ផ្លែឈើជាផ្នែកសំខាន់មួយក្នុងរបបអាហារនាំមកសុខភាពល្អ។ ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តសិង្ហបុរីបានរកឃើញក្រុមអាហារនេះអាចជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដោយសារមានអាយុច្រើន ពីព្រោះវាមានអត្ថប្រយោជន៍បង្កើនសុខភាពផ្លូវចិត្ត។
រូបជាឧទាហរណ៍។
ដើម្បីឈានដល់ការសន្និដ្ឋានខាងលើ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានវិភាគទិន្នន័យសុខភាពមនុស្សវ័យកណ្ដាលជិត១៤.០០០នាក់ ក្នុងអំឡុងពេលជាង២០ឆ្នាំ។ ក្នុងដំណាក់កាលដំបូង អ្នកចូលរួមមានអាយុជាមធ្យមគឺ៥១ឆ្នាំ ត្រូវបានវាយតម្លៃពីកម្រិតនៃការហូបប្រចាំថ្ងៃផ្លែឈើ១៤ប្រភេទ និងបន្លែមើម២៥ប្រភេទ។ ចំណែកក្នុងដំណាក់កាលបន្តអ្នកចូលរួមមានអាយុមធ្យមភាគ៧៣ឆ្នាំ អ្នកជំនាញការបានវាយតម្លៃសុខភាពផ្លូវចិត្តរបស់ពួកគាត់ ដោយមាត្រដ្ឋានជំងឺធ្លាក់ទឹកចិត្តនៃអ្នកមានវ័យចាស់។ មានមនុស្ស៣.១៨០នាក់ (ប្រហែល ២៣%) ត្រូវបានកត់សម្គាល់មានពី៥រោគសញ្ញាជំងឺធ្លាក់ទឹកចិត្តឡើងទៅ។
បន្ទាប់ពីលើកលែងកត្តាហានិភ័យជាទូទៅ (ដូចជាការជក់បារី ចលនារាងកាយ គុណភាពការគេង ជំងឺប្រចាំកាយ) ក្រុមអ្នកស្រាវជ្រាវបានរកឃើញបើប្រៀបធៀបនឹងមនុស្សដែលបរិភោគផ្លែឈើក្នុងមួយថ្ងៃម្តង អ្នកដែលបរិភោគផ្លែឈើក្នុងមួយថ្ងៃ៣ដងឡើង គឺកាត់បន្ថយហានិភ័យកើតឡើងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដែលទាក់ទងនឹងអាយុបាន២១%។ អាចកត់សម្គាល់បានថា រោគសញ្ញាទាំងនោះមិនត្រឹមតែជាជំងឺធ្លាក់ទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងមានស្ថានភាពចុះខ្សោយមុខងារយល់ដឹង គេងមិនលក់ ខ្វះការផ្ចង់អារម្មណ៍និងអស់កម្លាំងទៀតផង។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានសង្កេតឃើញបរិមាណខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាកដែលមាននៅក្នុងផ្លែឈើ រួមមានសារធាតុ flavonoid, carotenoid និងវីតាមីន C អាចមានមុខងារយ៉ាងសំខាន់ក្នុងការបង្ការហានិភ័យនៃការកើតឡើងជំងឺធ្លាក់ទឹកចិត្ត។ “ការសិក្សារបស់យើងខ្ញុំគូសបញ្ជាក់ពីចំណុចសំខាន់នៃការបរិភោគផ្លែឈើ ប្រៀបបាននឹងវិធានការម្យ៉ាងសម្រាប់បង្ការប្រឆាំងជំងឺធ្លាក់ទឹកចិត្តដែលទាក់ទងនឹងជរាភាព” សាស្រ្តាចារ្យ Woon-Puay Koh ប្រធានក្រុមស្រាវជ្រាវបានវាយតម្លៃដូច្នេះ៕
កាសែតកឹងធើ - ប្រែសម្រួល៖ ថាច់ធី