លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ ខេត្តតែងយកចិត្តទុកដាក់ដល់ការអភិរក្សវប្បធម៌ជនជាតិខ្មែរ ម្ល៉ោះហើយ រាល់គោលនយោបាយអភិរក្សត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។
លោកយ័ញភុក (កណ្តាល) ប្រគេនសៀវភៅពុម្ពដល់តំណាងវត្តពុទ្ធសាសនា
ទក្ខិណនិកាយខ្មែរ។ រូប៖ CTV.
ក្រៅពីការវិនិយោគអភិវឌ្ឍប្រព័ន្ធសាលាជនជាតិអន្តេវាសិកលើភូមិសាស្ត្រដែលមានជនរួមជាតិខ្មែររស់នៅកុះករ ខេត្តថែមទាំងឧបត្ថម្ភដល់វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ មានដូចជា ថវិកា សៀវភៅពុម្ពជាដើម ដើម្បីរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល។ លោកយ័ញភុក ឱ្យដឹង៖ “គណៈជនជាតិបានសហការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តគៀងយ៉ាង រៀបចំប្រគេនសៀវភៅសិក្សាគោលភាសាខ្មែរ ២.១៩០ក្បាលដល់វត្តទក្ខិណនិកាយខ្មែរលើភូមិសាស្ត្រខេត្ត។ មកទល់ពេលនេះ វត្តទក្ខិណនិកាយខ្មែរលើភូមិសាស្ត្រខេត្ត មានសៀវភៅសិក្សាគោលភាសាខ្មែរជាង ៦.០០០ ក្បាល សម្រាប់បម្រើដល់ការបង្រៀននិងរៀនអក្សរខ្មែរ។ ក្រៅពីនេះ រដូវវិស្សមកាលឆ្នាំ២០២៤ គណៈជនជាតិថែមទាំងសហការរៀបចំបើកថ្នាក់បង្រៀនរបាំប្រពៃណីនៅនឹងវត្តសិរីគង្គា (គ្រញូង) ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាងទៀតផង។ ថ្នាក់រៀននេះ មានសិស្សជនជាតិខ្មែរចូលរៀនច្រើនកុះករ។ ការរៀបចំសកម្មភាពវិស្សមកាល ដ៏មានអត្ថន័យដូចខាងលើ បានរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់យុវជនជនជាតិខ្មែរ ក្នុងការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរផងដែរ”។
ឈុតសម្តែងចម្រៀងរបាំនៃក្រុមសិល្បៈខ្មែរឃុំឌិញហ្វា ។ រូប៖ L.G
គៀងយ៉ាងជាខេត្តមួយក្នុងចំណោមខេត្ត ក្រុង នៅវាលរាបទន្លេគឺវឡុង បានផ្តល់សច្ចាប័ននិងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោង អភិរក្សវប្បធម៌ជនជាតិខ្មែរ។ ក្នុងនោះ លេចធ្លោគឺការអនុវត្ត “គម្រោងអភិរក្សនិងពង្រីកតម្លៃសិល្បៈ ប្រពៃណីជនជាតិខ្មែរលើភូមិសាស្ត្រខេត្តគៀងយ៉ាង ដំណាក់កាល២០២១-២០២៥”។ តាមប្រសាសន៍លោកយ័ញភុក វត្តអារាមលើភូមិសាស្ត្រខេត្តស្ទើរតែទាំងអស់ តែងបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល មានទូក-ងសម្រាប់ហាត់សមនិងអុំប្រណាំង និងមានក្លឹបប្រគំភ្លេងពិណពាទ្យ ក្លឹបសិល្បៈប្រពៃណី៘ មានក្លឹបជាច្រើនបានចូលរួមសម្តែងក្នុងថ្ងៃបុណ្យធំៗរបស់ជនជាតិខ្មែរ។ តួយ៉ាងដូចក្លឹបរបាំចម្រៀងខ្មែររបស់ឃុំឌិញហ្វា ស្រុកហ្គក្វាវ ដែលសិប្បករឆ្នើមយ័ញតៀងទទួលបន្ទុក។ នេះជាក្លឹបដែលមានសមាជិកច្រើនកុះករ រៀបចំហ្មត់ចត់ចាប់ពីក្រុមរបាំ ចម្រៀង រហូតដល់ក្រុមភ្លេងពិណពាទ្យ។ ប្រការគួរឱ្យរីករាយគឺសមាជិករបស់ក្លឹបសុទ្ធតែក្មេងៗ មានប្អូនៗកុមារា កុមារីជាច្រើនសម្តែងយ៉ាងស្ទាត់ ជំនាញរាល់ចង្វាក់រាំរបស់ជនជាតិ។ ដើម្បី “គម្រោងអភិរក្សនិងពង្រីកតម្លៃវប្បធម៌សិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្ត្រខេត្តគៀងយ៉ាង ដំណាក់កាល២០២១ - ២០២៥” កាន់តែមានប្រសិទ្ធភាព ខេត្តគៀងយ៉ាងបានបង្កើនការរៀបចំបើកថ្នាក់បង្រៀនសិល្បៈ និងពិធីបុណ្យប្រពៃណីផ្សេងៗ សំដៅទាក់ទាញជនរួមជាតិព្រួតដៃអភិរក្សនិងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរ៕
ហាថាញ- លីសៀ