្មែរជាមូលដ្ឋានគ្រឹះ; មួយក្រុមទៀតចេះនិយាយភាសាខ្មែរ ប៉ុន្តែមិនចេះអក្សរខ្មែរ ចំណែកមួយក្រុមទៀតគឺ មិនចេះនិយាយភាសាខ្មែរនិងអក្សរខ្មែរ។ សិស្សមួយក្រុមៗនឹងមានវិធីសាស្ត្របង្ហាត់ផ្សេងៗគ្នា ដើម្បីពេលសិស្សបញ្ចប់ការសិក្សាធានាចេះអាន ចេះសរសេរអក្សរខ្មែរបានត្រឹមត្រូវ”។
បច្ចុប្បន្ន លោកគ្រូថាញញ៉ា ទទួលបន្ទុកបង្រៀនអក្សរខ្មែរដល់សិស្សចាប់ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ។ ដើម្បីមានវិធីសាស្ត្របង្រៀនបានល្អ លោកគ្រូតែងសិក្សាស្រាវជ្រាវសៀវភៅនិងវិធីសាស្ត្របង្រៀនជាច្រើនតាមអ៊ីនធឺណិត ដើម្បីបង្រៀនសិស្សឆាប់យល់មេរៀន។ ប្អូនលីទ្រីទិន សិស្សថ្នាក់ទី ១២ ឱ្យដឹង៖ “ថ្ងៃដំបូងចូលរៀនថ្នាក់ទី ១០ ប្អូនមិនចេះនិយាយភាសាខ្មែរ មិនចេះអាន មិនសរសេរអក្សរខ្មែរ ដូច្នេះ ជួបការលំបាកច្រើនក្នុងការសិក្សា។ លោកគ្រូថាញញ៉ា មានភាពបត់បែនក្នុងការបង្រៀន និងមានវិធីសាស្ត្របង្រៀនល្អ មានដូច៖ ដំបូងលោកគ្រូណែនាំឱ្យប្អូនៗបានយល់ដឹងពីសិក្ខូបករណ៍និងសកម្មភាពរស់នៅប្រចាំថ្ងៃជាភាសាខ្មែរ ពិសេសក្នុងម៉ោងបង្រៀនរបស់លោកគ្រូ តែងលើកទឹកចិត្តសិស្សឱ្យសន្ទនាជាភាសាខ្មែរ។ ពេលស្តាប់យល់លោកគ្រូបង្ហាត់ឱ្យប្អូនៗចេះអាន ចេះប្រកបស្រៈនិងព្យញ្ជនៈ។ ក្រោយពីរយៈកាល ៣ ឆ្នាំសិក្សា ពីសំណាក់លោកគ្រូថាញញ៉ា ឥឡូវប្អូនចេះអាន ចេះសរសេរអក្សរខ្មែរបានត្រឹមត្រូវ”។ ចំណែកប្អូនថាច់ង៉ុកបាវត្រឹង ឱ្យដឹង៖ “កាលពីកុមារ ប្អូនធ្លាប់បានចូលរៀនអក្សរខ្មែរនៅវត្តគម្ភីរសាគរព្រែកជ្រៅ ដូច្នេះ ពេលចូលរៀននៅសាលានេះបានលោកគ្រូចាត់ចូលក្នុងក្រុមចេះអាន ចេះសរសេរអក្សរខ្មែរមូលដ្ឋាន។ តាមរយៈនោះ លោកគ្រូថាញញ៉ា ណែនាំមេរៀនពីទម្រង់តែងសេចក្តី វេយ្យាករណ៍ខ្មែរ បកប្រែភាសាវៀត - ខ្មែរ របៀបវាយអក្សរខ្មែរលើកំព្យូទ័រ។ល។ ជាពិសេស លោកគ្រូបានដឹកនាំយើងខ្ញុំចូលរួមពិធីប្រឡងវោហារកោសល្យភាសាខ្មែរនៅសាកលវិទ្យាល័យត្រាវិញ ទទួលបានរង្វាន់ពិសេស”។
មិនត្រឹមតែបង្រៀនពូកែ លោកគ្រូថាញញ៉ា នៅទាំងទទួលបន្ទុករៀបចំសកម្មភាពវប្បធម៌សិល្បៈក្នុងសាលារៀន ដូចជា៖ បុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី ពិធីបុណ្យអកអំបុក។ល។ ដើម្បីសិស្សសាលាលេងកម្សាន្ត។ ទន្ទឹមនឹងនោះ លោកគ្រូបង្រៀនសិស្សឱ្យចេះច្រៀងរាំបទចម្រៀងខ្មែរ ដើម្បីបង្កើតបរិយាកាសជួយសិស្សានុសិស្សមានភាពសកម្ម លេងកម្សាន្តសប្បាយរីករាយ រួមចំណែកក្នុងការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៕
យ្វីអាញ-មុនី