28/04/2025 - 10:08

កីឡា​កា​រិនី Chen Yu Fei ត្រ​ឡប់​មក​វិញ 

ក្រោយ​ពី​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​នៅ​ប្រ​ទេស​បា​រាំង កី​ឡា​ការិ​នី​វាយ​សី​ជន​ជាតិ​ចិន Chen Yu Fei ជា​អតីត​កីឡា​ករ​លេខ​១​ពិ​ភព​លោក បាន​ស្នើ​សុំ​រក្សា​ពិន្ទុ​របស់​ខ្លួន​និង​សុំ​ផ្អាក​ប្រ​កួត​មួយ​រយៈ ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រ​ទេស​ក្រៅ។ បន្ទាប់​ពីបញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​នៅ​ប្រ​ទេស​អូស្ត្រា​លី Chen ត្រ​ឡប់​មក​ជា​មួយ​នឹង​ទម្រង់​លេង​គួរ​ឱ្យ​ចាប់​អា​រម្មណ៍។

​ កីឡា​កា​រិនី Chen Yu Fei។ រូប​ថត៖ អីន​ធឺ​ណិត

បន្ទាប់​ពី​យក​ឈ្នះ​មេ​ដាយ​មាស​ក្នុង​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក ឆ្នាំ ២០២០ នៅ​ប្រ​ទេស​ជប៉ុន រហូត​ដល់​អូ​ឡាំ​ពិក​នៅ​ប្រ​ទេស​បា​រាំង Chen ប្រ​កួត​មិន​បាន​ជោគ​ជ័យ។ ម្ល៉ោះ​ហើយ នាង​រង​ការ​រិះ​គន់​មិន​តិច​ពី​អ្នក​គាំ​ទ្រ​ឡើយ។ សម្ពាធ​ពី​អ្នក​គាំ​ទ្រ រួម​ជា​មួយ​នឹង​បន្ទុក​ពេល​វេលា​នៃ​ការ​ប្រ​កួត​ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​បះ​ពាល់​ដល់​អា​រម្មណ៍​របស់ Chen។ ក្នុង​ការ​ប្រ​កួត​នៅ​វគ្គ​បន្ត​បន្ទាប់​ទៀត នាង​ប្រ​កួត​មិន​បាន​ល្អ ព្រោះ​គ្មាន​កម្លាំង​ចិត្ត។ សម្រាប់​អត្ត​ពលិក​ជំ​នាញ ការ​ប្រ​កួត​ហួស​ចំ​ណុះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ទម្រង់​លេង​ធ្លាក់​ចុះ​និង​ប៉ះ​ពាល់​ការ​ប្រ​កួត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាត់​បន្ថយ​ប្រាក់​ចំ​ណូល​ពី​កិច្ច​សន្យា​ផ្សាយ​ពា​ណិជ្ជ​កម្ម​ផង​ដែរ។ Chen សម្រេច​ចិត្ត​សុំ​ផ្អាក​ប្រ​កួត​មួយ​រយៈ ក៏​ទទួល​បាន​ការ​យល់​ព្រម​ពី​សំ​ណាក់​គណៈ​គ្រូ​បង្វឹក​កីឡា​វាយ​សី​ចិន។

រយៈ​កាល​ជាង ១០ ឆ្នាំ​ប្រ​កួត​កម្រិត​កំ​ពូល Chen ធ្លាប់​រង​របួស​ធ្ងន់​ជា​ច្រើន​លើក ក្នុង​នោះ ក៏​មាន​រង​របួស​លៀន​ទ្រ​នាប់​ឆ្អឹង​ខ្នង។ ដូច្នេះ​ហើយ ពេល​នាង​សុំ​ផ្អាក​ប្រ​កួត​ក្នុង​វ័យ ២៦ ឆ្នាំ មាន​អ្នក​ខ្លះ​លើក​ឡើង​ថា Chen នឹង​បញ្ចប់​អា​ជីព​កី​ឡា​វាយ​សី។ ការ​លា​លែង​ពី​អា​ជីព​ប្រ​កួត​កីឡា​ជំ​នាញ​របស់ Chen ទទួល​បាន​ការ​គាំ​ទ្រ​ខ្ពស់ ពី​ព្រោះ​នាង​សមុច្ច័យ​បាន​ពាន​សព្វ​គ្រប់​ទាំង​ក្នុង និង​ក្រៅ​ប្រ​ទេស។ ប៉ុន្តែ គណៈ​គ្រូ​បង្វឹក​តែង​លើក​ទឹក​ចិត្ត​នាង​កុំ​បោះ​បង់​ការ​ប្រ​កួត។

បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រ​ទេស​អូស្ត្រា​លី ត្រ​ឡប់​មក​វិញ​ត្រឹម​តែ ១ ខែ កីឡា​ការិ​នី Chen យក​ឈ្នះ​ពាន​ជើង​ឯក Super ៥០០ នៅ​ប្រ​ទេស​ស្វីស និង​បាន​ឈាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រ​កួត​ជើង​ឯក​អា​ស៊ី ឆ្នាំ ២០២៥។ ដំ​ណើរ​ការ​ប្រ​កួត​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​របស់​នាង គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ពី​ព្រោះ មាន​គូ​ប្រ​កួត​វ័យ​ក្មេង ហើយ​កំ​ពុង​ប្រ​កួត​ឡើង​ដៃ​ជា​ច្រើន។ ពិ​សេស បាន​ជួប​នឹង​កីឡា​ការិនី​ធ្លាប់​ប្រ​កួត​ប្រ​ជែង​យក​ពាន​ពី​មុន គឺ​កី​ឡា​ការិនី​ឆ្មា​យន្ត Yamaguchi របស់​ជប៉ុន។ កី​ឡា​ការិនី​ឆ្មា​យន្ត ក៏​ទើប​ត្រ​ឡប់​មក​វិញ​បន្ទាប់​ពី​សម្រាក់​មួយ​រយៈ​ដោយ​សារ​រង​របួស នាង​មាន​ពេល​ហាត់​សម​បាន​យូរ​ជាង Chen ដូច្នេះ អ្នក​គាំ​ទ្រ​សង្កេត​ឃើញ​ថា ឆ្មា​យន្ត​នឹង​មាន​ប្រៀប​ជាង។ ប៉ុន្តែ ត្រឹម​តែ ២ សិត Chen ផ្តួល​ឆ្មា​យន្ត ឈាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ។ ពេល​ប្រ​កួត​ជា​មួយ Han Yue កីឡា​ការិនី​រួម​ស្រុក​កំ​ណើត Chen ចាញ់​ពិន្ទុ​យ៉ាង​ចាស់​ដៃ​នៅ​សិត​ទី ១។ មុន​នឹង​យក​ឈ្នះ​លើ Han នៅ ២ សិត​ក្រោយ នាង​បាន​ក្រ​ឡាស់​ស្ថាន​ភាព​ជោគ​ជ័យ ដើម្បី​គ្រង​តំ​ណែង​ជើង​ឯក​អា​ស៊ី។

ប្រ​សិន​បើ​រក្សា​ទម្រង់​លេង​បាន​ល្អ​ដូច​សព្វ​ថ្ងៃ នោះ Chen គឺ​ជា​ការ​រំពឹង​របស់​កីឡា​វាយ​សី​ចិន​សម្រាប់​ខ្លឹម​សារ​ឯកត្ត​ជន​នារី​ក្នុង​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​នា​ពេល​ខាង​មុខ។ ការ​ត្រ​ឡប់​មក​វិញ​របស់​កីឡា​កា​រិនី Chen ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ពី​ព្រោះ​នាង​មាន​ទម្រង់​លេង​ល្អ។ នាង​តែង​ផ្តល់​តម្លៃ​ដល់​គូ​ប្រ​កួត​និង​អ្នក​គាំ​ទ្រ។ Chen មិន​ដែល​មាន​ប្រតិ​កម្ម​នៅ​លើ​ព្រ​លាន។ល។ នាង​មាន​ស្មារតី​នឹង​នរ រីក​រាយ​ស្រស់​ស្រាយ​គួរ​ឱ្យ​ស្រ​ឡាញ់ ដូច្នេះ នៅ​រាល់​ការ​ប្រ​កួត​ដែល​មាន​វត្ត​មាន​របស់ Chen តែង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ទស្ស​និក​ជន៕

                                       ហាថាញ-មុនី

ចែករំលែកអត្ថបទ